កិច្ចការ 6 KHSV

ការ​ជ្រើស​រើស​ក្រុម​ប្រាំ‌ពីរ​រូប

1 នៅ​គ្រា​នោះ ចំនួន​សិស្ស​ចេះ​តែ​កើន​ឡើង​ជា​លំដាប់។ ជន‌ជាតិ​យូដា​ដែល​និយាយ​ភាសា​ក្រិក នាំ​គ្នា​រអ៊ូ‌រទាំ​ទាស់​នឹង​ជន‌ជាតិ​យូដា​ដែល​និយាយ​ភាសា​ហេប្រឺ​ថា នៅ​ពេល​ចែក​ម្ហូប​អាហារ​ប្រចាំ​ថ្ងៃ ពួក​ហេប្រឺ​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​នឹង​ស្ត្រី​មេម៉ាយ​ខាង​ពួក​ខ្លួន​ទេ។

2 សាវ័ក*​ទាំង​ដប់‌ពីរ​រូប​ក៏​កោះ​ហៅ​ពួក​សិស្ស​ទាំង​អស់​មក ហើយ​មាន​ប្រសាសន៍​ថា៖ «មិន​គួរ​ឲ្យ​យើង​ខ្ញុំ ចោល​ការ​ប្រកាស​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់​ទៅ​បម្រើ​តុ​ឡើយ។

3 ហេតុ​នេះ បង‌ប្អូន​អើយ សូម​នាំ​គ្នា​ជ្រើស​រើស​យក​បុរស​ប្រាំ‌ពីរ​រូប​ក្នុង​ចំណោម​បង‌ប្អូន​ដែល​ជា​អ្នក​មាន​កេរ្តិ៍‌ឈ្មោះ​ល្អ ហើយ​ពោរ‌ពេញ​ដោយ​ព្រះ‌វិញ្ញាណ និង​ប្រាជ្ញា​ឈ្លាស​វៃ។ យើង​ខ្ញុំ​នឹង​តែង‌តាំង​គេ​ឲ្យ​បំពេញ​មុខ‌ងារ​នេះ។

4 រីឯ​យើង​ខ្ញុំ​វិញ យើង​ខ្ញុំ​នឹង​គិត​តែ​ពី​អធិស្ឋាន និង​បម្រើ​ព្រះ‌បន្ទូល»។

5 ពួក​សិស្ស​ទាំង​ប៉ុន្មាន​ពេញ​ចិត្ត​នឹង​សេចក្ដី​ស្នើ​នេះ​ណាស់ គេ​ក៏​ជ្រើស​យក​លោក​ស្ទេផាន ដែល​ពោរ‌ពេញ​ដោយ​ជំនឿ និង​ដោយ​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ* លោក​ភីលីព លោក​ប្រូខូ‌រ៉ុស លោក​នីកា‌ន័រ លោក​ទីម៉ូន លោក​ប៉ាមេ‌ណា និង​លោក​នីកូ‌ឡាស ជា​អ្នក​ស្រុក​អន់‌ទី‌យ៉ូក ដែល​ចូល​សាសនា​យូដា។

6 គេ​នាំ​អ្នក​ទាំង​នោះ​មក​ជួប​ក្រុម​សាវ័ក ក្រុម​សាវ័ក​ក៏​នាំ​គ្នា​អធិស្ឋាន ហើយ​ដាក់​ដៃ*​ពី​លើ​អ្នក​ទាំង​នោះ។

7 ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់​ក៏​ឮ​សុស‌សាយ​កាន់​តែ​ខ្លាំង​ឡើងៗ ចំនួន​សិស្ស​នៅ​ក្រុង​យេរូ‌សាឡឹម​បាន​កើន​ឡើង​ជា​ច្រើន​ឥត​គណនា ហើយ​មាន​ពួក​បូជា‌ចារ្យ*​ដ៏​ច្រើន​លើស‌លប់ សុខ​ចិត្ត ប្រតិបត្តិ​តាម​ជំនឿ​ដែរ។

