២ របាក្សត្រ 28:17-23 KHSV

17 ដ្បិត​កង‌ទ័ព​អេដុម​បាន​វាយ​ស្រុក​យូដា​សា​ជា​ថ្មី ហើយ​ចាប់​ប្រជា‌ជន​ទៅ​ជា​ឈ្លើយ។

18 មួយ​វិញ​ទៀត កង‌ទ័ព​ភីលីស្ទីន​ក៏​វាយ​លុក​តំបន់​វាល​រាប និង​តំបន់​ខាង​ត្បូង​នៃ​ស្រុក​យូដា ហើយ​ដណ្ដើម​យក​បាន​ក្រុង​បេត‌សេ‌មែស អាយ៉ា‌ឡូន កេដេ‌រ៉ូត សូគរ និង​ស្រុក​ភូមិ​ដែល​នៅ​ជុំ‌វិញ ព្រម​ទាំង​ក្រុង​ធីមណា និង​ស្រុក​ភូមិ​ដែល​នៅ​ជុំ‌វិញ ក្រុង​គីម‌សូ និង​ស្រុក​ភូមិ​ដែល​នៅ​ជុំ‌វិញ រួច​ពួក​គេ​តាំង​ទី​លំ‌នៅ​តាម​ក្រុង​ទាំង​នោះ។

19 ព្រះ‌អម្ចាស់​ធ្វើ​ឲ្យ​ស្រុក​យូដា​បាត់​បង់​កិត្តិយស មក​ពី​ព្រះ‌បាទ​អហាស​ជំរុញ​ប្រជា‌ជន​ឲ្យ​ឈប់​រវី‌រវល់​នឹង​ព្រះ‌អម្ចាស់ ហើយ​ស្ដេច​ក៏​បែក​ចិត្ត​ចេញ​ពី​ព្រះ‌អង្គ​ដែរ។

20 ព្រះ‌ចៅ​ទីកឡាត-‌ពេលេ‌ស៊ើរ ជា​ស្ដេច​ស្រុក​អាស្ស៊ីរី បាន​លើក​ទ័ព​មក​វាយ​ព្រះ‌បាទ​អហាស និង​ចាត់​ទុក​ស្ដេច​ជា​សត្រូវ គឺ​ពុំ​បាន​ជួយ​គាំ‌ទ្រ​ស្ដេច​ឡើយ។

21 ព្រះ‌បាទ​អហាស​យក​ទ្រព្យ​ពី​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ព្រម​ទាំង​ទ្រព្យ​នៅ​ក្នុង​វាំង និង​ក្នុង​ផ្ទះ​មេ​ដឹក​នាំ ទៅ​ថ្វាយ​ស្ដេច​ស្រុក​អាស្ស៊ីរី។ ប៉ុន្តែ ស្ដេច​ស្រុក​អាស្ស៊ីរី​នៅ​តែ​ពុំ​ព្រម​ជួយ​ដដែល។

22 ទោះ​បី​ព្រះ‌បាទ​អហាស​ស្ថិត​ក្នុង​ភាព​អាសន្ន​យ៉ាង​នេះ​ក្ដី ក៏​ស្ដេច​នៅ​តែ​បែក​ចិត្ត​ចេញ​ពី​ព្រះ‌អម្ចាស់​ដដែល។

23 ស្ដេច​ធ្វើ​យញ្ញ‌បូជា​ដល់​ព្រះ​ទាំង‌ឡាយ​នៃ​ក្រុង​ដាម៉ាស ដែល​បាន​ប្រហារ​ឈ្នះ​ស្ដេច ដ្បិត​ស្ដេច​គិត​ថា «ព្រះ​របស់​ស្ដេច​ស្រុក​ស៊ីរី​តែងតែ​ជួយ​ស្ដេច​ស្រុក​អាស្ស៊ីរី ដូច្នេះ ខ្ញុំ​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ​ទាំង​នោះ ដើម្បី​ឲ្យ​ទ្រង់​យាង​មក​ជួយ​ខ្ញុំ​ដែរ!»។ ប៉ុន្តែ ព្រះ​ទាំង​នោះ​បណ្ដាល​ឲ្យ​ស្ដេច និង​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល​វិនាស។