12 ទាហានដ៏អង់អាចទាំងនោះស្ថិតនៅក្រោមបញ្ជាមេក្រុមគ្រួសារ ២៦០០រូប
13 និងមានចំនួនទាំងអស់ ៣០៧ ៥០០ នាក់ ដែលសុទ្ធតែជាទាហានដ៏ខ្លាំងពូកែ មានចិត្តអង់អាច ហើយត្រៀមខ្លួនជាស្រេច ដើម្បីប្រយុទ្ធទល់នឹងខ្មាំងសត្រូវរបស់ព្រះរាជា។
14 ព្រះបាទអូសៀសបានប្រគល់ខែល លំពែង មួកដែក អាវក្រោះ ធ្នូ ព្រមទាំងដង្ហក់សម្រាប់បាញ់គ្រួស ឲ្យទាហានគ្រប់ៗរូប។
15 នៅក្រុងយេរូសាឡឹម ស្ដេចឲ្យជាងដ៏ជំនាញផលិតគ្រឿងសស្ត្រាវុធ ដាក់នៅតាមប៉ម និងតាមមុមកំពែងក្រុង ដើម្បីបាញ់ព្រួញ និងចោលដុំថ្ម។ កិត្តិនាមរបស់ស្ដេចបានល្បីខ្ចរខ្ចាយរហូតដល់ស្រុកឆ្ងាយៗ ដ្បិតព្រះជាម្ចាស់បានជួយស្ដេចយ៉ាងច្រើនបំផុត ធ្វើឲ្យស្ដេចពង្រឹងអំណាចកាន់តែខ្លាំងឡើងៗ។
16 ប៉ុន្តែ ពេលបានអំណាចរឹងប៉ឹងហើយ ស្ដេចក៏មានអំនួត រហូតដល់បណ្ដាលឲ្យស្ដេចត្រូវវិនាស។ ស្ដេចក្បត់ព្រះអម្ចាស់ ជាព្រះរបស់ខ្លួន គឺស្ដេចបានចូលទៅក្នុងព្រះវិហាររបស់ព្រះអម្ចាស់ ហើយដុតគ្រឿងក្រអូបនៅលើអាសនៈថ្វាយគ្រឿងក្រអូប។
17 លោកបូជាចារ្យអសារាចូលមកតាមក្រោយស្ដេច ដោយមានបូជាចារ្យរបស់ព្រះអម្ចាស់ចំនួនប៉ែតសិបនាក់ ដែលសុទ្ធតែជាមនុស្សមានចិត្តអង់អាចមកជាមួយផង។
18 លោកទាំងនោះឈរនៅមុខស្ដេច ទូលថា៖ «បពិត្រព្រះករុណាអូសៀស ព្រះរាជាគ្មានសិទ្ធិដុតគ្រឿងក្រអូបថ្វាយព្រះអម្ចាស់ឡើយ គឺមានតែក្រុមបូជាចារ្យជាពូជពង្សរបស់លោកអើរ៉ុនប៉ុណ្ណោះ ដែលបានទទួលពិធីតែងតាំងសម្រាប់ដុតគ្រឿងក្រអូប។ សូមព្រះករុណាយាងចេញពីទីសក្ការៈនេះទៅ ដ្បិតព្រះករុណាក្បត់ព្រះជាម្ចាស់ ហើយព្រះករុណានឹងមិនទទួលកិត្តិយសអ្វីពីព្រះជាអម្ចាស់ឡើយ»។