កិច្ចការ 9 KHSV

លោក​សូល​ប្រែ​ចិត្ត​គំនិត​ជឿ​ព្រះ‌យេស៊ូ

1 នៅ​ពេល​នោះ លោក​សូល​គិត​តែ​ពី​គំរាម​កំហែង និង​សម្លាប់​សិស្ស*​របស់​ព្រះ‌អម្ចាស់​ជា‌និច្ច។ គាត់​ទៅ​ជួប​លោក​មហា​បូជា‌ចារ្យ

2 សុំ​លិខិត​អនុញ្ញាត​ចូល​ទៅ​ក្នុង​សាលា​ប្រជុំ​នានា​នៅ​ក្រុង​ដាម៉ាស ក្រែង​រក​ឃើញ​អ្នក​ខ្លះ​នៅ​ទី​នោះ ដែល​ដើរ​តាម​មាគ៌ា​របស់​ព្រះ‌អម្ចាស់ ទោះ​ជា​ប្រុស ឬ​ស្ត្រី​ក្ដី គាត់​នឹង​ចាប់​ចង​នាំ​យក​មក​ក្រុង​យេរូ‌សាឡឹម។

3 ពេល​គាត់​ធ្វើ​ដំណើរ​ទៅ​ជិត​ដល់​ក្រុង​ដាម៉ាស​ហើយ ស្រាប់​តែ​មាន​ពន្លឺ​មួយ​ចាំង​ពី​ផ្ទៃ​មេឃ​មក​ជុំ‌វិញ​គាត់។

4 គាត់​ក៏​ដួល ហើយ​ឮ​សូរ​សំឡេង​មួយ​ពោល​មក​គាត់​ថា៖ «សូល​អើយ សូល! ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​បៀត‌បៀន​ខ្ញុំ?»។

5 លោក​សូល​សួរ​វិញ​ថា៖ «លោក​ម្ចាស់​អើយ! តើ​លោក​ជា​នរណា?»។ សំឡេង​នោះ​ក៏​ឆ្លើយ​ឡើង​ថា៖ «ខ្ញុំ​ជា​យេស៊ូ​ដែល​អ្នក​កំពុង​តែ​បៀត‌បៀន។

6 ចូរ​ក្រោក​ឡើង ហើយ​ចូល​ទៅ​ក្នុង​ទីក្រុង នៅ​ទី​នោះ​នឹង​មាន​គេ​ប្រាប់​អ្នក​ថា​ត្រូវ​ធ្វើ​អ្វី​ខ្លះ»។

7 រីឯ​អស់​អ្នក​ដែល​ធ្វើ​ដំណើរ​ជា​មួយ​លោក​សូល​នាំ​គ្នា​ឈប់ គេ​នៅ​ស្ងៀម រក​និយាយ​អ្វី​មិន​កើត ព្រោះ​គេ​បាន​ឮ​សំឡេង តែ​ពុំ​ឃើញ​មាន​នរណា​ឡើយ។

8 លោក​សូល​ក្រោក​ឡើង ទោះ​បី​គាត់​ខំ​ប្រឹង​បើក​ភ្នែក​យ៉ាង​ណា​ក៏​ដោយ ក៏​គាត់​មើល​អ្វី​មិន​ឃើញ​ដែរ។ គេ​ដឹក​ដៃ​គាត់ នាំ​ចូល​ទៅ​ក្នុង​ក្រុង​ដាម៉ាស។

9 ក្នុង​រយៈ​ពេល​បី​ថ្ងៃ គាត់​មិន​អាច​មើល​ឃើញ ហើយ​ក៏​មិន​ពិសា​បាយ​ពិសា​ទឹក​សោះ​ឡើយ។

10 នៅ​ក្រុង​ដាម៉ាស មាន​សិស្ស​មួយ​រូប ឈ្មោះ​អាណា‌ណាស។ គាត់​និមិត្ត​ឃើញ​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ហៅ​គាត់​ថា៖ «អាណា‌ណាស!»។ គាត់​ទូល​តប​ថា៖ «ក្រាប​ទូល​ព្រះ‌អម្ចាស់!»។

