២ របាក្សត្រ 26:10-16 KHSV

10 ស្ដេច​បាន​សង់​ប៉ម​ចាំ​យាម​នៅ​តាម​វាល​រហោ‌ស្ថាន និង​ជីក​ស្រះ​ជា​ច្រើន ដ្បិត​ស្ដេច​មាន​ហ្វូង​សត្វ​ដ៏​សន្ធឹក​សន្ធាប់​នៅ​តំបន់​ខ្ពង់​រាប និង​តំបន់​វាល​ទំនាប ហើយ​ស្ដេច​ក៏​មាន​កសិករ​ដែល​ធ្វើ​ស្រែ និង​ដាំ​ទំពាំង‌បាយជូរ​ថ្វាយ នៅ​តាម​តំបន់​ភ្នំ និង​នៅ​ភ្នំ​កើមែល​ដែរ ព្រោះ​ស្ដេច​សព្វ​ព្រះ‌ហឫទ័យ​ខាង​វិស័យ​កសិកម្ម។

11 ព្រះ‌បាទ​អូសៀស​មាន​កង‌ទ័ព ដែល​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​ធ្វើ​សឹក​សង្គ្រាម។ កង‌ទ័ព​នេះ​ចែក​ជា​កង‌ពល​ផ្សេងៗ ដូច​លោក​យីអែល ជា​ស្មៀន​ហ្លួង និង​លោក​ម៉ាសេ‌យ៉ា ជា​មន្ត្រី​រដ្ឋ‌បាល បាន​ជំរឿន ហើយ​ដឹក​នាំ​ដោយ​លោក​ហាណា‌នា ជា​មេ‌ទ័ព​របស់​ស្ដេច។

12 ទាហាន​ដ៏​អង់‌អាច​ទាំង​នោះ​ស្ថិត​នៅ​ក្រោម​បញ្ជា​មេ​ក្រុម​គ្រួសារ ២​៦០០​រូប

13 និង​មាន​ចំនួន​ទាំង​អស់ ៣០៧ ៥០០ នាក់ ដែល​សុទ្ធ​តែ​ជា​ទាហាន​ដ៏​ខ្លាំង​ពូកែ មាន​ចិត្ត​អង់‌អាច ហើយ​ត្រៀម​ខ្លួន​ជា​ស្រេច ដើម្បី​ប្រយុទ្ធ​ទល់​នឹង​ខ្មាំង​សត្រូវ​របស់​ព្រះ‌រាជា។

14 ព្រះ‌បាទ​អូសៀស​បាន​ប្រគល់​ខែល លំពែង មួក​ដែក អាវ‌ក្រោះ ធ្នូ ព្រម​ទាំង​ដង្ហក់​សម្រាប់​បាញ់​គ្រួស ឲ្យ​ទាហាន​គ្រប់ៗ​រូប។

15 នៅ​ក្រុង​យេរូ‌សាឡឹម ស្ដេច​ឲ្យ​ជាង​ដ៏​ជំនាញ​ផលិត​គ្រឿង​សស្ត្រា‌វុធ ដាក់​នៅ​តាម​ប៉ម និង​តាម​មុម​កំពែង​ក្រុង ដើម្បី​បាញ់​ព្រួញ និង​ចោល​ដុំ​ថ្ម។ កិត្តិនាម​របស់​ស្ដេច​បាន​ល្បី​ខ្ចរ‌ខ្ចាយ​រហូត​ដល់​ស្រុក​ឆ្ងាយៗ ដ្បិត​ព្រះ‌ជាម្ចាស់​បាន​ជួយ​ស្ដេច​យ៉ាង​ច្រើន​បំផុត ធ្វើ​ឲ្យ​ស្ដេច​ពង្រឹង​អំណាច​កាន់​តែ​ខ្លាំង​ឡើងៗ។

16 ប៉ុន្តែ ពេល​បាន​អំណាច​រឹង‌ប៉ឹង​ហើយ ស្ដេច​ក៏​មាន​អំនួត រហូត​ដល់​បណ្ដាល​ឲ្យ​ស្ដេច​ត្រូវ​វិនាស។ ស្ដេច​ក្បត់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ខ្លួន គឺ​ស្ដេច​បាន​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌អម្ចាស់ ហើយ​ដុត​គ្រឿង​ក្រអូប​នៅ​លើ​អាសនៈ​ថ្វាយ​គ្រឿង​ក្រអូប។