រ៉ូម 1 KHSV

សេចក្ដី​ផ្ដើម

1 ខ្ញុំ ប៉ូល ជា​អ្នក​បម្រើ​​របស់​ព្រះ‌គ្រិស្ដ‌យេស៊ូ ព្រះ‌ជា‌ម្ចាស់*​បាន​ត្រាស់​ហៅ​ខ្ញុំ​ឲ្យ​ធ្វើ​ជា​សាវ័ក* និង​ជ្រើស​រើស​ខ្ញុំ​ឲ្យ​ប្រកាស​ដំណឹង‌ល្អ​របស់​ព្រះ‌អង្គ។

2 ដំណឹង‌ល្អ​នេះ ព្រះ‌ជា‌ម្ចាស់​បាន​សន្យា​ទុក​ជា​មុន​ក្នុង​ព្រះ‌គម្ពីរ តាម​រយៈ​ពួក​ព្យាការី*​របស់​ព្រះ‌អង្គ

3 ស្ដី​អំពី​ព្រះ‌បុត្រា​របស់​ព្រះ‌អង្គ។ បើ​គិត​តាម​មនុស្ស ព្រះ‌បុត្រា​ប្រសូត​មក​ក្នុង​ព្រះ‌រាជ‌វង្ស​របស់​ព្រះ‌បាទ​ដាវីឌ

4 តែ​បើ​គិត​តាម​ព្រះ‌វិញ្ញាណ ដែល​ផ្ដល់​ឲ្យ​មនុស្ស​បាន​វិសុទ្ធ*​វិញ​ ព្រះ‌ជា‌ម្ចាស់​បាន​តែង‌តាំង​ព្រះ‌អង្គ ជា​ព្រះ‌បុត្រា​ប្រកប​ដោយ​ឫទ្ធា‌នុភាព ដោយ​ប្រោស​ព្រះ‌អង្គ​ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ។

5 តាម​រយៈ​ព្រះ‌បុត្រា គឺ​ព្រះ‌អម្ចាស់​យេស៊ូ​គ្រិស្ដ យើង​ខ្ញុំ​បាន​ទទួល​ព្រះ‌គុណ និង​មុខ‌ងារ​ជា​សាវ័ក ដើម្បី​នាំ​ជាតិ​សាសន៍​ទាំង​អស់​ប្រតិបត្តិ​តាម​ជំនឿ សម្រាប់​លើក​តម្កើង​ព្រះ‌នាម​ព្រះ‌អង្គ។

6 បង‌ប្អូន​ដែល​ព្រះ‌យេស៊ូ​គ្រិស្ដ​បាន​ត្រាស់​ហៅ ក៏​នៅ​ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំង​នោះ​ដែរ។

7 សូម​ជម្រាប​មក​បង‌ប្អូន​ទាំង​អស់​នៅ​ក្រុង​រ៉ូម ជា​អ្នក​ដែល​ព្រះ‌ជា‌ម្ចាស់​ស្រឡាញ់ និង​ត្រាស់​ហៅ​ឲ្យ​ធ្វើ​ជា​ប្រជា‌ជន​ដ៏‌វិសុទ្ធ។សូម​ព្រះ‌ជា‌ម្ចាស់ ជា​ព្រះ‌បិតា​របស់​យើង និង​ព្រះ‌យេស៊ូ​គ្រិស្ដ​ជា‌អម្ចាស់ ប្រទាន​ព្រះ‌គុណ និង​សេចក្ដី​សុខ‌សាន្ត​ដល់​បង‌ប្អូន!។

លោក​ប៉ូល​មាន​បំណង​ទៅ​សួរ​សុខ​ទុក្ខ​គ្រិស្ដ‌បរិស័ទ​នៅ​ក្រុង​រ៉ូម

8 ជា​បឋម ខ្ញុំ សូម​អរ​ព្រះ‌គុណ​ព្រះ‌ជា‌ម្ចាស់​របស់​ខ្ញុំ តាម​រយៈ​ព្រះ‌យេស៊ូ‌គ្រិស្ដ* ព្រោះ​តែ​បង‌ប្អូន​ទាំង​អស់​គ្នា ដ្បិត​គេ​តំណាល​អំពី​ជំនឿ​របស់​បង‌ប្អូន​ក្នុង​សកល​លោក​ទាំង​មូល។

