8 នៅឆ្នាំទីដប់ប្រាំបីនៃរជ្ជកាលរបស់ស្ដេច គឺនៅគ្រាដែលស្ដេចកំពុងតែជម្រះស្រុក និងព្រះវិហារ ឲ្យបានបរិសុទ្ធ ព្រះបាទយ៉ូសៀសចាត់លោកសាផាន ជាកូនរបស់លោកអសាលា លោកម៉ាសេយ៉ា ជាអភិបាលក្រុង ព្រមទាំងលោកយ៉ូអា ជាកូនរបស់លោកយ៉ូអាហាស និងជាស្មៀនហ្លួង ឲ្យទៅជួសជុលព្រះដំណាក់របស់ព្រះអម្ចាស់ ជាព្រះរបស់ស្ដេច។
9 លោកទាំងនោះក៏ទៅជួបលោកមហាបូជាចារ្យ*ហ៊ីលគីយ៉ា។ គេយកប្រាក់ដែលប្រជាជនថ្វាយសម្រាប់ព្រះដំណាក់មក គឺប្រាក់ដែលក្រុមលេវី ជាឆ្មាំទ្វារ បានទទួលពីប្រជាជននៃកុលសម្ព័ន្ធម៉ាណាសេ អេប្រាអ៊ីម និងកុលសម្ព័ន្ធឯទៀតៗនៃជនជាតិអ៊ីស្រាអែល ព្រមទាំងប្រជាជនពីកុលសម្ព័ន្ធយូដា បេនយ៉ាមីន និងអ្នកក្រុងយេរូសាឡឹម។
10 គេប្រគល់ប្រាក់នោះទៅពួកមេជាង ដែលទទួលខុសត្រូវជួសជុលព្រះដំណាក់របស់ព្រះអម្ចាស់ ដើម្បីបង់ថ្លៃឈ្នួលពួកកម្មករដែលជួសជុលព្រះដំណាក់ឲ្យបានរឹងមាំឡើងវិញ
11 គឺមានពួកជាងឈើ ជាងសំណង់ និងសម្រាប់ទិញថ្មដាប់ និងឈើ សម្រាប់ប្រើជាធ្នឹម ផ្លាន ហើយសម្រាប់ជួសជុលអាគារផ្សេងៗ ដែលស្ដេចស្រុកយូដាជំនាន់មុនៗបានបំផ្លាញ។
12 មេជាងទាំងនោះធ្វើការដោយចិត្តស្មោះបំផុត។ ពួកគេធ្វើការក្រោមបញ្ជារបស់លោកយ៉ាហាត់ និងលោកអូបាឌា ជាក្រុមលេវី មកពីអំបូរម៉្រារី។ លោកសាការី និងលោកមស៊ូឡាម ជាក្រុមលេវីមកពីអំបូរកេហាត់ ជាអ្នកត្រួតពិនិត្យលើការសាងសង់។ ពួកលេវីទាំងនេះសុទ្ធតែជាតន្ត្រីករយ៉ាងជំនាញ។
13 ពួកគេក៏មានភារកិច្ចមើលខុសត្រូវអ្នកលីសែង ព្រមទាំងកម្មករដែលធ្វើការងារឯទៀតៗដែរ។ ពួកលេវីមួយចំនួនទៀតបំពេញមុខងារជាស្មៀន រាជការ និងជាឆ្មាំព្រះដំណាក់។
14 ពេលគេយកប្រាក់ ដែលប្រជាជនថ្វាយជាតង្វាយសម្រាប់ព្រះដំណាក់របស់ព្រះអម្ចាស់ចេញមក នោះលោកមហាបូជាចារ្យហ៊ីលគីយ៉ារកឃើញគម្ពីរវិន័យ ដែលព្រះអម្ចាស់ប្រទានមកតាមរយៈលោកម៉ូសេ។