2 ស្ដេចដើរតាមផ្លូវរបស់ស្ដេចនានា នៅស្រុកអ៊ីស្រាអែល គឺទ្រង់ហ៊ានរហូតដល់ធ្វើរូបចម្លាក់ពីលង្ហិន សម្រាប់ព្រះបាលទៀតផង។
3 ស្ដេចដុតគ្រឿងក្រអូបនៅជ្រលងភ្នំហ៊ីនណម និងយកបុត្រទៅបូជាយញ្ញ តាមទំនៀមទម្លាប់គួរស្អប់ខ្ពើមរបស់ប្រជាជាតិទាំងឡាយ ដែលព្រះអម្ចាស់បានបណ្ដេញចេញពីមុខកូនចៅអ៊ីស្រាអែល។
4 ស្ដេចបានធ្វើយញ្ញបូជា និងដុតគ្រឿងក្រអូប នៅកន្លែងសក្ការៈតាមទួលខ្ពស់ៗ នៅតាមភ្នំ និងនៅក្រោមដើមឈើដែលមានស្លឹកខៀវខ្ចីផង។
5 ព្រះអម្ចាស់ជាព្រះរបស់ស្ដេច បានប្រគល់ស្ដេចទៅក្នុងកណ្ដាប់ដៃរបស់ស្ដេចស្រុកស៊ីរី។ កងទ័ពស៊ីរីវាយឈ្នះព្រះបាទអហាស រួចចាប់ប្រជាជនជាច្រើនយកទៅជាឈ្លើយនៅក្រុងដាម៉ាស។ ព្រះបាទអហាសក៏ត្រូវបរាជ័យយ៉ាងធ្ងន់ ហើយធ្លាក់ក្នុងកណ្ដាប់ដៃរបស់ស្ដេចស្រុកអ៊ីស្រាអែលដែរ
6 គឺក្នុងថ្ងៃតែមួយ ព្រះបាទពេកា ជាកូនរបស់លោករេម៉ាលា ប្រហារជនជាតិយូដាអស់១២០ ០០០នាក់ ដែលសុទ្ធសឹងជាទាហានដ៏អង់អាច ដ្បិតអ្នកទាំងនោះបោះបង់ចោលព្រះអម្ចាស់ ជាព្រះនៃបុព្វបុរសរបស់ខ្លួន។
7 លោកស៊ីកគ្រី ជាអ្នកចំបាំងដ៏ពូកែ ក្នុងកុលសម្ព័ន្ធអេប្រាអ៊ីម បានប្រហារជីវិតសម្ដេចម៉ាសេយ៉ា ជាបុត្ររបស់ព្រះបាទអហាស ព្រមទាំងលោកអាសរីកាំ ជាអ្នកគ្រប់គ្រងព្រះរាជវាំង និងលោកអែលកាណា ជាមន្ត្រីជំនិតរបស់ស្ដេច។
8 ជនជាតិអ៊ីស្រាអែលចាប់ជនជាតិយូដា ជាបងប្អូនរបស់ខ្លួន ទៅជាឈ្លើយចំនួន ២០០ ០០០នាក់ គឺមានស្ត្រី និងក្មេងប្រុសស្រី ព្រមទាំងនាំយកជយភ័ណ្ឌជាច្រើន ទៅក្រុងសាម៉ារី។