22 ទោះបីព្រះបាទអហាសស្ថិតក្នុងភាពអាសន្នយ៉ាងនេះក្ដី ក៏ស្ដេចនៅតែបែកចិត្តចេញពីព្រះអម្ចាស់ដដែល។
23 ស្ដេចធ្វើយញ្ញបូជាដល់ព្រះទាំងឡាយនៃក្រុងដាម៉ាស ដែលបានប្រហារឈ្នះស្ដេច ដ្បិតស្ដេចគិតថា «ព្រះរបស់ស្ដេចស្រុកស៊ីរីតែងតែជួយស្ដេចស្រុកអាស្ស៊ីរី ដូច្នេះ ខ្ញុំថ្វាយយញ្ញបូជាដល់ព្រះទាំងនោះ ដើម្បីឲ្យទ្រង់យាងមកជួយខ្ញុំដែរ!»។ ប៉ុន្តែ ព្រះទាំងនោះបណ្ដាលឲ្យស្ដេច និងប្រជាជនអ៊ីស្រាអែលទាំងមូលវិនាស។
24 ព្រះបាទអហាសប្រមូលវត្ថុផ្សេងៗនៅក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់ មកកម្ទេចចោល។ ស្ដេចបានបិទទ្វារព្រះដំណាក់របស់ព្រះអម្ចាស់ រួចសង់អាសនៈ នៅគ្រប់ច្រកល្ហកក្នុងក្រុងយេរូសាឡឹម។
25 ស្ដេចក៏បានចាត់ចែងឲ្យមានកន្លែងសក្ការៈតាមទួលខ្ពស់ៗ នៅក្រុងនីមួយៗ ក្នុងស្រុកយូដា ដើម្បីដុតគ្រឿងក្រអូបឧទ្ទិសដល់ព្រះក្លែងក្លាយ ដែលជាហេតុបណ្ដាលឲ្យព្រះអម្ចាស់ ជាព្រះនៃបុព្វបុរសរបស់ស្ដេច ទ្រង់ព្រះពិរោធ។
26 រាជកិច្ចផ្សេងៗទៀតរបស់ព្រះបាទអហាស និងអ្វីៗទាំងប៉ុន្មានដែលទ្រង់បានធ្វើ តាំងពីដើមដល់ចប់ សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅរបស់ស្ដេចស្រុកយូដា និងស្ដេចស្រុកអ៊ីស្រាអែល។
27 ព្រះបាទអហាសសោយទិវង្គត គេយកសពទៅបញ្ចុះនៅក្រុងយេរូសាឡឹម គឺគេពុំបានបញ្ចុះក្នុងផ្នូរ ដែលបម្រុងទុកសម្រាប់ស្ដេចស្រុកអ៊ីស្រាអែលឡើយ។ បន្ទាប់មក ព្រះបាទហេសេគា ជាបុត្រ ឡើងស្នងរាជ្យ។