26 ពេលនោះ ព្រះបាទហេសេគាដឹងខ្លួនខុស ស្ដេចក៏សារភាពកំហុសជាមួយប្រជាជននៅក្រុងយេរូសាឡឹម។ ដូច្នេះ ព្រះអម្ចាស់ពុំបានដាក់ទោសគេ ក្នុងពេលដែលព្រះបាទហេសេគានៅមានព្រះជន្មឡើយ។
27 ព្រះបាទហេសេគាទទួលទ្រព្យសម្បត្តិ និងកិត្តិយសយ៉ាងច្រើន។ ស្ដេចបានសង់ឃ្លាំងសម្រាប់ទុកប្រាក់ មាស ត្បូងពេជ្រ គ្រឿងក្រអូប ខែល និងវត្ថុទាំងប៉ុន្មានដ៏មានតម្លៃ។
28 ស្ដេចក៏សង់ឃ្លាំងសម្រាប់ផ្ទុកស្រូវ ស្រាទំពាំងបាយជូរថ្មី និងប្រេង ព្រមទាំងក្រោលសម្រាប់សត្វពាហនៈគ្រប់មុខ និងវាលស្មៅសម្រាប់ហ្វូងចៀម។
29 ស្ដេចបានសង់ក្រុងផ្សេងៗ ហើយស្ដេចមានហ្វូងសត្វជាច្រើន គឺហ្វូងគោ និងហ្វូងចៀម ដ្បិតព្រះអម្ចាស់ប្រោសប្រទានឲ្យស្ដេចមានទ្រព្យសម្បត្តិយ៉ាងស្ដុកស្ដម្ភបំផុត។
30 ព្រះបាទហេសេគាក៏បានទប់ប្រភពទឹកគីហូនប៉ែកខាងលើ ហើយបំបែរផ្លូវទឹកចុះទៅខាងលិចក្នុងបុរីព្រះបាទដាវីឌ។ អ្វីៗទាំងប៉ុន្មានដែលព្រះបាទហេសេគាធ្វើ សុទ្ធតែបានសម្រេចទាំងអស់។
31 ប៉ុន្តែ នៅគ្រាដែលស្ដេចស្រុកបាប៊ីឡូនចាត់ទូតឲ្យមក ដើម្បីសួរដំណឹងអំពីឫទ្ធិបាដិហារិយ៍ ដែលកើតមាននៅក្នុងស្រុក ព្រះជាម្ចាស់បានបោះបង់ចោលព្រះបាទហេសេគា ដើម្បីល្បងលមើលថា តើស្ដេចមានព្រះហឫទ័យយ៉ាងណា។
32 រាជកិច្ចផ្សេងៗទៀតរបស់ព្រះបាទហេសេគា និងភក្ដីភាពរបស់ស្ដេចចំពោះព្រះជាម្ចាស់ សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅនិមិត្តហេតុរបស់ព្យាការីអេសាយ ជាកូនរបស់លោកអម៉ូស ព្រមទាំងសៀវភៅប្រវត្តិសាស្ត្ររបស់ស្ដេចស្រុកយូដា និងស្ដេចស្រុកអ៊ីស្រាអែល។