16 លោកសាផានក៏យកគម្ពីរទៅថ្វាយស្ដេច ហើយទូលរៀបរាប់ដូចតទៅ៖ «យើងខ្ញុំធ្វើតាមរាជបញ្ជាទាំងប៉ុន្មានរបស់ព្រះករុណា។
17 គេបានប្រគល់ប្រាក់តង្វាយនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ ទៅឲ្យពួកមេជាង ព្រមទាំងពួកកម្មកររួចស្រេចហើយ»។
18 លោកសាផាន ជាស្មៀនហ្លួង ទូលស្ដេចទៀតថា៖ «លោកបូជាចារ្យហ៊ីលគីយ៉ាបានប្រគល់គម្ពីរមួយច្បាប់ឲ្យទូលបង្គំ» រួចលោកក៏អានថ្វាយព្រះរាជាស្ដាប់។
19 កាលព្រះរាជាឮសេចក្ដីទាំងប៉ុន្មានដែលមានចែងក្នុងក្រឹត្យវិន័យ ស្ដេចក៏ហែកព្រះភូសា។
20 បន្ទាប់មក ស្ដេចបញ្ជាទៅលោកហ៊ីលគីយ៉ា លោកអហ៊ីកាមជាកូនរបស់លោកសាផាន លោកអាប់ដូនជាកូនរបស់លោកមីកាយ៉ា លោកសាផានជាស្មៀនហ្លួង និងលោកអសាយ៉ាជារាជបម្រើថា៖
21 «សូមអស់លោកអញ្ជើញទៅទូលសួរព្រះអម្ចាស់ឲ្យយើង និងប្រជាជនដែលនៅសេសសល់ ក្នុងស្រុកអ៊ីស្រាអែល និងយូដា ពីសេចក្ដីទាំងប៉ុន្មានក្នុងគម្ពីរដែលទើបរកឃើញនេះផង។ ព្រះអម្ចាស់មុខជាព្រះពិរោធនឹងយើងខ្លាំងណាស់ ដ្បិតពួកដូនតារបស់យើងមិនបានកាន់តាមព្រះបន្ទូលរបស់ព្រះអម្ចាស់ ដើម្បីប្រតិបត្តិតាមសេចក្ដីទាំងប៉ុន្មាន ដែលមានចែងទុកក្នុងគម្ពីរនេះទេ»។
22 លោកបូជាចារ្យហ៊ីលគីយ៉ា និងអស់លោកដែលព្រះរាជាចាត់ឲ្យទៅ បាននាំគ្នាទៅជួបព្យាការិនីហ៊ូលដាជាភរិយារបស់លោកសាលូម ជាកូនរបស់លោកកូនធីកវ៉ា ជាចៅរបស់លោកហារហាស និងជាអ្នកថែរក្សាសម្លៀកបំពាក់បូជាចារ្យ។ នាងរស់នៅក្នុងសង្កាត់ថ្មីនៃក្នុងក្រុងយេរូសាឡឹម។ លោកទាំងនោះជម្រាបព្យាការិនីតាមដំណើររឿង។