22 បូជាចារ្យនាំគ្នាសម្លាប់គោ រួចទទួលយកឈាមទៅប្រោះលើអាសនៈ។ បន្ទាប់មក គេសម្លាប់ចៀមឈ្មោល យកឈាមប្រោះលើអាសនៈ ហើយសម្លាប់កូនចៀម យកឈាមប្រោះលើអាសនៈ។
23 បន្ទាប់មកទៀត គេនាំពពែឈ្មោលដែលត្រូវថ្វាយជាយញ្ញបូជារំដោះបាប មកដាក់នៅមុខស្ដេច និងនៅមុខអង្គប្រជុំ។ ស្ដេច ព្រមទាំងអ្នកឯទៀតៗ ក៏ដាក់ដៃលើពពែឈ្មោលទាំងនោះ។
24 ក្រុមបូជាចារ្យក៏សម្លាប់ពពែឈ្មោល ហើយថ្វាយឈាមនៅលើអាសនៈ ទូលសូមព្រះជាម្ចាស់រំដោះបាបជនជាតិអ៊ីស្រាអែលទាំងមូល ដ្បិតព្រះរាជាបានប្រកាសថា តង្វាយដុតទាំងមូល* និងយញ្ញបូជារំដោះបាបនេះ ត្រូវថ្វាយសម្រាប់ជនជាតិអ៊ីស្រាអែលទាំងមូល។
25 ព្រះរាជាចាត់ក្រុមលេវីឲ្យឈរនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ ដោយកាន់ស្គរ ឃឹម និងពិណ ស្របតាមបទបញ្ជារបស់ព្រះបាទដាវីឌ និងលោកកាដ ជាគ្រូទាយរបស់ស្ដេច ព្រមទាំងព្យាការីណាថាន ដ្បិតព្រះអម្ចាស់បង្គាប់ដូច្នេះ តាមរយៈព្យាការីរបស់ព្រះអង្គ។
26 ក្រុមលេវីឈរនៅកន្លែងរបស់ខ្លួន ទាំងកាន់ឧបករណ៍តន្ត្រីរបស់ព្រះបាទដាវីឌ ហើយក្រុមបូជាចារ្យកាន់ត្រែ។
27 ព្រះបាទហេសេគាបង្គាប់ឲ្យគេថ្វាយតង្វាយដុតទាំងមូលនៅលើអាសនៈ។ នៅពេលគេចាប់ផ្ដើមថ្វាយតង្វាយដុតទាំងមូល គេក៏ចាប់ផ្ដើមច្រៀងថ្វាយព្រះអម្ចាស់ ដោយមានត្រែ និងឧបករណ៍តន្ត្រីរបស់ព្រះបាទដាវីឌ ជាស្ដេចស្រុកអ៊ីស្រាអែល ប្រគំកំដរផង។
28 អង្គប្រជុំទាំងមូលនាំគ្នាក្រាបថ្វាយបង្គំ រីឯអ្នកចម្រៀងនាំគ្នាច្រៀង ជាមួយសំឡេងត្រែ រហូតទាល់តែគេថ្វាយតង្វាយដុតចប់សព្វគ្រប់។