11 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​គាត់​ថា៖ «ចូរ​ក្រោក​ឡើង ទៅ​ឯ​ផ្លូវ​មួយ​ឈ្មោះ​“ផ្លូវ​ត្រង់” សួរ​រក​ឈ្មោះ​សូល ជា​អ្នក​ស្រុក​តើសុស នៅ​ក្នុង​ផ្ទះ​យូដាស។ គាត់​កំពុង​តែ​អធិស្ឋាន*

12 ហើយ​និមិត្ត​ឃើញ​បុរស​ម្នាក់ ឈ្មោះ​អាណា‌ណាស​ចូល​មក​ដាក់​ដៃ*​លើ​គាត់ ដើម្បី​ឲ្យ​គាត់​មើល​ឃើញ​ឡើង​វិញ»។

13 លោក​អាណា‌ណាស​ទូល​ព្រះ‌អង្គ​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់! ទូលបង្គំ​បាន​ឮ​មនុស្ស​ជា​ច្រើន​និយាយ​ថា បុរស​នេះ​បាន​ធ្វើ​បាប​ប្រជា‌រាស្ត្រ​ដ៏‌វិសុទ្ធ*​របស់​ព្រះ‌អង្គ​នៅ​ក្រុង​យេរូ‌សាឡឹម​ខ្លាំង​ណាស់

14 ហើយ​គាត់​បាន​ទទួល​ការ​អនុញ្ញាត​ពី​លោក​មហា​បូជា‌ចារ្យ​ឲ្យ​មក​ទី​នេះ ដើម្បី​ចាប់​ចង​អស់​អ្នក​ដែល​អង្វរ​រក​ព្រះ‌នាម​ព្រះ‌អង្គ»។

15 ប៉ុន្តែ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​គាត់​វិញ​ថា៖ «អញ្ជើញ​ទៅ​ចុះ! ដ្បិត​ខ្ញុំ​ជ្រើស​រើស​បុរស​នេះ ដើម្បី​ប្រើ​គាត់​ឲ្យ​ទៅ​ប្រាប់​ប្រជា‌ជាតិ និង​ស្ដេច​នានា ព្រម​ទាំង​ប្រាប់​ជន‌ជាតិ​អ៊ីស្រា‌អែល ឲ្យ​ស្គាល់​ឈ្មោះ​ខ្ញុំ។

16 ខ្ញុំ​នឹង​បង្ហាញ​ប្រាប់​គាត់​ឲ្យ​ដឹង​ថា គាត់​ត្រូវ​រង​ទុក្ខ​លំបាក​ជា​ច្រើន ព្រោះ​តែ​ឈ្មោះ​របស់​ខ្ញុំ»។

17 លោក​អាណា‌ណាស​ក៏​ចេញ​ទៅ។ លុះ​ទៅ​ដល់​ផ្ទះ​នោះ​ហើយ គាត់​ដាក់​ដៃ​លើ​លោក​សូល ហើយ​មាន​ប្រសាសន៍​ថា៖ «បង​សូល​អើយ! ព្រះ‌អម្ចាស់‌យេស៊ូ​ដែល​បង​បាន​ឃើញ នៅ​តាម​ផ្លូវ​បង​ធ្វើ​ដំណើរ​មក​នោះ ទ្រង់​បាន​ចាត់​ខ្ញុំ​មក ដើម្បី​ឲ្យ​បង​អាច​មើល​ឃើញ​ឡើង​វិញ និង​ឲ្យ​បង​បាន​ពោរ‌ពេញ​ដោយ​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ*»។

18 រំពេច​នោះ មាន​អ្វី​មួយ​ដូច​ស្រកា​ត្រី ជ្រុះ​ពី​ភ្នែក​លោក​សូល លោក​ក៏​មើល​ឃើញ​ឡើង​វិញ លោក​ក្រោក​ឡើង​ទទួល​ពិធី​ជ្រមុជ​ទឹក*។

