19 ពួកគេនិយាយពីព្រះនៃក្រុងយេរូសាឡឹម ហាក់ដូចជានិយាយពីព្រះរបស់ជាតិសាសន៍នានានៅផែនដី ដែលសុទ្ធសឹងជាស្នាដៃរបស់មនុស្ស។
20 ព្រះបាទហេសេគា និងព្យាការីអេសាយ ជាកូនរបស់លោកអម៉ុស បានទូលអង្វរព្រះជាម្ចាស់ ដើម្បីសូមព្រះអង្គជួយ។
21 ពេលនោះ ព្រះអម្ចាស់ចាត់ទេវតាមួយរូប ឲ្យមកប្រល័យជីវិតទាហានដ៏ខ្លាំងពូកែទាំងប៉ុន្មាន ព្រមទាំងពួកមេបញ្ជាការ និងពួកមេទ័ព នៅក្នុងទីតាំងទ័ពរបស់ស្ដេចស្រុកអាស្ស៊ីរី។ ស្ដេចវិលត្រឡប់ទៅស្រុកវិញ ទាំងអាម៉ាស់មុខ។ ស្ដេចចូលទៅក្នុងវិហារនៃព្រះរបស់ស្ដេច ហើយពេលនោះ បុត្របង្កើតរបស់ស្ដេចនាំគ្នាធ្វើគុតស្ដេចដោយមុខដាវ។
22 ព្រះអម្ចាស់បានរំដោះព្រះបាទហេសេគា និងប្រជាជននៅក្រុងយេរូសាឡឹម ពីកណ្ដាប់ដៃរបស់ព្រះចៅសានហេរីប ជាស្ដេចស្រុកអាស្ស៊ីរី និងខ្មាំងសត្រូវទាំងប៉ុន្មាន ហើយការពារប្រជារាស្ត្ររបស់ព្រះអង្គគ្រប់ទិសទី។
23 មនុស្សម្នាជាច្រើននាំយកតង្វាយមកថ្វាយព្រះអម្ចាស់នៅក្រុងយេរូសាឡឹម ព្រមទាំងយករបស់ផ្សេងទៀតមកថ្វាយព្រះបាទហេសេគា ជាស្ដេចស្រុកយូដាដែរ ដ្បិតចាប់ពីពេលនោះមក ប្រជាជាតិទាំងអស់គោរពរាប់អានស្ដេចគ្រប់ៗគ្នា។
24 នៅគ្រានោះ ព្រះបាទហេសេគាប្រឈួនជាទម្ងន់ ហៀបនឹងសុគត។ ស្ដេចបានទូលអង្វរព្រះអម្ចាស់ ហើយព្រះអម្ចាស់តបមកវិញ ដោយប្រទានទីសម្គាល់ដ៏អស្ចារ្យមួយ។
25 ប៉ុន្តែ ព្រះបាទហេសេគាពុំបានដឹងគុណព្រះជាម្ចាស់ ដែលសម្តែងព្រះហឫទ័យសប្បុរសចំពោះស្ដេចទេ គឺស្ដេចមានចិត្តអួតបំប៉ោង ធ្វើឲ្យព្រះអម្ចាស់ទ្រង់ព្រះពិរោធទាស់នឹងស្ដេច ព្រមទាំងអ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹម។