12 ពេលនោះ កូនចៅលេវីនាំគ្នាក្រោកឡើង គឺក្នុងអំបូរកេហាត់ មានលោកម៉ាហាត់ ជាកូនរបស់អម៉ាសាយ លោកយ៉ូអែល ជាកូនរបស់លោកអសារា។ ក្នុងអំបូរម៉្រារី មានលោកគីស ជាកូនរបស់លោកអាប់ឌី លោកអសារា ជាកូនរបស់លោកយេហាលែល។ ក្នុងអំបូរគើរសុនមានលោកយ៉ូអា។ ក្នុងអំបូរស៊ីម៉្មាមានលោកអេដេន ជាកូនរបស់លោកយ៉ូអា។
13 ក្នុងអំបូរអេលីសាផានមានលោកស៊ីមរី និងលោកយីអែល។ ក្នុងអំបូរអេសាភមានលោកសាការី និងលោកម៉ាថានា។
14 ក្នុងអំបូរហេម៉ានមានលោកយីអែល និងលោកស៊ីម៉ៃ។ ក្នុងអំបូរយេឌូថិនមានលោកសេម៉ាយ៉ា និងលោកអ៊ូស៊ាល។
15 អ្នកទាំងនោះបានប្រមូលផ្ដុំបងប្អូនរបស់ពួកគេ មកញែកខ្លួនឲ្យបានវិសុទ្ធ ហើយធ្វើពិធីជម្រះព្រះដំណាក់របស់ព្រះអម្ចាស់ឲ្យបានបរិសុទ្ធ តាមបញ្ជារបស់ស្ដេច និងស្របតាមព្រះបន្ទូលរបស់ព្រះអម្ចាស់។
16 ក្រុមបូជាចារ្យនាំគ្នាចូលទៅខាងក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ ដើម្បីធ្វើពិធីជម្រះព្រះដំណាក់ឲ្យបានបរិសុទ្ធ។ ពួកគេយកអ្វីៗមិនបរិសុទ្ធដែលគេរកឃើញ នៅខាងក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ ចេញមកទីធ្លាព្រះដំណាក់របស់ព្រះអម្ចាស់ ហើយក្រុមលេវីយកចេញទៅក្រៅ បោះចោលនៅជ្រោះកេដ្រូន។
17 ពួកគេធ្វើពិធីញែកព្រះដំណាក់ឲ្យបានវិសុទ្ធ*នៅថ្ងៃទីមួយ ក្នុងខែទីមួយ។ នៅថ្ងៃទីប្រាំបី ពួកគេចូលទៅក្នុងបន្ទប់ល្វែងនៃព្រះដំណាក់របស់ព្រះអម្ចាស់ ហើយចំណាយពេលប្រាំបីថ្ងៃទៀត ដើម្បីធ្វើពិធីញែកព្រះដំណាក់របស់ព្រះអម្ចាស់ឲ្យបានវិសុទ្ធ។ ពួកគេធ្វើពិធីនេះចប់សព្វគ្រប់ នៅថ្ងៃទីដប់ប្រាំមួយ។
18 បន្ទាប់មក ក្រុមលេវីនាំគ្នាទៅគាល់ព្រះបាទហេសេគាទូលថា៖ «យើងខ្ញុំព្រះករុណាធ្វើពិធីជម្រះព្រះដំណាក់ទាំងមូលរបស់ព្រះអម្ចាស់ ព្រមទាំងអាសនៈថ្វាយតង្វាយដុតទាំងមូល និងគ្រឿងបរិក្ខារទាំងអស់ដែលត្រូវប្រើប្រាស់ជាមួយ តុតម្កល់នំបុ័ង និងគ្រឿងបរិក្ខារទាំងអស់ដែលត្រូវប្រើប្រាស់ជាមួយ ចប់សព្វគ្រប់ហើយ។