២ របាក្សត្រ 36:10-16 KHSV

10 នៅ​ពេល​ចូល​ឆ្នាំ ព្រះ‌ចៅ​នេប៊ូ‌ក្នេសា​ចាប់​ស្ដេច ព្រម​ទាំង​យក​ទ្រព្យ​សម្បត្តិ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ នាំ​ទៅ​ស្រុក​បាប៊ី‌ឡូន។ ព្រះ‌ចៅ​នេប៊ូ‌ក្នេសា​បាន​តែង‌តាំង​ព្រះ‌បាទ​សេដេ‌គា ជា​អនុជ​របស់​ព្រះ‌បាទ​យ៉ូយ៉ា‌គីន ឲ្យ​សោយ​រាជ្យ​លើ​ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡឹម។

11 កាល​ព្រះ‌បាទ​សេដេ‌គា​ឡើង​សោយ​រាជ្យ ស្ដេច​មាន​ជន្មាយុ​ម្ភៃ​មួយ​ព្រះ‌វស្សា ស្ដេច​សោយ​រាជ្យ​បាន​ដប់​មួយ​ឆ្នាំ​នៅ​ក្រុង​យេរូ‌សាឡឹម។

12 ព្រះ‌បាទ​សេដេ‌គា​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ស្ដេច​ទេ ហើយ​ពេល​ព្យាកា‌រី​យេរេមា​ថ្លែង​ព្រះ‌បន្ទូល​ក្នុង​នាម​ព្រះ‌អម្ចាស់ ក៏​ស្ដេច​ពុំ​ព្រម​សារ‌ភាព​កំហុស​ដែរ។

13 ព្រះ‌ចៅ​នេប៊ូ‌ក្នេសា​បាន​ឲ្យ​ស្ដេច​ស្បថ​ក្នុង​នាម​ព្រះ‌ជាម្ចាស់ ប៉ុន្តែ ទោះ​បី​យ៉ាង​នេះ​ក្ដី ក៏​ស្ដេច​នៅ​តែ​បះ‌បោរ​ប្រឆាំង​នឹង​ព្រះ‌ចៅ​នេប៊ូ‌ក្នេសា​ដែរ។ ស្ដេច​តាំង​ចិត្ត​មានះ មិន​ព្រម​វិល​ត្រឡប់​មក​រក​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​ទេ។

14 មេ​ដឹក​នាំ​ទាំង​អស់​របស់​ក្រុម​បូជា‌ចារ្យ ព្រម​ទាំង​ប្រជា‌ជន នាំ​គ្នា​ប្រព្រឹត្ត​អំពើ​អាក្រក់​ក្បត់​ព្រះ‌ជាម្ចាស់​កាន់​តែ​ច្រើន​ឡើងៗ ពួក​គេ​ប្រព្រឹត្ត​អំពើ​គួរ​ស្អប់​ខ្ពើម​របស់​ប្រជា‌ជាតិ​នានា ហើយ​បន្ថោក​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ដែល​ព្រះ‌អង្គ​បាន​ញែក​ជា​សក្ការៈ​នៅ​ក្រុង​យេរូ‌សាឡឹម។

15 ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​បុព្វបុរស​របស់​ពួក​គេ បាន​ចាត់​អ្នក​បម្រើ​របស់​ព្រះ‌អង្គ ឲ្យ​ទៅ​ដាស់‌តឿន​ពួក​គេ​ជា​ច្រើន​ដង ព្រោះ​ព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ​មេត្តា​ប្រជា‌រាស្ត្រ និង​ព្រះ‌ដំណាក់​របស់​ព្រះ‌អង្គ​ផ្ទាល់។

16 ប៉ុន្តែ ពួក​គេ​បែរ​ជា​ប្រមាថ​អ្នក​ដែល​ព្រះ‌អង្គ​ចាត់​ឲ្យ​ទៅ ពួក​គេ​មើល‌ងាយ​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ ព្រម​ទាំង​ប្រមាថ​ពួក​ព្យាកា‌រី រហូត​ធ្វើ​ឲ្យ​ព្រះ‌អង្គ​ទ្រង់​ព្រះ‌ពិរោធ​ទាស់​នឹង​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​យ៉ាង​ខ្លាំង មិន​អាច​ប្រែ‌ប្រួល​បាន។