28 យើងនឹងឲ្យអ្នកទៅជួបជុំដូនតារបស់អ្នក អ្នកនឹងចែកស្ថានទៅដោយសុខសាន្ត គេនឹងបញ្ចុះសពអ្នក។ អ្នកនឹងពុំឃើញទុក្ខវេទនាទាំងប៉ុន្មានដែលយើងនឹងធ្វើឲ្យកើតមានដល់ទីក្រុង និងប្រជាជននេះឡើយ»។ ពួករាជបម្រើក៏នាំយកចម្លើយនេះទៅទូលស្ដេចវិញ។
29 ព្រះរាជាចាត់គេឲ្យទៅអញ្ជើញអស់លោកព្រឹទ្ធាចារ្យនៅស្រុកយូដា និងនៅក្រុងយេរូសាឡឹមមកគាល់។
30 បន្ទាប់មក ស្ដេចយាងទៅកាន់ព្រះដំណាក់របស់ព្រះអម្ចាស់ ជាមួយប្រជាជនទាំងអស់នៅស្រុកយូដា និងអ្នកក្រុងយេរូសាឡឹមទាំងមូល គឺមានអស់លោកបូជាចារ្យ ក្រុមលេវី និងប្រជាជនទាំងអស់ គ្រប់ជាន់ថ្នាក់។ ព្រះរាជាអានព្រះបន្ទូលទាំងប៉ុន្មាន ក្នុងគម្ពីរសម្ពន្ធមេត្រី ដែលគេរកឃើញក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ឲ្យប្រជាជនស្ដាប់។
31 ព្រះរាជាឈរនៅកន្លែងរបស់ស្ដេច នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ហើយចងសម្ពន្ធមេត្រីជាមួយព្រះអម្ចាស់ ដោយសន្យាថា សុខចិត្តដើរតាមព្រះអម្ចាស់ និងកាន់តាមបទបញ្ជា ដំបូន្មាន និងក្រឹត្យវិន័យរបស់ព្រះអង្គ ដោយស្មោះអស់ពីចិត្ត និងអស់ពីស្មារតី ដើម្បីប្រព្រឹត្តតាមសេចក្ដីក្នុងសម្ពន្ធមេត្រី ដែលមានចែងទុកក្នុងគម្ពីរនេះ។
32 ស្ដេចក៏បានសុំឲ្យអស់អ្នកដែលស្ថិតនៅក្រុងយេរូសាឡឹម និងអ្នកស្រុកបេនយ៉ាមីន ចូលរួមក្នុងការចងសម្ពន្ធមេត្រីនេះដែរ។ អ្នកក្រុងយេរូសាឡឹមនាំគ្នាធ្វើតាមសម្ពន្ធមេត្រីរបស់ព្រះជាម្ចាស់ ដែលជាព្រះនៃបុព្វបុរសរបស់ខ្លួន។
33 ព្រះបាទយ៉ូសៀសបានកំចាត់រូបព្រះគួរស្អប់ខ្ពើមរបស់សាសន៍ដទៃ ចេញពីទឹកដីអ៊ីស្រាអែលទាំងមូល។ ស្ដេចបង្គាប់ប្រជាជនទាំងអស់ ដែលរស់នៅស្រុកអ៊ីស្រាអែល ឲ្យគោរពបម្រើតែព្រះអម្ចាស់ ជាព្រះរបស់ខ្លួនប៉ុណ្ណោះ។ ក្នុងអំឡុងពេលដែលស្ដេចនៅគង់ព្រះជន្ម ពួកគេពុំបានបែកចិត្តចេញពីព្រះអម្ចាស់ ជាព្រះនៃបុព្វបុរសរបស់ខ្លួនឡើយ។