1 កាលបានរួចជីវិតហើយ យើងដឹងថា កោះនោះឈ្មោះ កោះម៉ាល់ត៍។
2 អ្នកកោះនោះបានទទួលយើង ដោយចិត្តសប្បុរស រកអ្វីប្រៀបផ្ទឹមពុំបាន។ គេអញ្ជើញយើងទាំងអស់គ្នាមកជុំវិញភ្នក់ភ្លើងមួយយ៉ាងធំ ដែលគេបានដុត ដ្បិតពេលនោះមានភ្លៀងធ្លាក់ ហើយធាតុអាកាសក៏ត្រជាក់ណាស់ផង។
3 លោកប៉ូលរើសមែកឈើមួយកងមកបោះក្នុងភ្លើង ស្រាប់តែមានពស់វែកមួយលូនចេញមក ដោយកម្ដៅភ្លើង ហើយចឹកដៃលោកជាប់។
4 កាលអ្នកកោះនោះឃើញពស់ចឹកដៃលោកជាប់ដូច្នេះ ក៏និយាយគ្នាថា៖ «អ្នកនេះពិតជាបានសម្លាប់គេហើយ ទោះបីគាត់ទើបនឹងរួចខ្លួនពីសមុទ្រនោះក៏ដោយ ក៏ព្រះយុត្តិធម៌ មិនទុកឲ្យគាត់នៅរស់រានមានជីវិតដែរ»។
5 លោកប៉ូលបានរលាស់ពស់នោះទម្លាក់ទៅក្នុងភ្លើង តែលោកពុំឈឺចុកចាប់អ្វីទេ។
6 អ្នកកោះនោះរង់ចាំមើលលោកប៉ូលហើមខ្លួន ឬក៏ត្រូវដាច់ខ្យល់ស្លាប់។ ប៉ុន្តែ ក្រោយពីចាំមើលអស់រយៈពេលយ៉ាងយូរមក គេឃើញថាគ្មានហេតុអាក្រក់កើតដល់លោកសោះ គេក៏ដូរគំនិត ហើយបែរជាពោលថាលោកប៉ូលជាព្រះវិញ។
7 នៅជិតនោះ មានដីមួយកន្លែង ដែលជាកម្មសិទ្ធិរបស់មេកន្ទ្រាញកោះ ឈ្មោះពូព្លាស។ គាត់បានទទួលយើងឲ្យស្នាក់នៅយ៉ាងរាក់ទាក់ ចំនួនបីថ្ងៃ។
8 ឪពុករបស់លោកពូព្លាសសម្រាន្ដនៅលើគ្រែ ព្រោះគាត់គ្រុនផង មួលផង។ លោកប៉ូលបានចូលទៅក្នុងផ្ទះគាត់ ហើយអធិស្ឋានដាក់ដៃ*ពីលើ និងប្រោសគាត់ឲ្យបានជា។
9 អ្នកជំងឺឯទៀតៗនៅលើកោះឃើញគាត់ជាដូច្នេះ គេក៏នាំគ្នាមកដែរ ហើយបានជាទាំងអស់គ្នា។
10 ពួកគេបានសម្តែងការគោរពគ្រប់យ៉ាង ចំពោះយើង។ នៅពេលយើងចេញដំណើរ ពួកគេបានជួយឧបត្ថម្ភនូវអ្វីៗដែលយើងត្រូវការ។
11 បីខែក្រោយមក យើងចុះសំពៅមួយឈ្មោះ «ឌីអូស្គួរ» ជាសំពៅមកពីក្រុងអលេក្សានទ្រា ដែលបានចតនៅកោះនោះក្នុងអំឡុងពេលរដូវរងា។
12 លុះមកដល់ក្រុងស៊ីរ៉ាគូស យើងបានស្នាក់នៅទីនោះបីថ្ងៃ។
13 បន្ទាប់មក យើងបានសសៀរតាមឆ្នេរសមុទ្រទៅដល់ក្រុងរេគាម។ ស្អែកឡើង មានខ្យល់បក់មកពីទិសខាងត្បូង ហើយក្នុងរវាងតែពីរថ្ងៃ យើងមកដល់ក្រុងពូទីយ៉ូលី។
14 នៅក្រុងនោះ យើងបានជួបពួកបងប្អូន គេអញ្ជើញយើងឲ្យស្នាក់នៅជាមួយអស់រយៈពេលប្រាំពីរថ្ងៃ។រីឯដំណើររបស់យើងទៅកាន់ក្រុងរ៉ូម បានប្រព្រឹត្តដូចតទៅ:
15 ពួកបងប្អូននៅក្រុងរ៉ូមដឹងដំណឹងអំពីយើង ក៏នាំគ្នាធ្វើដំណើររហូតទៅដល់ផ្សារអាប់ភាស និងភូមិផ្ទះសំណាកបីខ្នង ដើម្បីទទួលយើង។ កាលលោកប៉ូលឃើញបងប្អូនទាំងនោះ លោកបានអរព្រះគុណព្រះជាម្ចាស់ ហើយមានចិត្តក្លាហានឡើងវិញ។
16 លុះយើងមកដល់ក្រុងរ៉ូមហើយ អាជ្ញាធរអនុញ្ញាតឲ្យលោកប៉ូលនៅផ្ទះមួយ តាមបំណងចិត្តលោក តែគេដាក់ទាហានម្នាក់ឲ្យនៅយាមលោក។