លោក​ស្ទេផាន​ត្រូវ​គេ​ចាប់​ខ្លួន

8 លោក​ស្ទេផាន​បាន​ពោរ‌ពេញ​ដោយ​ព្រះ‌គុណ និង​ឫទ្ធា‌នុភាព ដែល​ធ្វើ​ឲ្យ​លោក​សម្តែង​ឫទ្ធិ‌បាដិ‌ហារិយ៍ និង​ទី​សម្គាល់​ធំៗ​ក្នុង​ចំណោម​ប្រជា‌ជន។

9 មាន​អ្នក​ខ្លះ​ជា​សមាជិក​សាលា​ប្រជុំ*​ដែល​គេ​ហៅ​ថា «សាលា​ប្រជុំ​ពួក​អ្នក​ងារ​ពី​ដើម» និង​អ្នក​ខ្លះ​ពី​ចំណោម​អ្នក​ស្រុក​គីរេន អ្នក​ស្រុក​អលេ‌ក្សាន‌ទ្រា និង​អ្នក​ខ្លះ​ទៀត​ពី​ចំណោម​អ្នក​ស្រុក​គីលី‌គា និង​អ្នក​ស្រុក​អាស៊ី នាំ​គ្នា​ជជែក​ជា​មួយ​លោក​ស្ទេផាន

10 ប៉ុន្តែ គេ​ពុំ​អាច​ជជែក​ឈ្នះ​លោក​ស្ទេផាន​ឡើយ ព្រោះ​លោក​មាន​ប្រសាសន៍​ប្រកប​ដោយ​ប្រាជ្ញា​មក​ពី​ព្រះ‌វិញ្ញាណ។

11 ដូច្នេះ អ្នក​ទាំង​នេះ​នាំ​គ្នា​សូក​មនុស្ស​ខ្លះ​ឲ្យ​និយាយ​ថា៖ «យើង​ខ្ញុំ​បាន​ឮ​អ្នក​នេះ ពោល​ពាក្យ​ប្រមាថ​លោក​ម៉ូសេ និង​ប្រមាថ​ព្រះ‌ជាម្ចាស់»។

12 គេ​បាន​បំបះ‌បំបោរ​ប្រជា‌ជន បំបះ‌បំបោរ​ពួក​ព្រឹទ្ធា‌ចារ្យ* និង​ពួក​អាចារ្យ* រួច​មក​ចាប់​លោក​ស្ទេផាន​បញ្ជូន​ទៅ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់*។

13 គេ​នាំ​សាក្សី​ក្លែង‌ក្លាយ​មក​ចោទ​ប្រកាន់​លោក​ថា៖ «ជន​នេះ​ចេះ​តែ​និយាយ​ប្រឆាំង​នឹង​ព្រះ‌វិហារ* ប្រឆាំង​នឹង​ក្រឹត្យ‌វិន័យ* ឥត​ឈប់​ឈរ។

14 យើង​ខ្ញុំ​បាន​ឮ​គាត់​និយាយ​ថា ឈ្មោះ​យេស៊ូ ជា​អ្នក​ភូមិ​ណាសា‌រ៉ែត នោះ​នឹង​រុះ​ព្រះ‌វិហារ​ចោល ព្រម​ទាំង​ប្ដូរ​ប្រពៃ‌ណី​ដែល​លោក​ម៉ូសេ​បាន​ទុក​ឲ្យ​យើង​ខ្ញុំ​ថែម​ទៀត​ផង»។

15 អស់​អ្នក​ដែល​អង្គុយ​នៅ​ក្នុង​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​ទាំង​ប៉ុន្មាន សម្លឹង​មើល​មក​លោក​ស្ទេផាន​គ្រប់ៗ​គ្នា ហើយ​ឃើញ​មុខ​របស់​លោក​មាន​ទ្រង់‌ទ្រាយ​ដូច​មុខ​របស់​ទេវតា*។

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28