1 ហេតុនេះ បងប្អូនអើយ ខ្ញុំសូមដាស់តឿនបងប្អូនថា ដោយព្រះជាម្ចាស់មានព្រះហឫទ័យអាណិតអាសូរបងប្អូន ចូរថ្វាយខ្លួនទៅព្រះអង្គ ទុកជាយញ្ញបូជាដ៏មានជីវិត ដ៏វិសុទ្ធ* ហើយជាទីគាប់ព្រះហឫទ័យរបស់ព្រះជាម្ចាស់។ បើបងប្អូនធ្វើដូច្នេះ ទើបហៅថាគោរពបម្រើព្រះអង្គតាមរបៀបត្រឹមត្រូវមែន។
2 មិនត្រូវយកតម្រាប់តាមនិស្ស័យលោកីយ៍នេះឡើយ ត្រូវទុកឲ្យព្រះជាម្ចាស់កែប្រែចិត្តគំនិតបងប្អូន ឲ្យទៅជាថ្មីទាំងស្រុងវិញ ដើម្បីឲ្យបងប្អូនចេះពិចារណាមើលថា ព្រះជាម្ចាស់សព្វព្រះហឫទ័យនឹងអ្វីខ្លះ គឺអ្វីដែលល្អ ដែលគាប់ព្រះហឫទ័យព្រះអង្គ និងគ្រប់លក្ខណៈ។
3 ខ្ញុំសូមជម្រាបបងប្អូន តាមព្រះអំណោយទានដែលព្រះជាម្ចាស់បានប្រទានមកខ្ញុំថា ម្នាក់ៗមិនត្រូវលើកតម្លៃខ្លួនឯងខ្ពស់ ហួសពីគំនិតដែលត្រូវគិតនោះឡើយ តែត្រូវគិតឲ្យបានសមរម្យតាមកម្រិតនៃជំនឿ ដែលព្រះជាម្ចាស់ប្រទានឲ្យម្នាក់ៗ។
4 រូបកាយមនុស្សយើងមានសរីរាង្គច្រើន ហើយសរីរាង្គនីមួយៗមានមុខងារខុសៗគ្នាយ៉ាងណា
5 យើងក៏ដូច្នោះដែរ យើងមានគ្នាច្រើនរួមជាព្រះកាយតែមួយក្នុងអង្គព្រះគ្រិស្ដ ហើយម្នាក់ៗជាសរីរាង្គរបស់គ្នាទៅវិញទៅមក។
6 យើងមានព្រះអំណោយទានប្លែកៗពីគ្នា ស្របតាមព្រះគុណដែលព្រះជាម្ចាស់ប្រទានមកយើង។ ប្រសិនបើបងប្អូនណាទទួលព្រះអំណោយទានខាងថ្លែង*ព្រះបន្ទូល ត្រូវថ្លែងឲ្យស្របតាមជំនឿ
7 អ្នកណាទទួលព្រះអំណោយទានខាងបម្រើ ចូរបម្រើទៅ អ្នកណាទទួលព្រះអំណោយទានខាងបង្រៀន ចូរបង្រៀនទៅ
8 អ្នកដែលលើកទឹកចិត្តបងប្អូន ចូរលើកទឹកចិត្តគេទៅ អ្នកដែលចែកទ្រព្យរបស់ខ្លួន ចូរចែកដោយចិត្តស្មោះសរ អ្នកដែលដឹកនាំ ចូរដឹកនាំដោយចិត្តខ្នះខ្នែង អ្នកដែលចែកទានដល់ជនក្រីក្រ ចូរចែកឲ្យគេដោយចិត្តត្រេកអរ។
9 ចូរមានចិត្តស្រឡាញ់ ដោយឥតលាក់ពុតឡើយ។ ចូរស្អប់ខ្ពើមអ្វីៗដែលអាក្រក់ ហើយជាប់ចិត្តតែនឹងអ្វីៗដែលល្អវិញ។
10 ចូរស្រឡាញ់រាប់អានគ្នាទៅវិញទៅមក ទុកដូចជាបងប្អូនបង្កើត។ ត្រូវលើកកិត្តិយសគ្នាទៅវិញទៅមកដោយចិត្តគោរព។
11 ត្រូវឧស្សាហ៍ខ្នះខ្នែង កុំខ្ជិលច្រអូសឡើយ។ ត្រូវបម្រើព្រះអម្ចាស់ដោយចិត្តក្លៀវក្លា។
12 ចូរសប្បាយរីករាយដោយចិត្តសង្ឃឹម។ ចូរកាន់ចិត្តអត់ធ្មត់ក្នុងពេលមានទុក្ខលំបាក។ ចូរព្យាយាមអធិស្ឋាន*។
13 ត្រូវជួយទំនុកបម្រុងប្រជាជនដ៏វិសុទ្ធ*ដែលខ្វះខាត ព្រមទាំងទទួលភ្ញៀវដោយរាក់ទាក់ផង។
14 ត្រូវជូនពរអស់អ្នកដែលបៀតបៀនបងប្អូន ត្រូវជូនពរគេ កុំដាក់បណ្ដាសាគេឡើយ។
15 ចូរអរសប្បាយជាមួយអស់អ្នកដែលអរសប្បាយ ចូរយំសោកជាមួយអស់អ្នកដែលយំសោក។
16 ត្រូវមានចិត្តគំនិតចុះសំរុងគ្នាទៅវិញទៅមក។ មិនត្រូវមានគំនិតលើកខ្លួនឡើយ តែត្រូវចាប់ចិត្តនឹងអ្វីៗដែលទន់ទាបវិញ។ មិនត្រូវអួតខ្លួនថាជាអ្នកមានប្រាជ្ញាឡើយ។
17 កុំប្រព្រឹត្តអំពើអាក្រក់តបនឹងអំពើអាក្រក់ ត្រូវគិតតែពីប្រព្រឹត្តអំពើល្អនៅចំពោះមុខមនុស្សទាំងអស់វិញ។
18 ផ្នែកឯខាងបងប្អូន ប្រសិនបើបងប្អូនអាចធ្វើបាន ត្រូវរស់នៅដោយសុខសាន្តជាមួយមនុស្សទាំងអស់ទៅ។
19 បងប្អូនជាទីស្រឡាញ់អើយ មិនត្រូវសងសឹកដោយខ្លួនឯងឡើយ គឺទុកឲ្យព្រះជាម្ចាស់សម្តែងព្រះពិរោធចំពោះគេវិញ ដ្បិតមានចែងទុកមកថា: «ព្រះអម្ចាស់មានព្រះបន្ទូលថា “ការសងសឹកស្រេចតែលើយើង គឺយើងទេតើដែលនឹងតបទៅគេ”។
20 ផ្ទុយទៅវិញ “ប្រសិនបើខ្មាំងសត្រូវរបស់អ្នកឃ្លាន ចូរយកម្ហូបអាហារឲ្យគេបរិភោគទៅ ប្រសិនបើគេស្រេក ចូរឲ្យទឹកគេផឹកផង ធ្វើដូច្នេះ ប្រៀបបីដូចជាប្រមូលរងើកភ្លើងទៅដាក់ពីលើក្បាលរបស់គេ”»។
21 មិនត្រូវចាញ់ការអាក្រក់ឡើយ គឺត្រូវឈ្នះការអាក្រក់ ដោយប្រព្រឹត្តអំពើល្អវិញ។