5 ពេលប្រជាជនអ៊ីស្រាអែលទទួលបញ្ជារបស់ស្ដេចហើយ ពួកគេនាំយកផលដំបូងនៃស្រូវ ស្រាទំពាំងបាយជូរថ្មី ប្រេង ទឹកឃ្មុំ និងផលដំណាំផ្សេងៗទៀតយ៉ាងច្រើនបរិបូណ៌ ហើយពួកគេក៏នាំយកមួយភាគដប់នៃអ្វីៗដែលខ្លួនមាន មកថ្វាយយ៉ាងបរិបូណ៌ដែរ។
6 កូនចៅអ៊ីស្រាអែល និងកូនចៅយូដាដែលរស់នៅតាមក្រុងនានា ក្នុងស្រុកយូដា បាននាំគោ និងចៀម មកថ្វាយជាតង្វាយមួយភាគដប់ ហើយគេក៏យកអ្វីៗទាំងអស់ ដែលញែកជាសក្ការៈថ្វាយដល់ព្រះអម្ចាស់ជាព្រះរបស់ខ្លួន មកថ្វាយជាតង្វាយមួយភាគដប់ដែរ។ គេដាក់តង្វាយទាំងនោះជាច្រើនគំនរ។
7 គេបានចាប់ផ្ដើមប្រមូលតង្វាយមកដាក់ជាគំនរ ចាប់ពីខែទីបី រហូតដល់ខែទីប្រាំពីរ។
8 ព្រះបាទហេសេគា និងពួកមន្ត្រី មកមើលគំនរតង្វាយទាំងនោះ ហើយនាំគ្នាអរព្រះគុណព្រះអម្ចាស់ និងអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គ។
9 ព្រះបាទហេសេគាសាកសួរក្រុមបូជាចារ្យ និងក្រុមលេវី ស្ដីអំពីគំនរតង្វាយទាំងនោះ។
10 លោកមហាបូជាចារ្យអសារាពីអំបូរសាដុក ទូលស្ដេចថា៖ «ចាប់ពីពេលប្រជាជននាំតង្វាយ ដែលគេបានញែកទុក មកដាក់ក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ នោះយើងមានអាហារបរិភោគយ៉ាងបរិបូណ៌ ថែមទាំងនៅសេសសល់ជាច្រើនឥតគណនាផង ដ្បិតព្រះអម្ចាស់ប្រទានពរដល់ប្រជារាស្ត្ររបស់ព្រះអង្គ។ អ្វីៗដែលគរនៅទីនេះ សុទ្ធតែជារបស់ដែលយើងមានលើសពីសេចក្ដីត្រូវការ»។
11 ព្រះបាទហេសេគាបង្គាប់ឲ្យគេរៀបចំបន្ទប់ នៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់។ ពេលរៀបចំរួចស្រេចហើយ