13 រីឯទាហានអ៊ីស្រាអែលដែលព្រះបាទអម៉ាស៊ីយ៉ាបណ្ដេញឲ្យវិលទៅផ្ទះវិញ ដើម្បីកុំឲ្យទៅច្បាំងជាមួយនោះ បាននាំគ្នារាតត្បាតក្រុងនានាក្នុងស្រុកយូដា ដែលនៅចន្លោះក្រុងសាម៉ារី និងក្រុងបេតហូរ៉ូន ហើយសម្លាប់ប្រជាជនអស់បីពាន់នាក់ ព្រមទាំងរឹបអូសយកជយភ័ណ្ឌជាច្រើនទៀតផង។
14 ក្រោយពេលវាយឈ្នះជនជាតិអេដុមហើយ ព្រះបាទអម៉ាស៊ីយ៉ាវិលត្រឡប់មកវិញ ទាំងនាំយកព្រះរបស់ជនជាតិអេដុមមកជាមួយ។ ស្ដេចយកព្រះទាំងនោះធ្វើជាព្រះរបស់ខ្លួន ដោយក្រាបថ្វាយបង្គំ និងដុតគ្រឿងក្រអូបថ្វាយព្រះទាំងនោះទៀតផង។
15 ពេលនោះ ព្រះអម្ចាស់ទ្រង់ព្រះពិរោធនឹងព្រះបាទអម៉ាស៊ីយ៉ាយ៉ាងខ្លាំង ព្រះអង្គចាត់ព្យាការីឲ្យទៅគាល់ស្ដេច ទូលថា៖ «ព្រះទាំងនេះមិនបានរំដោះប្រជាជនរបស់ខ្លួនឲ្យរួចពីកណ្ដាប់ដៃរបស់ព្រះករុណាទេ ចុះហេតុដូចម្ដេចបានជាព្រះករុណាបែរទៅគោរពព្រះរបស់សាសន៍នោះដូច្នេះ!»។
16 លោកមានប្រសាសន៍មិនទាន់ផុតផង ព្រះបាទអម៉ាស៊ីយ៉ាមានរាជឱង្ការទៅលោកថា៖ «តើយើងបានតែងតាំងអ្នកឲ្យធ្វើជាទីប្រឹក្សារបស់ស្ដេចពីអង្កាល់? ប្រសិនបើអ្នកមិនចង់ឲ្យគេវាយអ្នកទេនោះ ចូរនៅស្ងៀមទៅ!»។ ប៉ុន្តែ មុននឹងបញ្ចប់ព្យាការីថ្លែងថា៖ «ទូលបង្គំដឹងហើយថា ព្រះជាម្ចាស់បានសម្រេចនឹងបំផ្លាញព្រះករុណា ដ្បិតព្រះករុណាប្រព្រឹត្តបែបនេះ ហើយព្រះករុណាក៏បដិសេធមិនព្រមស្ដាប់យោបល់របស់ទូលបង្គំដែរ»។
17 ក្រោយពីបានសួរយោបល់ទីប្រឹក្សាឯទៀតៗរួចហើយ ព្រះបាទអម៉ាស៊ីយ៉ា ជាស្ដេចស្រុកយូដា ចាត់គេឲ្យទៅទូលព្រះបាទយ៉ូអាស ជាបុត្ររបស់ព្រះបាទយ៉ូអាហាស និងជាចៅរបស់ព្រះបាទយេហ៊ូវថា៖ «ចូរចេញមក យើងប្រយុទ្ធតទល់គ្នា!»។
18 ព្រះបាទយ៉ូអាស ជាស្ដេចស្រុកអ៊ីស្រាអែល ចាត់មនុស្សឲ្យមកទូលព្រះបាទអម៉ាស៊ីយ៉ា ជាស្ដេចស្រុកយូដាវិញថា៖ «គ្រាមួយនោះគុម្ពបន្លាដែលដុះនៅភ្នំលីបង់ចាត់គេឲ្យទៅប្រាប់ដើមតាត្រៅនៅភ្នំលីបង់ថា “ចូរលើកកូនស្រីរបស់អ្នកឲ្យមកធ្វើជាប្រពន្ធរបស់កូនប្រុសយើង”។ ប៉ុន្តែ មានសត្វព្រៃដើរកាត់តាមនោះ ហើយជាន់គុម្ពបន្លាខ្ទេចខ្ទីអស់។
19 ព្រះករុណាអួតខ្លួនថាវាយឈ្នះជនជាតិអេដុម ដូច្នេះ ព្រះរាជាកំពុងតែមានមោទនភាព ហើយលើកតម្កើងខ្លួនឯង។ ឥឡូវនេះ សូមគង់ក្នុងព្រះដំណាក់ទៅ! ហេតុអ្វីបានជាព្រះករុណាចង់ធ្វើសង្គ្រាម ដែលបង្កឲ្យវេទនាដូច្នេះ? ព្រះករុណា និងប្រជាជនយូដា មុខជាបរាជ័យមិនខាន!»។