២ របាក្សត្រ 24:6-12 KHSV

6 ព្រះ‌រាជា​ក៏​ត្រាស់​ហៅ​លោក​មហា​បូជា‌ចារ្យ​យេហូ‌យ៉ាដា​មក ហើយ​មាន​រាជ‌ឱង្ការ​ថា៖ «ហេតុ​អ្វី​បាន​ជា​លោក​មិន​ទាម‌ទារ​ឲ្យ​ក្រុម​លេវី​ប្រមូល​ប្រាក់ ដែល​ប្រជា‌ជន​នៅ​ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡឹម ត្រូវ​យក​មក​បង់ ដូច​លោក​ម៉ូសេ ជា​អ្នក​បម្រើ​របស់ព្រះ‌អម្ចាស់ បាន​បង្គាប់​ឲ្យ​សហគមន៍​អ៊ីស្រា‌អែល​យក​មក​ថ្វាយ​សម្រាប់​ពន្លា​នៃ​សន្ធិ‌សញ្ញា?

7 ម្ចាស់​ក្សត្រីយ៍​អថា‌លា​ដ៏​អប្រិយ និង​បរិវារ​របស់​គាត់ បាន​បំផ្លាញ​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់ ហើយ​យក​វត្ថុ​សក្ការៈ​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់​ទៅ​ប្រើ‌ប្រាស់​សម្រាប់​ព្រះ​បាល»។

8 ពេល​នោះ ព្រះ‌រាជា​ឲ្យ​គេ​ធ្វើ​ហិប​មួយ យក​ទៅ​ដាក់​នៅ​ខាង​មុខ​មាត់​ទ្វារ​ចូល​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។

9 គេ​ចេញ​ប្រកាស​នៅ​ស្រុក​យូដា និង​នៅ​ក្រុង​យេរូ‌សាឡឹម ឲ្យ​ប្រជា‌ជន​យក​ពន្ធដារ​មក​ថ្វាយ​ព្រះ‌អម្ចាស់ ដូច​លោក​ម៉ូសេ ជា​អ្នក​បម្រើ​របស់​ព្រះ‌អម្ចាស់ បាន​បង្គាប់​ដល់​ជន‌ជាតិ​អ៊ីស្រា‌អែល​នៅ​វាល​រហោ‌ស្ថាន។

10 មេ​ដឹក​នាំ​ទាំង​អស់ និង​ប្រជា‌ជន​ទាំង​មូល នាំ​គ្នា​យក​ប្រាក់​មក​ថ្វាយ ដោយ​ចិត្ត​សប្បាយ។ គេ​ដាក់​ប្រាក់​នៅ​ក្នុង​ហិប​រហូត​ដល់​ពេញ។

11 លុះ​ដល់​ពេល​ដែល​ត្រូវ​នាំ​ហិប ទៅ​ឲ្យ​ក្រុម​លេវី​ត្រួត​ពិនិត្យ​មើល​ក្នុង​នាម​ព្រះ‌រាជា គឺ​នៅ​ពេល​ដែល​គេ​ឃើញ​មាន​ប្រាក់​ច្រើន​នៅ​ក្នុង​ហិប​ហើយ លោក​ស្មៀន​ហ្លួង និង​លោក​អធិ‌ការ​អម​មហា‌បូជា‌ចារ្យ ក៏​មក​យក​ប្រាក់​ចេញ​ពី​ហិប នាំ​យក​ទៅ ដោយ​ទុក​ហិប​នៅ​កន្លែង​ដើម​វិញ។ គេ​ធ្វើ​បែប​នេះ ជា​រៀង​រាល់​ថ្ងៃ ហើយ​ទទួល​បាន​ប្រាក់​យ៉ាង​ច្រើន។

12 ព្រះ‌រាជា និង​លោក​យេហូ‌យ៉ាដា​ប្រគល់​ប្រាក់​នោះ​ទៅ​ឲ្យ​ពួក​មេ​ជាង ដែល​ទទួល​បន្ទុក​លើ​ការ‌ងារ​ជួស‌ជុល​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។ ពួក​មេ​ជាង​បាន​ជួល​កម្មករ​មក​ជួស‌ជុល​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់​ឡើង​វិញ គឺ​មាន​ជាង​ដាប់​ថ្ម និង​ជាង​ឈើ ព្រម​ទាំង​ជួល​ជាង​ដែក និង​ជាង​លង្ហិន​សម្រាប់​ជួស‌ជុល​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់​ដែរ។