14 ព្រះបាទសាឡូម៉ូនបានតែងតាំងបូជាចារ្យជាក្រុមៗ តាមមុខងាររបស់ពួកគេ ដូចព្រះបាទដាវីឌ ជាបិតា បានចាត់ចែងទុកមក។ ស្ដេចតែងតាំងក្រុមលេវីឲ្យបំពេញមុខងាររបស់ខ្លួនដែរ គឺច្រៀងសរសើរព្រះអម្ចាស់ និងជួយក្រុមបូជាចារ្យក្នុងការងារប្រចាំថ្ងៃ ដូចមានចែងទុក។ ស្ដេចក៏បានចាត់ឲ្យអ្នកយាមទ្វារ ប្រចាំការនៅមាត់ទ្វារនីមួយៗ តាមក្រុមរបស់ខ្លួនដែរ។ នេះជាវិន័យដែលព្រះបាទដាវីឌ ជាជំនិតរបស់ព្រះជាម្ចាស់ បានបង្គាប់ទុក។
15 គេពុំបានប្រព្រឹត្តខុសនឹងបញ្ជាដែលស្ដេចបានចែងទុក ស្ដីពីក្រុមបូជាចារ្យ និងក្រុមលេវី ឬបញ្ជាផ្សេងទៀត ស្ដីអំពីទ្រព្យសម្បត្តិរបស់ព្រះដំណាក់ឡើយ។
16 ព្រះបាទសាឡូម៉ូនបានសម្រេចគម្រោងការទាំងអស់ជាស្ថាពរ គឺចាប់ពីថ្ងៃចាក់គ្រឹះព្រះដំណាក់របស់ព្រះអម្ចាស់ រហូតដល់ថ្ងៃបង្ហើយ គឺការសង់ព្រះដំណាក់របស់ព្រះអម្ចាស់បានចប់សព្វគ្រប់។
17 គ្រានោះ ព្រះបាទសាឡូម៉ូនបានយាងទៅក្រុងអេស៊ាន-គេប៊ើរ និងក្រុងអេឡុត ដែលនៅមាត់សមុទ្រ ក្នុងស្រុកអេដុម។
18 ព្រះបាទហ៊ីរ៉ាមបានបញ្ជូនសំពៅ ដឹកនាំដោយទាហានជើងទឹកស្ទាត់ជំនាញខាងសមុទ្រ មកថ្វាយព្រះបាទសាឡូម៉ូន។ ពួកគេធ្វើដំណើរជាមួយទាហានរបស់ព្រះបាទសាឡូម៉ូន ទៅដល់ស្រុកអូភារ ហើយនាំយកមាសទម្ងន់ដប់ប្រាំមួយតោន មកថ្វាយព្រះបាទសាឡូម៉ូន។