19 បន្ទាប់​មក លោក​បរិភោគ​ម្ហូប​អាហារ ហើយ​មាន​កម្លាំង​ឡើង​វិញ។លោក​ស្នាក់​នៅ​ជា​មួយ​ពួក​សិស្ស ដែល​នៅ​ក្រុង​ដាម៉ាស បួន​ដប់​ថ្ងៃ។

លោក​សូល​ប្រកាស​ព្រះ‌បន្ទូល​នៅ​ក្រុង​ដាម៉ាស

20 លោក​ចាប់​ផ្ដើម​ប្រកាស​នៅ​ក្នុង​សាលា​ប្រជុំ*​នានា​ភ្លាម​ថា ព្រះ‌យេស៊ូ​ជា​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់។

21 អស់​អ្នក​ដែល​បាន​ឮ​លោក​មាន​ប្រសាសន៍ ងឿង‌ឆ្ងល់​ណាស់ គេ​ពោល​ថា៖ «លោក​នេះ​ហើយ​ដែល​បាន​ធ្វើ​ទុក្ខ​បៀត‌បៀន​អស់​អ្នក​ដែល​អង្វរ​រក​ឈ្មោះ​យេស៊ូ នៅ​ក្រុង​យេរូ‌សាឡឹម គាត់​មក​ទី​នេះ រក​ចាប់​ចង​គេ​នាំ​ទៅ​ជូន​ពួក​មហា​បូជា‌ចារ្យ*​ទេ​តើ!»។

22 រីឯ​លោក​សូល​វិញ លោក​មាន​កម្លាំង​ចិត្ត​កាន់​តែ​ខ្លាំង​ឡើងៗ ហើយ​លោក​វែក‌ញែក​ប្រាប់​សាសន៍​យូដា នៅ​ក្រុង​ដាម៉ាស​យ៉ាង​ច្បាស់​លាស់​ថា ព្រះ‌យេស៊ូ​ពិត​ជា​ព្រះ‌គ្រិស្ដ*។

23 យូរ​ថ្ងៃ​ក្រោយ​មក​ទៀត ជន‌ជាតិ​យូដា​បាន​សម​គំនិត​គ្នា​រក​សម្លាប់​លោក​សូល

24 តែ​លោក​បាន​ជ្រាប​គម្រោង‌ការ​របស់​គេ។ ពួក​គេ​បាន​នាំ​គ្នា​ទៅ​ចាំ​នៅ​ទ្វារ​ក្រុង​ទាំង​យប់​ទាំង​ថ្ងៃ ដើម្បី​សម្លាប់​លោក។

25 ប៉ុន្តែ នៅ​ពេល​យប់ ពួក​សិស្ស​របស់​លោក​បាន​ដាក់​លោក​ក្នុង​ជាល​មួយ សម្រូត​ចុះ​ទៅ​ខាង​ក្រៅ​កំពែង​ក្រុង។

លោក​សូល​នៅ​ក្រុង​យេរូ‌សាឡឹម

26 កាល​លោក​សូល​មក​ដល់​ក្រុង​យេរូ‌សាឡឹម លោក​ចង់​ទៅ​ចូល​រួម​ក្នុង​ចំណោម​ពួក​សិស្ស តែ​ពួក​គេ​ខ្លាច​លោក​ទាំង​អស់​គ្នា ព្រោះ​គេ​ពុំ​ជឿ​ថា​លោក​ជា​សិស្ស​ដែរ​នោះ​ឡើយ។

27 ពេល​នោះ លោក​បារណា‌បាស​បាន​ទទួល​លោក ហើយ​នាំ​ទៅ​ជួប​ក្រុម​សាវ័ក* ទាំង​រៀប​រាប់​អំពី​លោក​សូល​បាន​ឃើញ​ព្រះ‌អម្ចាស់​នៅ​តាម​ផ្លូវ អំពី​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក ហើយ​នឹង​រៀប​រាប់​អំពី​លោក​សូល​មាន​ប្រសាសន៍​ដោយ​ចិត្ត​អង់‌អាច​ក្នុង​ព្រះ‌នាម​ព្រះ‌យេស៊ូ នៅ​ក្រុង​ដាម៉ាស​ផង​ដែរ។