17 បីថ្ងៃក្រោយមក លោកប៉ូលអញ្ជើញអ្នកមុខអ្នកការ ក្នុងចំណោមជនជាតិយូដាឲ្យមកជួបលោក។ លុះគេមកជួបជុំគ្នាហើយ លោកមានប្រសាសន៍ទៅគេថា៖ «បងប្អូនអើយ ខ្ញុំពុំបានធ្វើអ្វីប្រឆាំងនឹងប្រជាជាតិយើង ឬក៏ទាស់នឹងប្រពៃណីបុព្វបុរស*យើងទេ តែគេបានចាប់ខ្ញុំឃុំឃាំងនៅក្រុងយេរូសាឡឹម និងបញ្ជូនខ្ញុំមកក្នុងកណ្ដាប់ដៃរបស់ជនជាតិរ៉ូម៉ាំង។
18 កាលពួករ៉ូម៉ាំងសួរចម្លើយខ្ញុំរួចរាល់ហើយ គេចង់ដោះលែងខ្ញុំវិញ ព្រោះគេពុំឃើញខ្ញុំមានកំហុសអ្វី គួរនឹងមានទោសដល់ជីវិតនោះឡើយ។
19 ប៉ុន្តែ ជនជាតិយូដាបាននាំគ្នាជំទាស់ ជាហេតុបង្ខំឲ្យខ្ញុំសុំឡើងមកដល់ព្រះចៅអធិរាជ។ រីឯខ្ញុំវិញ ខ្ញុំគ្មានគោលបំណងនឹងចោទប្រកាន់ប្រជាជាតិរបស់ខ្ញុំទេ។
20 ហេតុនេះហើយបានជាខ្ញុំសុំជួប និងសុំនិយាយជាមួយបងប្អូន ដ្បិតខ្ញុំជាប់ចំណង ព្រោះតែសេចក្ដីសង្ឃឹមរបស់ជនជាតិអ៊ីស្រាអែល»។
21 អ្នកទាំងនោះតបវិញថា៖ «យើងពុំបានទទួលសំបុត្រអ្វីពីស្រុកយូដាស្ដីអំពីលោកឡើយ ហើយក៏គ្មានបងប្អូនណាម្នាក់មករាយការណ៍ ឬនិយាយអាក្រក់ពីលោកដែរ។
22 យើងចង់ស្ដាប់លោកមានប្រសាសន៍អំពីគំនិតរបស់លោក ព្រោះយើងដឹងថាមានគេជំទាស់នឹងគណៈរបស់លោកនៅគ្រប់ទីកន្លែង»។
23 គេបានណាត់ពេលជួបលោកប៉ូលម្ដងទៀត នៅថ្ងៃណាមួយ។ លុះដល់ថ្ងៃនោះហើយ មានមនុស្សច្រើនជាងមុនមកផ្ទះលោកប៉ូល។ លោកបានវែកញែក និងធ្វើជាបន្ទាល់អំពីព្រះរាជ្យ*របស់ព្រះជាម្ចាស់ប្រាប់គេតាំងពីព្រឹករហូតដល់ល្ងាច ដោយលើកយកគម្ពីរវិន័យរបស់លោកម៉ូសេ និងគម្ពីរព្យាការី*មកពន្យល់បញ្ជាក់ប្រាប់គេអំពីព្រះយេស៊ូ។
24 មានពួកគេមួយផ្នែកបានជឿពាក្យដែលលោកមានប្រសាសន៍ តែមួយផ្នែកទៀតពុំព្រមជឿទេ។
25 ដោយពួកគេចាកចេញពីទីនោះទៅទាំងខ្វែងគំនិតគ្នា លោកប៉ូលក៏មានប្រសាសន៍ទៅគេថា៖ «ព្រះវិញ្ញាណដ៏វិសុទ្ធ*មានព្រះបន្ទូលមកកាន់បុព្វបុរសយើង តាមរយៈព្យាការីអេសាយពិតជាត្រូវមែន គឺព្រះអង្គមានព្រះបន្ទូលថា៖
26 ចូរទៅរកប្រជារាស្ត្រនោះ ហើយប្រាប់ពួកគេថា: អ្នករាល់គ្នាស្ដាប់ឮមែន តែពុំយល់ទេ អ្នករាល់គ្នាមើលមែន តែពុំឃើញទេ
27 ដ្បិតចិត្តរបស់ប្រជារាស្ត្រនេះរឹងណាស់ គេបាននាំគ្នាខ្ទប់ត្រចៀក ហើយបិទភ្នែក ដើម្បីកុំឲ្យមើលឃើញ កុំឲ្យស្ដាប់ឮ និងដើម្បីកុំឲ្យយល់ ហើយក៏មិនចង់កែប្រែចិត្តគំនិតដែរ ក្រែងលោយើងប្រោសគេឲ្យបានជា» ។
28 ហេតុនេះ សូមបងប្អូនជ្រាបថា ព្រះជាម្ចាស់បានប្រទានព្រះបន្ទូល ស្ដីអំពីការសង្គ្រោះរបស់ព្រះអង្គឲ្យសាសន៍ដទៃវិញ ព្រោះគេមុខជាស្ដាប់មិនខាន។
29 [កាលលោកប៉ូលមានប្រសាសន៍ដូច្នេះហើយ ជនជាតិយូដាក៏ចេញទៅ ទាំងជជែកគ្នាយ៉ាងខ្លាំងផង]។
30 លោកប៉ូលបានស្នាក់នៅផ្ទះដែលលោកបានជួលនោះ អស់រយៈពេលពីរឆ្នាំ ហើយលោកតែងទទួលអស់អ្នកដែលមកជួបលោក។
31 លោកបានប្រកាសព្រះរាជ្យរបស់ព្រះជាម្ចាស់ និងបង្រៀនគេអំពីព្រះយេស៊ូគ្រិស្ដដោយចិត្តអង់អាច ហើយគ្មានអ្វីមករារាំងលោកឡើយ។