9 ព្រះ‌ជា‌ម្ចាស់​ដែល​ខ្ញុំ​គោរព​បម្រើ​យ៉ាង​ស្មោះ​ដោយ​ប្រកាស​ដំណឹង‌ល្អ*​អំពី​ព្រះ‌បុត្រា​របស់​ព្រះ‌អង្គ ព្រះ‌អង្គ​ធ្វើ​ជា​សាក្សី​ស្រាប់​ហើយ​ថា ខ្ញុំ​តែងតែ​នឹក​គិត​ដល់​បង‌ប្អូន​ជា‌និច្ច

10 គ្រប់​ពេល​ខ្ញុំ​អធិស្ឋាន* សូម​ព្រះ‌អង្គ​ប្រទាន​ឲ្យ​ខ្ញុំ​មាន​ឱកាស​មក​សួរ​សុខ​ទុក្ខ​បង‌ប្អូន បើ​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫទ័យ។

11 ខ្ញុំ​មាន​បំណង​ចង់​ជួប​មុខ​បង‌ប្អូន​យ៉ាង​ខ្លាំង ដើម្បី​ចែក​ព្រះ‌អំណោយ​ទាន​ណា​មួយ​របស់​ព្រះ‌វិញ្ញាណ​ជូន​បង‌ប្អូន ឲ្យ​បង‌ប្អូន​បាន​មាំ‌មួន​ឡើង

12 គឺ​ថា ពេល​យើង​នៅ​ជា​មួយ​គ្នា យើង​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ជំនឿ​ដែល​យើង​មាន​រួម​គ្នា ទាំង​បង‌ប្អូន​ទាំង​ខ្ញុំ។

13 បង‌ប្អូន​អើយ ខ្ញុំ​ចង់​ឲ្យ​បង‌ប្អូន​បាន​ជ្រាប​យ៉ាង​ច្បាស់​ថា ខ្ញុំ​មាន​គម្រោង‌ការ​ចង់​មក​ជួប​បង‌ប្អូន​ច្រើន​លើក​ច្រើន​សា​ហើយ ដើម្បី​ទទួល​ផល​ខ្លះ​ក្នុង​ចំណោម​បង‌ប្អូន ដូច​ខ្ញុំ​ធ្លាប់​បាន​ទទួល​ក្នុង​ចំណោម​សាសន៍​ឯ​ទៀតៗ​ដែរ ក៏​ប៉ុន្តែ មក​ទល់​ពេល​នេះ ខ្ញុំ​ចេះ​តែ​ខក​ខាន​មិន​បាន​មក។

14 ខ្ញុំ​ត្រូវ​តែ​បំពេញ​កិច្ចការ​ក្នុង​ចំណោម​សាសន៍​ក្រិក​ និង​ក្នុង​ចំណោម​សាសន៍​ដទៃ​ទៀត ក្នុង​ចំណោម​អ្នក​ប្រាជ្ញ និង​ក្នុង​ចំណោម​អ្នក​ល្ងង់។

15 ដូច្នេះ ខ្ញុំ​ក៏​មាន​បំណង​នាំ​ដំណឹង‌ល្អ មក​ជូន​បង‌ប្អូន​នៅ​ក្រុង​រ៉ូម​នេះ​ដែរ

16 ដ្បិត​ខ្ញុំ​មិន​ខ្មាស​នឹង​ប្រកាស​ដំណឹង‌ល្អ​ទេ ព្រោះ​ដំណឹង‌ល្អ​នេះ​ជា​ឫទ្ធា‌នុភាព​របស់​ព្រះ‌ជា‌ម្ចាស់ សម្រាប់​សង្គ្រោះ​អស់​អ្នក​ដែល​ជឿ គឺ​មុន​ដំបូង​សាសន៍​យូដា បន្ទាប់​មក សាសន៍​ក្រិក។

17 ដំណឹង‌ល្អ​នេះ​សម្តែង​ឲ្យ​ដឹង​ថា ព្រះ‌ជា‌ម្ចាស់​ប្រោស​ប្រទាន​ឲ្យ​មនុស្ស​បាន​សុចរិត ដោយ‌សារ​ជំនឿ និង​ឲ្យ​គេ​កាន់​តាម​ជំនឿ​ ដូច​មាន​ចែង​ទុក​មក​ថា: «មនុស្ស​សុចរិត​មាន​ជីវិត​រស់ ដោយ‌សារ​ជំនឿ»​។

