10 ក្នុងហិបគ្មានអ្វីក្រៅពីថ្មពីរបន្ទះ ដែលលោកម៉ូសេបានតម្កល់ទុកនោះឡើយ គឺបន្ទះថ្មដែលលោកទទួលនៅភ្នំហោរែប កាលព្រះអម្ចាស់បានចងសម្ពន្ធមេត្រីជាមួយជនជាតិអ៊ីស្រាអែល ក្រោយពេលពួកគេចាកចេញពីស្រុកអេស៊ីប។
11 ពួកបូជាចារ្យក៏ចេញពីទីសក្ការៈមកវិញ។ ពួកបូជាចារ្យទាំងអស់ដែលមានវត្តមាននៅទីនោះ បានធ្វើពិធីជម្រះកាយឲ្យបានវិសុទ្ធ ដោយពុំគិតពីក្រុមរបស់ខ្លួនឡើយ។
12 រីឯពួកលេវី ជាអ្នកចម្រៀង មានលោកអេសាភ លោកហេម៉ាន លោកយេឌូថិន ព្រមទាំងកូនចៅ និងបងប្អូនក្នុងអំបូររបស់ពួកគេ សុទ្ធតែស្លៀកពាក់ក្រណាត់ទេសឯក ហើយកាន់ស្គរ ឃឹម និងពិណ ឈរនៅខាងកើតអាសនៈ។ មានបូជាចារ្យមួយរយម្ភៃនាក់ឈរនៅជាមួយក្រុមចម្រៀង ទាំងផ្លុំត្រែផង។
13 ក្រុមអ្នកផ្លុំត្រែ និងក្រុមចម្រៀង នាំគ្នាប្រគំជាបទភ្លេង និងបន្លឺសំឡេងច្រៀងព្រមគ្នា ដើម្បីសរសើរ និងលើកតម្កើងព្រះអម្ចាស់។ កាលសំឡេងត្រែ ស្គរ និងឧបករណ៍តន្ត្រីឯទៀតៗប្រគំឡើង ក្រុមចម្រៀងនាំគ្នាច្រៀងសរសើរព្រះអម្ចាស់ ដោយពាក្យថា «ព្រះអង្គជាព្រះដ៏ល្អសប្បុរស ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតទៅ!» ស្រាប់តែមានពពកពេញក្នុងព្រះដំណាក់របស់ព្រះអម្ចាស់។
14 ដោយសារពពក ក្រុមបូជាចារ្យពុំអាចបំពេញមុខងាររបស់ខ្លួនបានឡើយ ដ្បិតសិរីរុងរឿងរបស់ព្រះអម្ចាស់ស្ថិតនៅពេញក្នុងព្រះដំណាក់របស់ព្រះអង្គ។