19 រីឯវត្ថុទាំងប៉ុន្មានដែលព្រះបាទអហាសធ្វើឲ្យសៅហ្មង នៅពេលទ្រង់បោះបង់ចោលព្រះអម្ចាស់ ក្នុងគ្រាទ្រង់គ្រងរាជ្យនោះ យើងខ្ញុំក៏បានជួសជុល និងញែកជាវិសុទ្ធហើយដែរ។ យើងខ្ញុំដាក់វត្ថុទាំងនោះនៅមុខអាសនៈរបស់ព្រះអម្ចាស់»។
20 ព្រះបាទហេសេគាតើនពីព្រលឹម ហើយប្រមូលមេដឹកនាំនៅក្នុងទីក្រុងឲ្យមកជួបជុំគ្នា រួចឡើងទៅព្រះដំណាក់របស់ព្រះអម្ចាស់។
21 គេនាំគោបាប្រាំពីរ ចៀមឈ្មោលប្រាំពីរ កូនចៀមប្រាំពីរ និងពពែឈ្មោលប្រាំពីរ ទៅថ្វាយជាយញ្ញបូជារំដោះបាបសម្រាប់ព្រះរាជវង្ស ទីសក្ការៈ និងប្រជាជនស្រុកយូដា។ ព្រះរាជាបង្គាប់ក្រុមបូជាចារ្យ* ជាពូជពង្សរបស់លោកអើរ៉ុន ឲ្យយកសត្វទាំងនោះធ្វើយញ្ញបូជា នៅលើអាសនៈរបស់ព្រះអម្ចាស់។
22 បូជាចារ្យនាំគ្នាសម្លាប់គោ រួចទទួលយកឈាមទៅប្រោះលើអាសនៈ។ បន្ទាប់មក គេសម្លាប់ចៀមឈ្មោល យកឈាមប្រោះលើអាសនៈ ហើយសម្លាប់កូនចៀម យកឈាមប្រោះលើអាសនៈ។
23 បន្ទាប់មកទៀត គេនាំពពែឈ្មោលដែលត្រូវថ្វាយជាយញ្ញបូជារំដោះបាប មកដាក់នៅមុខស្ដេច និងនៅមុខអង្គប្រជុំ។ ស្ដេច ព្រមទាំងអ្នកឯទៀតៗ ក៏ដាក់ដៃលើពពែឈ្មោលទាំងនោះ។
24 ក្រុមបូជាចារ្យក៏សម្លាប់ពពែឈ្មោល ហើយថ្វាយឈាមនៅលើអាសនៈ ទូលសូមព្រះជាម្ចាស់រំដោះបាបជនជាតិអ៊ីស្រាអែលទាំងមូល ដ្បិតព្រះរាជាបានប្រកាសថា តង្វាយដុតទាំងមូល* និងយញ្ញបូជារំដោះបាបនេះ ត្រូវថ្វាយសម្រាប់ជនជាតិអ៊ីស្រាអែលទាំងមូល។
25 ព្រះរាជាចាត់ក្រុមលេវីឲ្យឈរនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ ដោយកាន់ស្គរ ឃឹម និងពិណ ស្របតាមបទបញ្ជារបស់ព្រះបាទដាវីឌ និងលោកកាដ ជាគ្រូទាយរបស់ស្ដេច ព្រមទាំងព្យាការីណាថាន ដ្បិតព្រះអម្ចាស់បង្គាប់ដូច្នេះ តាមរយៈព្យាការីរបស់ព្រះអង្គ។