18 ពួកគេបោះបង់ចោលព្រះដំណាក់របស់ព្រះអម្ចាស់ ជាព្រះនៃបុព្វបុរសរបស់ខ្លួន ហើយគោរពបម្រើព្រះអាសេរ៉ា និងព្រះក្លែងក្លាយឯទៀតៗ។ កំហុសនេះបណ្ដាលឲ្យព្រះអម្ចាស់ ទ្រង់ព្រះពិរោធទាស់នឹងអ្នកស្រុកយូដា ព្រមទាំងអ្នកក្រុងយេរូសាឡឹម។
19 ព្រះអម្ចាស់បានចាត់ពួកព្យាការីទៅក្នុងចំណោមពួកគេ ដើម្បីណែនាំពួកគេ ឲ្យវិលមករកព្រះអង្គវិញ។ ព្យាការីប្រៀនប្រដៅពួកគេ តែពួកគេមិនយកចិត្តទុកដាក់ស្ដាប់ឡើយ។
20 ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់យាងមកសណ្ឋិតលើលោកសាការី ដែលត្រូវជាកូនរបស់លោកបូជាចារ្យយេហូយ៉ាដា។ លោកប្រឈមមុខទល់នឹងប្រជាជន ហើយប្រកាសថា៖ «ព្រះជាម្ចាស់មានព្រះបន្ទូលដូចតទៅ: ហេតុអ្វីបានជាអ្នករាល់គ្នាបំពានលើបទបញ្ជារបស់ព្រះអម្ចាស់? ដោយអ្នករាល់គ្នាបោះបង់ចោលព្រះអម្ចាស់ ព្រះអង្គក៏នឹងបោះបង់ចោលអ្នករាល់គ្នា។ ដូច្នេះ អ្នករាល់គ្នាធ្វើអ្វី ក៏មិនបានសម្រេចដែរ»។
21 ប្រជាជនឃុបឃិតគ្នាប្រឆាំងនឹងលោកសាការី ហើយគេយកដុំថ្មគប់សម្លាប់លោក នៅក្នុងទីធ្លាព្រះដំណាក់របស់ព្រះអម្ចាស់ តាមបញ្ជារបស់ស្ដេច។
22 ព្រះបាទយ៉ូអាសពុំនឹកឃើញសេចក្ដីសប្បុរសដែលលោកយេហូយ៉ាដា ជាឪពុករបស់លោកសាការី បានសម្តែងចំពោះស្ដេចទេ គឺស្ដេចប្រហារជីវិតកូនរបស់លោក។ នៅពេលស្លាប់ លោកសាការីពោលថា៖ «សូមព្រះអម្ចាស់ទតមើល ហើយរកយុត្តិធម៌ចុះ!»។
23 មួយឆ្នាំកន្លងមកទៀត កងទ័ពស៊ីរីបានឡើងមកវាយព្រះបាទយ៉ូអាស។ ពួកគេមកដល់ស្រុកយូដា និងក្រុងយេរូសាឡឹម។ ពួកគេកាប់សម្លាប់មេដឹកនាំទាំងប៉ុន្មានរបស់ប្រជាជន ហើយបញ្ជូនជយភ័ណ្ឌទាំងអស់ទៅថ្វាយស្ដេចនៅក្រុងដាម៉ាស។
24 កងទ័ពស៊ីរីមានចំនួនតែបន្តិចប៉ុណ្ណោះ តែព្រះអម្ចាស់បានប្រគល់កងទ័ពយូដាដែលមានគ្នាច្រើន ទៅក្នុងកណ្ដាប់ដៃរបស់ពួកគេ ព្រោះជនជាតិយូដាបោះបង់ចោលព្រះអម្ចាស់ ជាព្រះនៃបុព្វបុរសរបស់ខ្លួន។ ដូច្នេះ ព្រះជាម្ចាស់បានប្រើជនជាតិស៊ីរី សម្រាប់ដាក់ទោសព្រះបាទយ៉ូអាស។