2 ក្រោយពេលព្រះបាទអម៉ាស៊ីយ៉ាសោយទិវង្គត ព្រះបាទអូសៀសបានសង់ក្រុងអេឡុតឡើងវិញ រួចដាក់ឲ្យនៅក្រោមការគ្រប់គ្រងរបស់ស្រុកយូដាដូចពីមុន។
3 ព្រះបាទអូសៀសឡើងសោយរាជ្យលើស្រុកយូដា ក្នុងជន្មាយុដប់ប្រាំមួយព្រះវស្សា ទ្រង់សោយរាជ្យបានហាសិបពីរឆ្នាំ នៅក្រុងយេរូសាឡឹម។ មាតារបស់ស្ដេចមាននាមថា យេកូលា ជាអ្នកក្រុងយេរូសាឡឹម។
4 ស្ដេចបានប្រព្រឹត្តអំពើសុចរិតគ្រប់យ៉ាង ដែលជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់ ដូចព្រះបាទអម៉ាស៊ីយ៉ា ជាបិតាដែរ។
5 ព្រះបាទអូសៀសយកព្រះហឫទ័យទុកដាក់ស្វែងរកព្រះជាម្ចាស់ ក្នុងពេលដែលលោកសាការីនៅរស់នៅឡើយ ព្រោះលោកណែនាំស្ដេចឲ្យគោរពកោតខ្លាចព្រះជាម្ចាស់។ ដរាបណាស្ដេចស្វែងរកព្រះជាម្ចាស់ ព្រះអង្គប្រទានឲ្យស្ដេចបានចម្រុងចម្រើនជានិច្ច។
6 ស្ដេចលើកទ័ពទៅវាយជនជាតិភីលីស្ទីន ហើយទម្លុះកំពែងក្រុងកាថ ក្រុងយ៉ាប់ណេ និងក្រុងអាសដូឌ។ ស្ដេចបានសង់ក្រុងនៅតំបន់ក្រុងអាសដូឌ និងក្នុងទឹកដីភីលីស្ទីន។
7 ព្រះជាម្ចាស់ជួយស្ដេចនៅពេលធ្វើសង្គ្រាមទល់នឹងជនជាតិភីលីស្ទីន ជនជាតិអារ៉ាប់ដែលរស់នៅក្រុងគើរ-បាល និងជនជាតិម៉ាអូន។
8 ជនជាតិអាំម៉ូននាំយកសួយសារអាករមកថ្វាយព្រះបាទអូសៀស។ ព្រះកិត្តិនាមរបស់ស្ដេចល្បីរន្ទឺ រហូតដល់ទល់ដែនស្រុកអេស៊ីប ដ្បិតទ្រង់មានឫទ្ធិអំណាចយ៉ាងខ្លាំង។