35 សូមព្រះអង្គដែលគង់នៅស្ថានបរមសុខ ស្ដាប់ពាក្យអធិស្ឋាន និងពាក្យទូលអង្វររបស់ពួកគេ ហើយរកយុត្តិធម៌ឲ្យពួកគេផង។
36 កាលណាជនជាតិអ៊ីស្រាអែលប្រព្រឹត្តអំពើបាបទាស់នឹងព្រះហឫទ័យរបស់ព្រះអង្គ ដ្បិតគ្មាននរណាម្នាក់មិនប្រព្រឹត្តអំពើបាបឡើយ ពេលនោះ ព្រះអង្គទ្រង់ព្រះពិរោធនឹងពួកគេ ហើយប្រគល់ពួកគេទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ។ ពេលខ្មាំងកៀរពួកគេទៅជាឈ្លើយនៅស្រុកមួយ ទោះបីឆ្ងាយ ឬជិតក្ដី
37 ប្រសិនបើនៅក្នុងស្រុកដែលពួកគេជាប់ជាឈ្លើយ ពួកគេភ្ញាក់រលឹក រួចវិលមករកព្រះអង្គវិញ ហើយទូលអង្វរថា “យើងខ្ញុំបានប្រព្រឹត្តអំពើបាប យើងខ្ញុំបានប្រព្រឹត្តខុស យើងខ្ញុំបានប្រព្រឹត្តអំពើអាក្រក់!”។
38 នៅក្នុងស្រុកដែលខ្មាំងចាប់ពួកគេយកទៅជាឈ្លើយនោះ ប្រសិនបើពួកគេវិលមករកព្រះអង្គយ៉ាងអស់ពីចិត្ត អស់ពីគំនិត រួចទូលអង្វរព្រះអង្គ ឆ្ពោះមកស្រុកដែលព្រះអង្គប្រទានឲ្យដូនតារបស់គេ ឆ្ពោះមកក្រុងដែលព្រះអង្គបានជ្រើសរើស និងឆ្ពោះមកព្រះដំណាក់ដែលទូលបង្គំបានសង់សម្រាប់ព្រះនាមរបស់ព្រះអង្គ
39 សូមព្រះអង្គដែលគង់នៅស្ថានបរមសុខ ទ្រង់ព្រះសណ្ដាប់ពាក្យអធិស្ឋាន និងពាក្យទូលអង្វររបស់ពួកគេ ហើយរកយុត្តិធម៌ឲ្យពួកគេផង។ សូមលើកលែងទោសឲ្យប្រជារាស្ត្ររបស់ព្រះអង្គ ដែលបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះហឫទ័យព្រះអង្គ។
40 បពិត្រព្រះនៃទូលបង្គំ ឥឡូវនេះ សូមព្រះអង្គទតមើលមកទូលបង្គំ! សូមព្រះអង្គផ្ទៀងព្រះកាណ៌ស្ដាប់ពាក្យដែលយើងខ្ញុំអធិស្ឋាន នៅទីនេះផង។
41 ព្រះជាអម្ចាស់អើយ ឥឡូវនេះ សូមក្រោកឡើងសូមយាងមកជាមួយហិបនៃឫទ្ធានុភាពរបស់ព្រះអង្គហើយគង់នៅក្នុងទីសម្រាករបស់ព្រះអង្គរហូតតទៅ។ ព្រះជាអម្ចាស់អើយសូមឲ្យការសង្គ្រោះស្ថិតនៅជាប់ជាមួយពួកបូជាចារ្យរបស់ព្រះអង្គ ដូចសម្លៀកបំពាក់ហើយសូមឲ្យប្រជារាស្ត្ររបស់ព្រះអង្គជួបប្រទះតែនឹងសុភមង្គល!