11 ដូច្នេះ សូមស្ដាប់ខ្ញុំ សូមដោះលែងបងប្អូនរបស់អ្នករាល់គ្នាដែលអ្នករាល់គ្នាបានចាប់មកជាឈ្លើយនៅពេលនេះចុះ ដ្បិតព្រះអម្ចាស់កំពុងតែព្រះពិរោធទាស់នឹងអ្នករាល់គ្នាហើយ»។
12 ពេលនោះ មានមេបញ្ជាការកងទ័ពអេប្រាអ៊ីមមួយចំនួន គឺលោកអសារាជាកូនរបស់លោកយ៉ូហាណាន លោកបេរេគាជាកូនរបស់លោកមស៊ីលេម៉ុត លោកយេហ៊ីសេគាជាកូនរបស់លោកសាលូម និងលោកអម៉ាសាជាកូនរបស់លោកហាដឡៃ បាននាំគ្នាជំទាស់នឹងកងទ័ពដែលវិលមកពីច្បាំងវិញ។
13 លោកទាំងនោះពោលទៅពួកគេថា៖ «សូមកុំនាំឈ្លើយសឹកមកទីនេះឡើយ! អ្នករាល់គ្នាមុខជាធ្វើឲ្យពួកយើងមានទោសយ៉ាងធ្ងន់ចំពោះព្រះអម្ចាស់ ថែមពីលើអំពើបាប និងកំហុសដ៏ធ្ងន់ធ្ងរ ដែលពួកយើងកំពុងតែមាននេះស្រាប់! ព្រះអម្ចាស់កំពុងតែព្រះពិរោធទាស់នឹងជនជាតិអ៊ីស្រាអែលហើយ!»។
14 ពួកទាហានក៏ដោះលែងឈ្លើយសឹក នៅចំពោះមុខមេដឹកនាំ និងអង្គប្រជុំទាំងមូល ហើយពួកគេក៏បោះបង់ចោលជយភ័ណ្ឌដែរ។
15 គេបានចាត់តាំងទាហានមួយចំនួន តាមឈ្មោះរបស់ខ្លួន ឲ្យជួយពួកឈ្លើយសឹក គឺយកសម្លៀកបំពាក់ និងស្បែកជើងពីក្នុងរបស់ជយភ័ណ្ឌ មកពាក់ឲ្យអ្នកដែលនៅខ្លួនទទេ យកអាហារ និងទឹកមកឲ្យពួកគេបរិភោគ ព្រមទាំងព្យាបាលអ្នករបួស ហើយលើកអ្នកដែលដើរពុំបានដាក់លើខ្នងលា រួចនាំពួកគេទៅជួបជុំបងប្អូនរបស់ខ្លួន នៅក្រុងយេរីខូ ជាក្រុងដើមលម៉ើ។ បន្ទាប់មក ទាហានទាំងនោះវិលត្រឡប់ទៅក្រុងសាម៉ារីវិញ។
16 នៅគ្រានោះ ព្រះបាទអហាសចាត់អ្នកនាំសារទៅពឹងស្ដេចស្រុកអាស្ស៊ីរីឲ្យមកជួយ
17 ដ្បិតកងទ័ពអេដុមបានវាយស្រុកយូដាសាជាថ្មី ហើយចាប់ប្រជាជនទៅជាឈ្លើយ។