9 លោកយេហ៊ូវឲ្យគេតាមរកព្រះបាទអហាស៊ីយ៉ា ហើយគេចាប់ស្ដេចបាននៅក្រុងសាម៉ារី ព្រោះស្ដេចពួននៅទីនោះ។ គេនាំស្ដេចទៅជួបលោកយេហ៊ូវ ហើយលោកក៏ធ្វើគុតស្ដេចទៅ។ បន្ទាប់មក គេធ្វើពិធីបញ្ចុះសពស្ដេច ដ្បិតគេគិតថា ស្ដេចត្រូវជារាជវង្សរបស់ព្រះបាទយ៉ូសាផាត ដែលស្វែងរកព្រះអម្ចាស់យ៉ាងអស់ពីចិត្ត។ នៅក្នុងរាជវង្សរបស់ព្រះបាទអហាស៊ីយ៉ា គ្មាននរណាម្នាក់មានសមត្ថភាពអាចនឹងឡើងគ្រងរាជ្យបានឡើយ។
10 កាលព្រះនាងអថាលា ជាមាតារបស់ព្រះបាទអហាស៊ីយ៉ា ជ្រាបថា ព្រះរាជបុត្រសោយទិវង្គតហើយ ព្រះនាងសម្រេចចិត្តប្រល័យពូជពង្សទាំងអស់របស់ស្ដេចស្រុកយូដា។
11 ពេលនោះ ម្ចាស់ក្សត្រីយ៍យ៉ូសេបាបានយកព្រះអង្គម្ចាស់យ៉ូអាស ជាបុត្រារបស់ព្រះបាទអហាស៊ីយ៉ា ពីក្នុងចំណោមបុត្រារបស់ស្ដេច ដែលត្រូវគេសម្លាប់នោះ ទៅលាក់ទុក។ ព្រះនាងបាននាំបុត្រនោះ ព្រមទាំងមេដោះទៅលាក់នៅបន្ទប់ដេកមួយ ក្នុងព្រះវិហារនៅជាមួយផង។ ម្ចាស់ក្សត្រីយ៍យ៉ូសេបា ជាបុត្រីរបស់ព្រះបាទយ៉ូរ៉ាម និងជាអនុជរបស់ព្រះបាទអហាស៊ីយ៉ា ហើយត្រូវជាភរិយារបស់លោកបូជាចារ្យយេហូយ៉ាដា បានលាក់រាជកុមារនោះ មិនឲ្យព្រះនាងអថាលាឃើញ ដូច្នេះ រាជកុមារក៏បានរួចពីស្លាប់។
12 ក្នុងពេលដែលព្រះនាងអថាលាគ្រងរាជ្យលើស្រុក រាជកុមារលាក់ខ្លួនជាមួយគេ ក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់ អស់រយៈពេលប្រាំមួយឆ្នាំ។