២ របាក្សត្រ 26:4-10 KHSV

4 ស្ដេច​បាន​ប្រព្រឹត្ត​អំពើ​សុចរិត​គ្រប់​យ៉ាង ដែល​ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ ដូច​ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា ជា​បិតា​ដែរ។

5 ព្រះ‌បាទ​អូសៀស​យក​ព្រះ‌ហឫទ័យ​ទុក​ដាក់​ស្វែង​រក​ព្រះ‌ជាម្ចាស់ ក្នុង​ពេល​ដែល​លោក​សាកា‌រី​នៅ​រស់​នៅ​ឡើយ ព្រោះ​លោក​ណែ‌នាំ​ស្ដេច​ឲ្យ​គោរព​កោត​ខ្លាច​ព្រះ‌ជាម្ចាស់។ ដរាប​ណា​ស្ដេច​ស្វែង​រក​ព្រះ‌ជាម្ចាស់ ព្រះ‌អង្គ​ប្រទាន​ឲ្យ​ស្ដេច​បាន​ចម្រុង‌ចម្រើន​ជា‌និច្ច។

6 ស្ដេច​លើក​ទ័ព​ទៅ​វាយ​ជន‌ជាតិ​ភីលីស្ទីន ហើយ​ទម្លុះ​កំពែង​ក្រុង​កាថ ក្រុង​យ៉ាប់‌ណេ និង​ក្រុង​អាស‌ដូឌ។ ស្ដេច​បាន​សង់​ក្រុង​នៅ​តំបន់​ក្រុង​អាស‌ដូឌ និង​ក្នុង​ទឹក​ដី​ភីលីស្ទីន។

7 ព្រះ‌ជាម្ចាស់​ជួយ​ស្ដេច​នៅ​ពេល​ធ្វើ​សង្គ្រាម​ទល់​នឹង​ជន‌ជាតិ​ភីលីស្ទីន ជន‌ជាតិ​អារ៉ាប់​ដែល​រស់​នៅ​ក្រុង​គើរ-‌បាល និង​ជន‌ជាតិ​ម៉ាអូន។

8 ជន‌ជាតិ​អាំម៉ូន​នាំ​យក​សួយសារ‌អាករ​មក​ថ្វាយ​ព្រះ‌បាទ​អូសៀស។ ព្រះ‌កិត្តិនាម​របស់​ស្ដេច​ល្បី‌រន្ទឺ រហូត​ដល់​ទល់​ដែន​ស្រុក​អេស៊ីប ដ្បិត​ទ្រង់​មាន​ឫទ្ធិ​អំណាច​យ៉ាង​ខ្លាំង។

9 ព្រះ‌បាទ​អូសៀស​បាន​សង់​ប៉ម​ដ៏​រឹង‌មាំ​នៅ​ក្រុង​យេរូ‌សាឡឹម ខាង​លើ​ខ្លោង​ទ្វារ​នៅ​ជ្រុង​កំពែង​ទ្វារ​ជ្រលង​ភ្នំ និង​នៅ​លើ​មុម​កំពែង។

10 ស្ដេច​បាន​សង់​ប៉ម​ចាំ​យាម​នៅ​តាម​វាល​រហោ‌ស្ថាន និង​ជីក​ស្រះ​ជា​ច្រើន ដ្បិត​ស្ដេច​មាន​ហ្វូង​សត្វ​ដ៏​សន្ធឹក​សន្ធាប់​នៅ​តំបន់​ខ្ពង់​រាប និង​តំបន់​វាល​ទំនាប ហើយ​ស្ដេច​ក៏​មាន​កសិករ​ដែល​ធ្វើ​ស្រែ និង​ដាំ​ទំពាំង‌បាយជូរ​ថ្វាយ នៅ​តាម​តំបន់​ភ្នំ និង​នៅ​ភ្នំ​កើមែល​ដែរ ព្រោះ​ស្ដេច​សព្វ​ព្រះ‌ហឫទ័យ​ខាង​វិស័យ​កសិកម្ម។