២ របាក្សត្រ 8:1-7 KHSV

1 ព្រះ‌បាទ​សាឡូម៉ូន​ចំណាយ​ពេល​អស់​ម្ភៃ​ឆ្នាំ ដើម្បី​កសាង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ និង​វាំង​របស់​ស្ដេច។

2 ព្រះ‌រាជា​សង់​ក្រុង​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌បាទ​ហ៊ីរ៉ាម ជា​ស្ដេច​ក្រុង​ទីរ៉ុស បាន​ថ្វាយ​នោះ​ឡើង​វិញ រួច​ឲ្យ​ប្រជា‌ជន​អ៊ីស្រា‌អែល​ទៅ​រស់​នៅ។

3 ព្រះ‌បាទ​សាឡូម៉ូន​លើក​ទ័ព​ទៅ​វាយ​យក​ក្រុង​ហា‌ម៉ាត់ នៅ​ស្រុក​សូបា ហើយ​កាន់​កាប់​ក្រុង​នោះ។

4 ស្ដេច​ក៏​បាន​សង់​ក្រុង​ថាត់‌ម៉ោរ នៅ​តំបន់​វាល​រហោ‌ស្ថាន ព្រម​ទាំង​ក្រុង​នានា ធ្វើ​ជា​ឃ្លាំង​ដាក់​ស្បៀង នៅ​តំបន់​ហា‌ម៉ាត់។

5 ស្ដេច​បាន​សង់​ក្រុង​បេត‌ហូរ៉ូន​ខាង​លើ និង​បេត‌ហូរ៉ូន​ខាង​ក្រោម ជា​ក្រុង​ដែល​មាន​បន្ទាយ និង​កំពែង​ព័ទ្ធ​ជុំ‌វិញ ហើយ​មាន​ទ្វារ និង​រនុក​ផង។

6 ស្ដេច​ក៏​បាន​សង់​ក្រុង​បាឡាត និង​ក្រុង​ទាំង​ប៉ុន្មាន ដែល​ស្ដេច​ទុក​ធ្វើ​ជា​ឃ្លាំង​សម្រាប់​ដាក់​ស្បៀង ឃ្លាំង​សម្រាប់​ដាក់​រទេះ​ចំបាំង និង​សម្រាប់​ពល​សេះ។ ព្រះ‌បាទ​សាឡូម៉ូន​បាន​សង់​អ្វីៗ​ទាំង​អស់ ដែល​ស្ដេច​សព្វ​ព្រះ‌ហឫទ័យ នៅ​ក្រុង​យេរូ‌សាឡឹម នៅ​ស្រុក​លីបង់ និង​ក្នុង​នគរ​ទាំង​ប៉ុន្មាន​ដែល​ស្ដេច​គ្រប់‌គ្រង។

7 ជាតិ​សាសន៍​ទាំង​អស់​ដែល​នៅ​សេស‌សល់​ពី​ជន‌ជាតិ​ហេត ជន‌ជាតិ​អាម៉ូរី ជន‌ជាតិ​ពេរិ‌ស៊ីត ជន‌ជាតិ​ហេវី និង​ជន‌ជាតិ​យេប៊ូស មិន​បាន​រាប់​បញ្ចូល​ក្នុង​ចំណោម​កូន​ចៅ​អ៊ីស្រា‌អែល​ទេ។