28 ចាប់​តាំង​ពី​ពេល​នោះ​មក លោក​សូល​តែងតែ​ចុះ​ឡើង​នៅ​ក្រុង​យេរូ‌សាឡឹម​ជា​មួយ ក្រុម​សាវ័ក​ជា‌និច្ច ព្រម​ទាំង​មាន​ប្រសាសន៍​ដោយ​ចិត្ត​អង់‌អាច​ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់​ថែម​ទៀត​ផង។

29 លោក​បាន​សន្ទនា និង​ជជែក​វែក‌ញែក​ជា​មួយ​សាសន៍​យូដា ដែល​និយាយ​ភាសា​ក្រិក តែ​ពួក​គេ​បែរ​ជា​នាំ​គ្នា​ប៉ុន‌ប៉ង​សម្លាប់​លោក​ទៅ​វិញ។

30 កាល​ពួក​បង‌ប្អូន​បាន​ជ្រាប​ដំណឹង​នេះ គេ​នាំ​លោក​ទៅ​ក្រុង​សេសារា ហើយ​បន្ទាប់​មក ឲ្យ​លោក​ទៅ​ក្រុង​តើសុស។

31 ក្រុម‌ជំនុំ*​បាន​ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ត​គ្រប់​ទី​កន្លែង​ក្នុង​ស្រុក​យូដា ស្រុក​កាលី‌ឡេ និង​ស្រុក​សាម៉ារី។ ក្រុម‌ជំនុំ​មាន​ជំហរ​កាន់​តែ​មាំ‌មួន​ឡើងៗ ហើយ​គេ​រស់​នៅ​ដោយ​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់ ព្រម​ទាំង​មាន​ចំនួន​កើន​ឡើង​ជា​លំដាប់ ដោយ​មាន​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ*​ជួយ​លើក​ទឹក​ចិត្ត​គេ​ផង។

លោក​ពេត្រុស​ប្រោស​លោក​អេណាស​ឲ្យ​ជា

32 លោក​ពេត្រុស​បាន​ធ្វើ​ដំណើរ​ទៅ​គ្រប់​ទី​កន្លែង។ លោក​បាន​ចុះ​ទៅ​សួរ​សុខ​ទុក្ខ​ប្រជា‌ជន​ដ៏‌វិសុទ្ធ*​នៅ​ក្រុង​លីដា។

33 នៅ​ក្រុង​នោះ លោក​ឃើញ​បុរស​ម្នាក់​ឈ្មោះ​អេណាស ឈឺ​ក្រោក​មិន​រួច គាត់​ដេក​ជាប់​នឹង​គ្រែ​ប្រាំ​បី​ឆ្នាំ​មក​ហើយ។

34 លោក​ពេត្រុស​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «អេណាស​អើយ! ព្រះ‌យេស៊ូ​គ្រិស្ដ*​ប្រោស​អ្នក​ឲ្យ​បាន​ជា​ហើយ ចូរ​ក្រោក​ឡើង រៀបចំ​គ្រែ​អ្នក​ទៅ!»។ លោក​អេណាស​ក៏​ក្រោក​ឡើង​ភ្លាម។

35 អ្នក​ក្រុង​លីដា​ទាំង​អស់ និង​អ្នក​ស្រុក​នៅ​តំបន់​សារ៉ូន​បាន​ឃើញ​គាត់​ជា​ដូច្នេះ ក៏​បែរ​ចិត្ត​គំនិត​ទៅ​រក​ព្រះ‌អម្ចាស់។

