1 ព្រះបាទយ៉ូអាសឡើងសោយរាជ្យ ក្នុងជន្មាយុប្រាំពីរព្រះវស្សា ទ្រង់សោយរាជ្យបានសែសិបឆ្នាំ នៅក្រុងយេរូសាឡឹម។ មាតារបស់ស្ដេចមាននាមថា ស៊ីបយ៉ា ជាអ្នកស្រុកបៀរសេបា។
2 ព្រះបាទយ៉ូអាសប្រព្រឹត្តអំពើសុចរិត ជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់ អស់មួយជីវិតរបស់លោកបូជាចារ្យយេហូយ៉ាដា។
3 លោកយេហូយ៉ាដារកបានមហេសីពីរអង្គមកថ្វាយព្រះបាទយ៉ូអាស ហើយស្ដេចបង្កើតបានបុត្រាបុត្រីជាច្រើន។
4 ក្រោយមក ព្រះបាទយ៉ូអាសមានបំណងជួសជុលព្រះដំណាក់របស់ព្រះអម្ចាស់។
5 ស្ដេចកោះហៅក្រុមបូជាចារ្យ និងក្រុមលេវី ឲ្យមកជួបជុំគ្នា ហើយមានរាជឱង្ការថា៖ «សូមអស់លោកអញ្ជើញទៅតាមក្រុងនានាក្នុងស្រុកយូដា ហើយរៀងរាល់ឆ្នាំ ត្រូវប្រមូលប្រាក់ក្នុងស្រុកអ៊ីស្រាអែលទាំងមូល ដើម្បីជួសជុលព្រះដំណាក់នៃព្រះរបស់អស់លោក។ សូមសម្រេចការនេះឲ្យបានឆាប់ៗផង»។ ប៉ុន្តែ ក្រុមលេវីពុំបានធ្វើការនេះឲ្យបានរួសរាន់ទេ។
6 ព្រះរាជាក៏ត្រាស់ហៅលោកមហាបូជាចារ្យយេហូយ៉ាដាមក ហើយមានរាជឱង្ការថា៖ «ហេតុអ្វីបានជាលោកមិនទាមទារឲ្យក្រុមលេវីប្រមូលប្រាក់ ដែលប្រជាជននៅស្រុកយូដា និងក្រុងយេរូសាឡឹម ត្រូវយកមកបង់ ដូចលោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះអម្ចាស់ បានបង្គាប់ឲ្យសហគមន៍អ៊ីស្រាអែលយកមកថ្វាយសម្រាប់ពន្លានៃសន្ធិសញ្ញា?
7 ម្ចាស់ក្សត្រីយ៍អថាលាដ៏អប្រិយ និងបរិវាររបស់គាត់ បានបំផ្លាញព្រះដំណាក់របស់ព្រះជាម្ចាស់ ហើយយកវត្ថុសក្ការៈទាំងប៉ុន្មាននៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ទៅប្រើប្រាស់សម្រាប់ព្រះបាល»។