២ របាក្សត្រ 34:15-21 KHSV

15 លោក​ហ៊ីល‌គីយ៉ា​មាន​ប្រសាសន៍​ទៅ​កាន់​លោក​សាផាន ជា​ស្មៀន​ហ្លួង​ថា៖ «ខ្ញុំ​បាន​រក​ឃើញ​គម្ពីរ‌វិន័យ​នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់!»។ លោក​ហ៊ីល‌គីយ៉ា​ជូន​គម្ពីរ​នោះ​ទៅ​លោក​សាផាន។

16 លោក​សាផាន​ក៏​យក​គម្ពីរ​ទៅ​ថ្វាយ​ស្ដេច ហើយ​ទូល​រៀប​រាប់​ដូច​ត​ទៅ៖ «យើង​ខ្ញុំ​ធ្វើ​តាម​រាជ​បញ្ជា​ទាំង​ប៉ុន្មាន​របស់​ព្រះ‌ករុណា។

17 គេ​បាន​ប្រគល់​ប្រាក់​តង្វាយ​នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ទៅ​ឲ្យ​ពួក​មេ​ជាង ព្រម​ទាំង​ពួក​កម្មករ​រួច​ស្រេច​ហើយ»។

18 លោក​សាផាន ជា​ស្មៀន​ហ្លួង ទូល​ស្ដេច​ទៀត​ថា៖ «លោក​បូជា‌ចារ្យ​ហ៊ីល‌គីយ៉ា​បាន​ប្រគល់​គម្ពីរ​មួយ​ច្បាប់​ឲ្យ​ទូលបង្គំ» រួច​លោក​ក៏​អាន​ថ្វាយ​ព្រះ‌រាជា​ស្ដាប់។

19 កាល​ព្រះ‌រាជា​ឮ​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​មាន​ចែង​ក្នុង​ក្រឹត្យ‌វិន័យ ស្ដេច​ក៏​ហែក​ព្រះ‌ភូសា។

20 បន្ទាប់​មក ស្ដេច​បញ្ជា​ទៅ​លោក​ហ៊ីល‌គី‌យ៉ា លោក​អហ៊ី‌កាម​ជា​កូន​របស់​លោក​សា‌ផាន លោក​អាប់‌ដូន​ជា​កូន​របស់​លោក​មីកា‌យ៉ា លោក​សា‌ផាន​ជា​ស្មៀន​ហ្លួង និង​លោក​អសា‌យ៉ា​ជា​រាជ​បម្រើ​ថា៖

21 «សូម​អស់​លោក​អញ្ជើញ​ទៅ​ទូល​សួរ​ព្រះ‌អម្ចាស់​ឲ្យ​យើង និង​ប្រជា‌ជន​ដែល​នៅ​សេស‌សល់ ក្នុង​ស្រុក​អ៊ីស្រា‌អែល និង​យូដា ពី​សេចក្ដី​ទាំង​ប៉ុន្មាន​ក្នុង​គម្ពីរ​ដែល​ទើប​រក​ឃើញ​នេះ​ផង។ ព្រះ‌អម្ចាស់​មុខ​ជា​ព្រះ‌ពិរោធ​នឹង​យើង​ខ្លាំង​ណាស់ ដ្បិត​ពួក​ដូនតា​របស់​យើង​មិន​បាន​កាន់​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ដើម្បី​ប្រតិបត្តិ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​នេះ​ទេ»។