នាង​តេប៊ី‌ថា​រស់​ឡើង​វិញ

36 នៅ​ក្រុង​យ៉ុប‌ប៉េ មាន​ស្ត្រី​ម្នាក់ ឈ្មោះ​តេប៊ី‌ថា ភាសា​ក្រិក​ថា “ឌ័រកាស”នាង​ជា​សិស្ស*​ដែរ នាង​តែង​ប្រព្រឹត្ត​អំពើ​ល្អ និង​ធ្វើ​ទាន​ជា​ច្រើន។

37 នៅ​គ្រា​នោះ នាង​មាន​ជំងឺ ហើយ​ស្លាប់​ទៅ។ គេ​បាន​លាង​សព​របស់​នាង​តម្កល់​ទុក​នៅ​បន្ទប់​ខាង​លើ។

38 ក្រុង​លីដា​នៅ​ជិត​ក្រុង​យ៉ុប‌ប៉េ។ កាល​ពួក​សិស្ស​ឮ​ដំណឹង​ថា លោក​ពេត្រុស​ស្ថិត​នៅ​ឯ​ក្រុង​លីដា​នោះ គេ​ចាត់​បុរស​ពីរ​នាក់​ឲ្យ​ទៅ​អញ្ជើញ​លោក​ថា៖ «សូម​លោក​មេត្តា​ប្រញាប់​ធ្វើ​ដំណើរ​បង្ហួស​ទៅ​កន្លែង​យើង​ខ្ញុំ​ផង»។

39 លោក​ពេត្រុស​ក៏​ចេញ​ដំណើរ​មក​ជា​មួយ​អ្នក​ទាំង​ពីរ​នោះ​ភ្លាម។ ពេល​លោក​មក​ដល់ គេ​បាន​អញ្ជើញ​លោក​ឡើង​ទៅ​បន្ទប់​ខាង​លើ ស្ត្រី​មេម៉ាយ​ទាំង​ប៉ុន្មាន​បាន​នាំ​គ្នា​ចូល​មក​ជិត​លោក ទាំង​យំ​សោក និង​បង្ហាញ​អាវ​វែង អាវ​ក្រៅ​ដែល​នាង​ឌ័រកាស​បាន​ដេរ កាល​នាង​រស់​នៅ​ជា​មួយ​គេ​នៅ​ឡើយ។

40 លោក​ពេត្រុស​សុំ​ឲ្យ​គេ​ចេញ​ទៅ​ក្រៅ​ទាំង​អស់​គ្នា រួច​លោក​លុត​ជង្គង់​អធិស្ឋាន។ បន្ទាប់​មក លោក​បែរ​ទៅ​រក​សព មាន​ប្រសាសន៍​ថា៖ «តេប៊ី‌ថា​អើយ ក្រោក​ឡើង!»។ ពេល​នោះ នាង​ក៏​បើក​ភ្នែក ហើយ​កាល​នាង​បាន​ឃើញ​លោក​ពេត្រុស នាង​ក្រោក​អង្គុយ។

41 លោក​ចាប់​ដៃ​នាង​ឲ្យ​ក្រោក​ឈរ ហើយ​ហៅ​ពួក​អ្នក​ជឿ និង​ស្ត្រី​មេម៉ាយ​ឲ្យ​ចូល​មក​បង្ហាញ​នាង​ឌ័រកាស ដែល​មាន​ជីវិត​រស់​ឲ្យ​គេ​ឃើញ។

42 អ្នក​ក្រុង​យ៉ុប‌ប៉េ​ទាំង​ប៉ុន្មាន​បាន​ដឹង​រឿង​នេះ ហើយ​ច្រើន​នាក់​ជឿ​លើ​ព្រះ‌អម្ចាស់។

43 លោក​ពេត្រុស​ស្នាក់​នៅ​ក្រុង​យ៉ុប‌ប៉េ ជា​យូរ​ថ្ងៃ​ត​ទៅ​ទៀត ក្នុង​ផ្ទះ​បុរស​ម្នាក់ ឈ្មោះ​ស៊ីម៉ូន ជា​អ្នក​សម្លាប់​ស្បែក។

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28