15 គេចាប់ព្រះនាងនាំទៅវាំងវិញ។ កាលមកដល់មាត់ខ្លោងទ្វារសេះ គេក៏ប្រហារជីវិតព្រះនាងនៅទីនោះ។
16 លោកយេហូយ៉ាដាចងសម្ពន្ធមេត្រីរវាងខ្លួនផ្ទាល់ ប្រជាជនទាំងមូល និងព្រះមហាក្សត្រ ដើម្បីធ្វើជាប្រជារាស្ត្ររបស់ព្រះអម្ចាស់។
17 ប្រជាជនទាំងមូលនាំគ្នាចូលទៅបំផ្លាញវិហាររបស់ព្រះបាល ហើយវាយកម្ទេចអាសនៈ និងរូបសំណាក ព្រមទាំងសម្លាប់លោកម៉ាត់ថាន ជាបូជាចារ្យរបស់ព្រះបាល នៅមុខអាសនៈទៀតផង។
18 លោកយេហូយ៉ាដាចាត់ចែងឲ្យក្រុមបូជាចារ្យលេវី ទទួលខុសត្រូវលើព្រះដំណាក់របស់ព្រះអម្ចាស់ គឺអ្នកដែលព្រះបាទដាវីឌបានចែកជាក្រុមឲ្យបំពេញមុខងារក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ ដើម្បីថ្វាយតង្វាយដុតទាំងមូលដល់ព្រះអម្ចាស់ ដូចមានចែងទុកក្នុងក្រឹត្យវិន័យរបស់លោកម៉ូសេ។ ព្រះបាទដាវីឌក៏បានបង្គាប់ឲ្យគេច្រៀងចម្រៀងយ៉ាងសប្បាយ ក្នុងឱកាសនោះដែរ។
19 លោកយេហូយ៉ាដាបានដាក់អ្នកយាមទ្វារ នៅតាមខ្លោងទ្វារព្រះដំណាក់របស់ព្រះអម្ចាស់ ដើម្បីកុំឲ្យអ្នកដែលមិនបរិសុទ្ធដោយប្រការណាមួយក្ដី អាចចូលបានឡើយ។
20 បន្ទាប់មក លោកនាំពួកមេបញ្ជាការ ពួកអភិជន ពួកអ្នកមុខអ្នកការក្នុងចំណោមប្រជាជន និងប្រជាជនទាំងមូលនៅក្នុងស្រុក មកដង្ហែព្រះមហាក្សត្រពីព្រះដំណាក់របស់ព្រះអម្ចាស់ ចូលវាំង តាមខ្លោងទ្វារប៉ែកខាងលើ រួចយាងព្រះរាជាឡើងគង់លើបល្ល័ង្ករាជ្យ។
21 ប្រជាជនទាំងមូលនៅក្នុងស្រុកនាំគ្នាអបអរសាទរ ហើយទីក្រុងក៏បានសុខសាន្ត។ គេបានប្រហារជីវិតព្រះនាងអថាលា ដោយមុខដាវ។