ទោស​របស់​មនុស្ស​លោក

18 ព្រះ‌ជា‌ម្ចាស់​សម្តែង​ព្រះ‌ពិរោធ​​ពី​ស្ថាន​បរម‌សុខ*​មក ប្រឆាំង​នឹង​ការ​មិន​គោរព​ប្រណិ‌ប័តន៍​ព្រះ‌អង្គ ប្រឆាំង​នឹង​អំពើ​ទុច្ចរិត​គ្រប់​យ៉ាង​ដែល​មនុស្ស​លោក​ប្រព្រឹត្ត ទាំង​យក​អំពើ​ទុច្ចរិត​នោះ​ខ្ទប់​សេចក្ដី​ពិត​មិន​ឲ្យ​លេច​ចេញ​មក

19 ដ្បិត​អ្វីៗ​ដែល​មនុស្ស​លោក​អាច​ស្គាល់​ពី​ព្រះ‌ជា‌ម្ចាស់ នោះ​មាន​ជាក់​ច្បាស់​ក្នុង​ចំណោម​ពួក​គេ​ហើយ ព្រោះ​ព្រះ‌អង្គ​បាន​សម្តែង​ឲ្យ​គេ​ឃើញ។

20 លក្ខណៈ​ដ៏​ប្រសើរ​បំផុត​របស់​ព្រះ‌អង្គ ដែល​មនុស្ស​មើល​ពុំ​ឃើញ គឺ​ឫទ្ធា‌នុភាព​ដែល​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ច​ក្តី ឬ​ឋានៈ​របស់​ព្រះ‌អង្គ​ជា​ព្រះ‌ជា‌ម្ចាស់​ក្តី​ ព្រះ‌អង្គ​បាន​សម្តែង​ឲ្យ​គេ​ឃើញ តាំង​ពី​កំណើត​ពិភព​លោក​មក​ម៉្លេះ នៅ​ពេល​ណា​ដែល​គេ​រិះគិត​អំពី​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះ‌អង្គ។ ដូច្នេះ គេ​ពុំ​អាច​ដោះ‌សា​ខ្លួន​បាន​ឡើយ

21 ដ្បិត​គេ​បាន​ស្គាល់​ព្រះ‌ជា‌ម្ចាស់ តែ​ពុំ​បាន​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌អង្គ ឲ្យ​សម​នឹង​ឋានៈ​របស់​ព្រះ‌ជា‌ម្ចាស់​ទេ ហើយ​គេ​ក៏​ពុំ​បាន​អរ​ព្រះ‌គុណ​ព្រះ‌អង្គ​ទៀត​ផង។ ផ្ទុយ​ទៅ​វិញ គេ​បាន​វង្វេង​ទៅ​តាម​ការ​រិះគិត​របស់​ខ្លួន ហើយ​ចិត្ត​ល្ងី‌ល្ងើ​របស់​គេ ក៏​បែរ​ទៅ​ជា​ងងឹត​សូន្យ‌សុង​ដែរ។

22 គេ​អួត‌អាង​ថា​ខ្លួន​មាន​ប្រាជ្ញា តែ​បែរ​ជា​លេលា​ទៅ​វិញ។

23 គេ​មិន​បាន​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌ជា‌ម្ចាស់ ដែល​គង់​នៅ​អស់‌កល្ប​ជា‌និច្ច​ទេ គឺ​បែរ​ជា​យក​រូប​សំណាក​ដូច​ជា​រូប​តំណាង​មនុស្ស​ដែល​តែងតែ​ស្លាប់​ យក​រូប​តំណាង​សត្វ​ស្លាប សត្វ​ជើង​បួន និង​សត្វ​លូន​វារ មក​គោរព​ថ្វាយ‌បង្គំ​ជំនួស​វិញ។

24 ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌ជា‌ម្ចាស់​បណ្ដោយ​ឲ្យ​ពួក​គេ​ប្រព្រឹត្ត​អំពើ​សៅ‌ហ្មង តាម​ទំនើង​ចិត្ត​លោភ‌លន់​របស់​គេ រហូត​ដល់​ទៅ​បន្ថោក​រូប​កាយ​របស់​ខ្លួន​ឯង​ផ្ទាល់​ទៀត​ផង។

