9 គេចេញប្រកាសនៅស្រុកយូដា និងនៅក្រុងយេរូសាឡឹម ឲ្យប្រជាជនយកពន្ធដារមកថ្វាយព្រះអម្ចាស់ ដូចលោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះអម្ចាស់ បានបង្គាប់ដល់ជនជាតិអ៊ីស្រាអែលនៅវាលរហោស្ថាន។
10 មេដឹកនាំទាំងអស់ និងប្រជាជនទាំងមូល នាំគ្នាយកប្រាក់មកថ្វាយ ដោយចិត្តសប្បាយ។ គេដាក់ប្រាក់នៅក្នុងហិបរហូតដល់ពេញ។
11 លុះដល់ពេលដែលត្រូវនាំហិប ទៅឲ្យក្រុមលេវីត្រួតពិនិត្យមើលក្នុងនាមព្រះរាជា គឺនៅពេលដែលគេឃើញមានប្រាក់ច្រើននៅក្នុងហិបហើយ លោកស្មៀនហ្លួង និងលោកអធិការអមមហាបូជាចារ្យ ក៏មកយកប្រាក់ចេញពីហិប នាំយកទៅ ដោយទុកហិបនៅកន្លែងដើមវិញ។ គេធ្វើបែបនេះ ជារៀងរាល់ថ្ងៃ ហើយទទួលបានប្រាក់យ៉ាងច្រើន។
12 ព្រះរាជា និងលោកយេហូយ៉ាដាប្រគល់ប្រាក់នោះទៅឲ្យពួកមេជាង ដែលទទួលបន្ទុកលើការងារជួសជុលព្រះដំណាក់របស់ព្រះអម្ចាស់។ ពួកមេជាងបានជួលកម្មករមកជួសជុលព្រះដំណាក់របស់ព្រះអម្ចាស់ឡើងវិញ គឺមានជាងដាប់ថ្ម និងជាងឈើ ព្រមទាំងជួលជាងដែក និងជាងលង្ហិនសម្រាប់ជួសជុលព្រះដំណាក់របស់ព្រះអម្ចាស់ដែរ។
13 មេជាងទាំងនោះនាំគ្នាបំពេញកិច្ចការ ដោយដឹកនាំការជួលជុលទាំងអស់ ធ្វើឲ្យព្រះដំណាក់របស់ព្រះជាម្ចាស់បានល្អ និងមាំ ដូចដើមឡើងវិញ។
14 ក្រោយជួសជុលព្រះដំណាក់ចប់សព្វគ្រប់ហើយ ពួកគេយកប្រាក់ដែលនៅសល់មកថ្វាយព្រះរាជា និងប្រគល់ជូនលោកយេហូយ៉ាដា។ គេក៏យកប្រាក់នោះទៅធ្វើប្រដាប់ប្រដាសម្រាប់ប្រើប្រាស់ក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ គឺមានគ្រឿងបរិក្ខារសម្រាប់ពិធីផ្សេងៗ គ្រឿងបរិក្ខារសម្រាប់តង្វាយដុតទាំងមូល ពែង ព្រមទាំងរបស់ឯទៀតៗធ្វើពីមាស និងប្រាក់។ ក្នុងមួយជីវិតរបស់លោកយេហូយ៉ាដា គេតែងតែថ្វាយតង្វាយដុតទាំងមូលជាអចិន្ត្រៃយ៍ នៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់។
15 លោកយេហូយ៉ាដាមានវ័យកាន់តែចាស់ជរា និងមានអាយុវែង រួចលោកទទួលមរណភាពក្នុងជន្មាយុមួយរយសាមសិបឆ្នាំ។