២ របាក្សត្រ 5:1-7 KHSV

1 ព្រះ‌បាទ​សាឡូម៉ូន​បាន​ធ្វើ​គ្រឿង​ប្រដាប់​សម្រាប់​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ចប់​សព្វ​គ្រប់។ បន្ទាប់​មក ស្ដេច​នាំ​យក​វត្ថុ​អំពី​មាស​ប្រាក់ និង​គ្រឿង​ប្រដាប់​ផ្សេងៗ​ទៀត ដែល​ព្រះ‌បាទ​ដាវីឌ ជា​បិតា បាន​ញែក​ថ្វាយ​ព្រះ‌អម្ចាស់​មក​ទុក​ក្នុង​ឃ្លាំង​នៃ​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់។

2 គ្រា​នោះ ព្រះ‌បាទ​សាឡូម៉ូន​បាន​អញ្ជើញ​ពួក​ព្រឹទ្ធា‌ចារ្យ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ពួក​មេ​ដឹក​នាំ​កុល‌សម្ព័ន្ធ​ទាំង​ប៉ុន្មាន និង​តំណាង​ក្រុម​គ្រួសារ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ឲ្យ​មក​ក្រុង​យេរូ‌សាឡឹម ដើម្បី​ដង្ហែ​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌អម្ចាស់ ពី​បុរី​ព្រះ‌បាទ​ដាវីឌ គឺ​ក្រុង​ស៊ីយ៉ូន មក​ព្រះ‌ដំណាក់។

3 ពេល​នោះ ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​អស់​នាំ​គ្នា​មក​គាល់​ព្រះ‌រាជា ដើម្បី​ចូល​រួម​ក្នុង​ពិធី​បុណ្យ​នៅ​ខែ​ទី​ប្រាំ‌ពីរ។

4 កាល​ព្រឹទ្ធា‌ចារ្យ​ទាំង​អស់​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​អញ្ជើញ​មក​ដល់​ហើយ ពួក​លេវី​ក៏​នាំ​គ្នា​សែង​ហិប។

5 ពួក​គេ​ដង្ហែ​ហិប​នៃ​សម្ពន្ធ‌មេត្រី ព្រម​ទាំង​ពន្លា​ជួប​ព្រះ‌អម្ចាស់ និង​វត្ថុ​សក្ការៈ​ទាំង​ប៉ុន្មាន​ដែល​ស្ថិត​នៅ​ក្នុង​ពន្លា មក​ជា​មួយ​ដែរ ពួក​បូជា‌ចារ្យ​លេវី​ជា​អ្នក​សែង។

6 ព្រះ‌បាទ​សាឡូម៉ូន និង​សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល ដែល​ស្ដេច​បាន​អញ្ជើញ​ឲ្យ​មក​នោះ នាំ​គ្នា​ឈរ​នៅ​មុខ​ហិប​សម្ពន្ធ‌មេត្រី ហើយ​យក​ចៀម និង​គោ យ៉ាង​ច្រើន​ឥត​គណនា ថ្វាយ​ជា​យញ្ញ‌បូជា។

7 ពួក​បូជា‌ចារ្យ​សែង​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌អម្ចាស់ ទៅ​តម្កល់​ត្រង់​កន្លែង​ដែល​គេ​បម្រុង​ទុក ក្នុង​ទី‌សក្ការៈ​របស់​ព្រះ‌ដំណាក់ គឺ​ក្នុង​ទី‌សក្ការៈ​បំផុត នៅ​ក្រោម​ស្លាប​របស់​ចេរូប៊ីន។