25 ពួក​គេ​និយម​ព្រះ‌ក្លែង‌ក្លាយ​ជា​ជាង​ព្រះ​ដ៏​ពិត​ប្រាកដ​ ហើយ​នាំ​គ្នា​ថ្វាយ‌បង្គំ និង​គោរព​បម្រើ​អ្វីៗ​ដែល​ព្រះ‌ជា‌ម្ចាស់​បង្កើត មក​ជំនួស​គោរព​បម្រើ​ព្រះ​ដែល​បាន​បង្កើត​អ្វីៗ​ទាំង​អស់​នោះ​វិញ។ សូម​លើក​តម្កើង​ព្រះ‌អង្គ​អស់‌កល្ប​ជា‌និច្ច! អាម៉ែន!។

26 ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌ជា‌ម្ចាស់​បណ្ដោយ​ឲ្យ​ពួក​គេ​ងប់​នឹង​តណ្ហា​ថោក​ទាប គឺ​ស្រីៗ​នាំ​គ្នា​លះ‌បង់​ការ​រួម​បវេណី​តាម​របៀប​ធម្មតា ទៅ​ប្រព្រឹត្ត​ផ្ទុយ​ពី​ធម្ម‌ជាតិ​វិញ

27 រីឯ​ប្រុសៗ​ក៏​ដូច្នោះ​ដែរ គេ​បាន​លះ‌បង់​ការ​រួម​បវេណី​ជា​មួយ​ស្រីៗ​តាម​របៀប​ធម្មតា ហើយ​ពុះ​កញ្ជ្រោល​ស្រើប‌ស្រាល​តែ​នឹង​ប្រុសៗ​គ្នា​ឯង។ គេ​ប្រព្រឹត្ត​អំពើ​ដែល​គួរ​ឲ្យ​អៀន​ខ្មាស រវាង​ប្រុស​នឹង​ប្រុស។ ពួក​គេ​ទទួល​ទណ្ឌ‌កម្ម​ក្នុង​រូប​កាយ​គេ​ផ្ទាល់ សម​នឹង​ការ​វង្វេង​របស់​គេ។

28 ដោយ​ពួក​គេ​យល់​ថា មិន​បាច់​ស្គាល់​ព្រះ‌ជា‌ម្ចាស់​យ៉ាង​ច្បាស់ ព្រះ‌អង្គ​ក៏​បណ្ដោយ​គេ​ទៅ​តាម​គំនិត​ឥត​ពិចារណា​របស់​ខ្លួន គឺ​ឲ្យ​គេ​ប្រព្រឹត្ត​អំពើ​ដែល​មិន​ត្រូវ​ប្រព្រឹត្ត។

29 ចិត្ត​របស់​ពួក​គេ​ពោរ‌ពេញ​ដោយ​គំនិត​ទុច្ចរិត​គ្រប់​យ៉ាង គំនិត​អាក្រក់ គំនិត​លោភ‌លន់ គំនិត​ពាល ពេញ​ទៅ​ដោយ​ចិត្ត​ច្រណែន‌ឈ្នានីស ចង់​សម្លាប់​គេ ឈ្លោះ​ប្រកែក ល្បិច​កិច្ចកល និង​អបាយ‌មុខ។ ពួក​គេ​ចូល​ចិត្ត​បរិហារ​កេរ្តិ៍​គ្នា

30 និយាយ​ដើម​គ្នា តាំង​ខ្លួន​ជា​សត្រូវ​នឹង​ព្រះ‌ជា‌ម្ចាស់ មាន​ចិត្ត​កំរោល​ឃោរ‌ឃៅ មាន​អំនួត​អួត​បំប៉ោង ប្រសប់​ខាង​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​ស្ដាប់​បង្គាប់​ឪពុក​ម្ដាយ។

31 ពួក​គេ​ជា​មនុស្ស​ល្ងី‌ល្ងើ​មាន​ចិត្ត​មិន​ទៀង ជា​មនុស្ស​អត់​ចិត្ត មិន​ចេះ​អាណិត​អាសូរ។

32 ពួក​គេ​ស្គាល់​ការ​វិនិច្ឆ័យ​របស់​ព្រះ‌ជា‌ម្ចាស់​យ៉ាង​ច្បាស់​ស្រាប់​ហើយ​ថា អ្នក​ណា​ប្រព្រឹត្ត​បែប​នេះ​នឹង​ត្រូវ​ទទួល​ទោស​ដល់​ស្លាប់។ គេ​មិន​ត្រឹម​តែ​ប្រព្រឹត្ត​ខ្លួន​ឯង​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​យល់​ស្រប​ជា​មួយ​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​បែប​នោះ​ផង​ដែរ។

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16