7 ក្រុមលេវីត្រូវប្រដាប់អាវុធនៅការពារជុំវិញព្រះមហាក្សត្រ។ នរណាម្នាក់ហ៊ានចូលមកជិតព្រះដំណាក់ ត្រូវសម្លាប់គេចោល។ ចូរនៅជាប់ជាមួយព្រះមហាក្សត្រជានិច្ច ទោះបីស្ដេចយាងចេញ ឬចូលក៏ដោយ»។
8 ក្រុមលេវី និងប្រជាជនយូដាទាំងមូល នាំគ្នាធ្វើតាមបញ្ជាទាំងប៉ុន្មានរបស់លោកបូជាចារ្យយេហូយ៉ាដា ម្នាក់ៗនាំកូនទាហានរបស់ខ្លួន ទាំងអ្នកត្រូវវេនយាមនៅថ្ងៃសប្ប័ទ ទាំងអ្នកមិនត្រូវវេនយាម ដ្បិតលោកបូជាចារ្យយេហូយ៉ាដាមិនឲ្យក្រុមណាមួយនៅទំនេរឡើយ។
9 លោកបូជាចារ្យយេហូយ៉ាដាចែកលំពែង ព្រមទាំងខែលរបស់ព្រះបាទដាវីឌ ដែលតម្កល់ទុកក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់ ជូនមេបញ្ជាការទាំងនោះ។
10 លោកដាក់ពលទាហានទាំងអស់ ដែលប្រដាប់អាវុធគ្រប់ៗដៃ ឲ្យឈរយាមចាប់ពីប៉ែកខាងស្ដាំ រហូតដល់ប៉ែកខាងឆ្វេងព្រះដំណាក់ ព្រមទាំងនៅជិតអាសនៈ និងនៅក្បែរព្រះដំណាក់ ដើម្បីការពារព្រះមហាក្សត្រ។
11 គេយាងបុត្ររបស់ស្ដេចចេញមក ហើយយកមកុដរាជ្យមកបំពាក់ ព្រមទាំងថ្វាយឯកសារនៃសម្ពន្ធមេត្រីផង លោកយេហូយ៉ាដា និងកូនៗរបស់លោក ចាក់ប្រេងអភិសេករាជកុមារ តែងតាំងជាស្ដេច ទាំងស្រែកថា៖ «ជយោ ព្រះមហាក្សត្រ!»។
12 កាលព្រះនាងអថាលាឮសម្រែកប្រជាជនដែលរត់ទៅមក ស្រែកអបអរសាទរព្រះមហាក្សត្រ ព្រះនាងយាងទៅមើលពួកគេ នៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់។
13 ព្រះនាងទតឃើញព្រះមហាក្សត្រថ្មីឈរនៅលើវេទិកា ត្រង់មាត់ទ្វារ ដោយមានមេទ័ព និងអ្នកផ្លុំត្រែឈរអមផង។ ប្រជាជនទាំងមូលនៅក្នុងស្រុកនាំគ្នាអបអរសាទរ គេផ្លុំត្រែ ហើយអ្នកចម្រៀងនាំប្រជាជនច្រៀងសរសើរតម្កើង ទាំងប្រគំតូរ្យតន្ត្រីផង។ ព្រះនាងអថាលាហែកព្រះភូសា ស្រែកថា៖ «នេះជាអំពើក្បត់! នេះជាអំពើក្បត់!»។