15 ដូច្នេះ ខ្ញុំក៏មានបំណងនាំដំណឹងល្អ មកជូនបងប្អូននៅក្រុងរ៉ូមនេះដែរ
16 ដ្បិតខ្ញុំមិនខ្មាសនឹងប្រកាសដំណឹងល្អទេ ព្រោះដំណឹងល្អនេះជាឫទ្ធានុភាពរបស់ព្រះជាម្ចាស់ សម្រាប់សង្គ្រោះអស់អ្នកដែលជឿ គឺមុនដំបូងសាសន៍យូដា បន្ទាប់មក សាសន៍ក្រិក។
17 ដំណឹងល្អនេះសម្តែងឲ្យដឹងថា ព្រះជាម្ចាស់ប្រោសប្រទានឲ្យមនុស្សបានសុចរិត ដោយសារជំនឿ និងឲ្យគេកាន់តាមជំនឿ ដូចមានចែងទុកមកថា: «មនុស្សសុចរិតមានជីវិតរស់ ដោយសារជំនឿ»។
18 ព្រះជាម្ចាស់សម្តែងព្រះពិរោធពីស្ថានបរមសុខ*មក ប្រឆាំងនឹងការមិនគោរពប្រណិប័តន៍ព្រះអង្គ ប្រឆាំងនឹងអំពើទុច្ចរិតគ្រប់យ៉ាងដែលមនុស្សលោកប្រព្រឹត្ត ទាំងយកអំពើទុច្ចរិតនោះខ្ទប់សេចក្ដីពិតមិនឲ្យលេចចេញមក
19 ដ្បិតអ្វីៗដែលមនុស្សលោកអាចស្គាល់ពីព្រះជាម្ចាស់ នោះមានជាក់ច្បាស់ក្នុងចំណោមពួកគេហើយ ព្រោះព្រះអង្គបានសម្តែងឲ្យគេឃើញ។
20 លក្ខណៈដ៏ប្រសើរបំផុតរបស់ព្រះអង្គ ដែលមនុស្សមើលពុំឃើញ គឺឫទ្ធានុភាពដែលនៅស្ថិតស្ថេរអស់កល្បជានិច្ចក្តី ឬឋានៈរបស់ព្រះអង្គជាព្រះជាម្ចាស់ក្តី ព្រះអង្គបានសម្តែងឲ្យគេឃើញ តាំងពីកំណើតពិភពលោកមកម៉្លេះ នៅពេលណាដែលគេរិះគិតអំពីស្នាព្រះហស្ដរបស់ព្រះអង្គ។ ដូច្នេះ គេពុំអាចដោះសាខ្លួនបានឡើយ
21 ដ្បិតគេបានស្គាល់ព្រះជាម្ចាស់ តែពុំបានលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ ឲ្យសមនឹងឋានៈរបស់ព្រះជាម្ចាស់ទេ ហើយគេក៏ពុំបានអរព្រះគុណព្រះអង្គទៀតផង។ ផ្ទុយទៅវិញ គេបានវង្វេងទៅតាមការរិះគិតរបស់ខ្លួន ហើយចិត្តល្ងីល្ងើរបស់គេ ក៏បែរទៅជាងងឹតសូន្យសុងដែរ។