២ របាក្សត្រ 24:17-23 KHSV

17 ក្រោយ​ពេល​លោក​យេហូ‌យ៉ាដា​ទទួល​មរណ‌ភាព​ផុត​ទៅ ពួក​មេ​ដឹក​នាំ​របស់​ជន‌ជាតិ​យូដា​នាំ​គ្នា​មក​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌រាជា ហើយ​ព្រះ‌រាជា​ទ្រង់​ព្រះ‌សណ្ដាប់​ពួក​គេ។

18 ពួក​គេ​បោះ​បង់​ចោល​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​បុព្វបុរស​របស់​ខ្លួន ហើយ​គោរព​បម្រើ​ព្រះ‌អាសេ‌រ៉ា និង​ព្រះ​ក្លែង‌ក្លាយ​ឯ​ទៀតៗ។ កំហុស​នេះ​បណ្ដាល​ឲ្យ​ព្រះ‌អម្ចាស់ ទ្រង់​ព្រះ‌ពិរោធ​ទាស់​នឹង​អ្នក​ស្រុក​យូដា ព្រម​ទាំង​អ្នក​ក្រុង​យេរូ‌សាឡឹម។

19 ព្រះ‌អម្ចាស់​បាន​ចាត់​ពួក​ព្យាកា‌រី​ទៅ​ក្នុង​ចំណោម​ពួក​គេ ដើម្បី​ណែ‌នាំ​ពួក​គេ ឲ្យ​វិល​មក​រក​ព្រះ‌អង្គ​វិញ។ ព្យាកា‌រី​ប្រៀន‌ប្រដៅ​ពួក​គេ តែ​ពួក​គេ​មិន​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ឡើយ។

20 ព្រះ‌វិញ្ញាណ​របស់​ព្រះ‌ជាម្ចាស់​យាង​មក​សណ្ឋិត​លើ​លោក​សាកា‌រី ដែល​ត្រូវ​ជា​កូន​របស់​លោក​បូជា‌ចារ្យ​យេហូ‌យ៉ាដា។ លោក​ប្រឈម​មុខ​ទល់​នឹង​ប្រជា‌ជន ហើយ​ប្រកាស​ថា៖ «ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​បំពាន​លើ​បទ‌បញ្ជា​របស់​ព្រះ‌អម្ចាស់? ដោយ​អ្នក​រាល់​គ្នា​បោះ​បង់​ចោល​ព្រះ‌អម្ចាស់ ព្រះ‌អង្គ​ក៏​នឹង​បោះ​បង់​ចោល​អ្នក​រាល់​គ្នា។ ដូច្នេះ អ្នក​រាល់​គ្នា​ធ្វើ​អ្វី ក៏​មិន​បាន​សម្រេច​ដែរ»។

21 ប្រជា‌ជន​ឃុប​ឃិត​គ្នា​ប្រឆាំង​នឹង​លោក​សាកា‌រី ហើយ​គេ​យក​ដុំ​ថ្ម​គប់​សម្លាប់​លោក នៅ​ក្នុង​ទីធ្លា​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ តាម​បញ្ជា​របស់​ស្ដេច។

22 ព្រះ‌បាទ​យ៉ូអាស​ពុំ​នឹក​ឃើញ​សេចក្ដី​សប្បុរស​ដែល​លោក​យេហូ‌យ៉ាដា ជា​ឪពុក​របស់​លោក​សាកា‌រី បាន​សម្តែង​ចំពោះ​ស្ដេច​ទេ គឺ​ស្ដេច​ប្រហារ​ជីវិត​កូន​របស់​លោក។ នៅ​ពេល​ស្លាប់ លោក​សាកា‌រី​ពោល​ថា៖ «សូម​ព្រះ‌អម្ចាស់​ទត​មើល ហើយ​រក​យុត្តិធម៌​ចុះ!»។

23 មួយ​ឆ្នាំ​កន្លង​មក​ទៀត កង‌ទ័ព​ស៊ីរី​បាន​ឡើង​មក​វាយ​ព្រះ‌បាទ​យ៉ូអាស។ ពួក​គេ​មក​ដល់​ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡឹម។ ពួក​គេ​កាប់​សម្លាប់​មេ​ដឹក​នាំ​ទាំង​ប៉ុន្មាន​របស់​ប្រជា‌ជន ហើយ​បញ្ជូន​ជយ‌ភ័ណ្ឌ​ទាំង​អស់​ទៅ​ថ្វាយ​ស្ដេច​នៅ​ក្រុង​ដាម៉ាស។