22 ព្រះអម្ចាស់បានរំដោះព្រះបាទហេសេគា និងប្រជាជននៅក្រុងយេរូសាឡឹម ពីកណ្ដាប់ដៃរបស់ព្រះចៅសានហេរីប ជាស្ដេចស្រុកអាស្ស៊ីរី និងខ្មាំងសត្រូវទាំងប៉ុន្មាន ហើយការពារប្រជារាស្ត្ររបស់ព្រះអង្គគ្រប់ទិសទី។
23 មនុស្សម្នាជាច្រើននាំយកតង្វាយមកថ្វាយព្រះអម្ចាស់នៅក្រុងយេរូសាឡឹម ព្រមទាំងយករបស់ផ្សេងទៀតមកថ្វាយព្រះបាទហេសេគា ជាស្ដេចស្រុកយូដាដែរ ដ្បិតចាប់ពីពេលនោះមក ប្រជាជាតិទាំងអស់គោរពរាប់អានស្ដេចគ្រប់ៗគ្នា។
24 នៅគ្រានោះ ព្រះបាទហេសេគាប្រឈួនជាទម្ងន់ ហៀបនឹងសុគត។ ស្ដេចបានទូលអង្វរព្រះអម្ចាស់ ហើយព្រះអម្ចាស់តបមកវិញ ដោយប្រទានទីសម្គាល់ដ៏អស្ចារ្យមួយ។
25 ប៉ុន្តែ ព្រះបាទហេសេគាពុំបានដឹងគុណព្រះជាម្ចាស់ ដែលសម្តែងព្រះហឫទ័យសប្បុរសចំពោះស្ដេចទេ គឺស្ដេចមានចិត្តអួតបំប៉ោង ធ្វើឲ្យព្រះអម្ចាស់ទ្រង់ព្រះពិរោធទាស់នឹងស្ដេច ព្រមទាំងអ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹម។
26 ពេលនោះ ព្រះបាទហេសេគាដឹងខ្លួនខុស ស្ដេចក៏សារភាពកំហុសជាមួយប្រជាជននៅក្រុងយេរូសាឡឹម។ ដូច្នេះ ព្រះអម្ចាស់ពុំបានដាក់ទោសគេ ក្នុងពេលដែលព្រះបាទហេសេគានៅមានព្រះជន្មឡើយ។
27 ព្រះបាទហេសេគាទទួលទ្រព្យសម្បត្តិ និងកិត្តិយសយ៉ាងច្រើន។ ស្ដេចបានសង់ឃ្លាំងសម្រាប់ទុកប្រាក់ មាស ត្បូងពេជ្រ គ្រឿងក្រអូប ខែល និងវត្ថុទាំងប៉ុន្មានដ៏មានតម្លៃ។
28 ស្ដេចក៏សង់ឃ្លាំងសម្រាប់ផ្ទុកស្រូវ ស្រាទំពាំងបាយជូរថ្មី និងប្រេង ព្រមទាំងក្រោលសម្រាប់សត្វពាហនៈគ្រប់មុខ និងវាលស្មៅសម្រាប់ហ្វូងចៀម។