4 ស្ដេចបានត្រាស់ហៅក្រុមបូជាចារ្យ និងក្រុមលេវី ឲ្យមកជួបជុំគ្នានៅព្រលានខាងកើត
5 រួចមានរាជឱង្ការទៅពួកគេថា៖ «កូនចៅលេវីអើយ សូមស្ដាប់ខ្ញុំ! ឥឡូវនេះ សូមអ្នករាល់គ្នាញែកខ្លួនឲ្យបានវិសុទ្ធ ហើយញែកព្រះដំណាក់របស់ព្រះអម្ចាស់ ជាព្រះនៃដូនតារបស់អ្នករាល់គ្នា ឲ្យបានវិសុទ្ធដែរ។ ចូរយកអ្វីៗដែលមិនបរិសុទ្ធចេញទៅខាងក្រៅទីសក្ការៈ។
6 ដូនតារបស់ពួកយើងបានបែកចិត្តចេញពីព្រះអម្ចាស់ ព្រមទាំងប្រព្រឹត្តអំពើអាក្រក់ ដែលមិនគាប់ព្រះហឫទ័យព្រះអម្ចាស់ ជាព្រះនៃយើង។ ពួកលោកបានបោះបង់ចោលព្រះអង្គ ពួកលោកងាកមុខចេញពីទីសក្ការៈរបស់ព្រះអម្ចាស់ ព្រមទាំងបែរខ្នងដាក់ទៀតផង។
7 ពួកលោកបានបិទទ្វារព្រះវិហារ និងពន្លត់ចង្កៀង ហើយលែងថ្វាយគ្រឿងក្រអូប ឬតង្វាយដុត*ទាំងមូល ចំពោះព្រះនៃជនជាតិអ៊ីស្រាអែល នៅក្នុងទីសក្ការៈនេះ។
8 ហេតុនេះ ព្រះអម្ចាស់ទ្រង់ព្រះពិរោធទាស់នឹងស្រុកយូដា និងក្រុងយេរូសាឡឹម ព្រះអង្គធ្វើឲ្យស្រុកនេះ និងក្រុងនេះក្លាយជាទីស្មសាន ដែលធ្វើឲ្យមនុស្សម្នាព្រឺខ្លាច ហើយប្រមាថមាក់ងាយ ដូចអ្នករាល់គ្នាឃើញផ្ទាល់នឹងភ្នែកស្រាប់។
9 ព្រោះតែកំហុសនោះ ដូនតារបស់ពួកយើងបានដួលស្លាប់ដោយមុខដាវ កូនប្រុស កូនស្រី និងភរិយារបស់ពួកយើង ត្រូវខ្មាំងកៀរទៅជាឈ្លើយ។
10 ឥឡូវនេះ ខ្ញុំមានបំណងចងសម្ពន្ធមេត្រីជាមួយព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល ដើម្បីសូមព្រះអង្គពង្វាងព្រះពិរោធចេញពីពួកយើង។