1 នៅបុណ្យថ្ងៃទីហាសិប ពួកសិស្សបានរួមប្រជុំទាំងអស់គ្នា នៅកន្លែងតែមួយ។
2 រំពេចនោះ ស្រាប់តែមានឮស្នូរសន្ធឹកពីលើមេឃ ដូចខ្យល់បក់បោកយ៉ាងខ្លាំងពេញក្នុងផ្ទះដែលគេនៅ។
3 ពួកសិស្សបានឃើញហាក់ដូចជាមានអណ្ដាតភ្លើង បែកចេញពីគ្នា ចុះមកសណ្ឋិតលើពួកគេម្នាក់ៗ។
4 អ្នកទាំងនោះបានពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ* ហើយចាប់ផ្ដើមនិយាយភាសាផ្សេងៗពីគ្នា តាមព្រះវិញ្ញាណប្រោសប្រទានឲ្យ។
5 ពេលនោះ មានជនជាតិយូដាជាអ្នកគោរពប្រណិប័តន៍ព្រះជាម្ចាស់ មកពីប្រទេសនានា ក្នុងពិភពលោកទាំងមូល ស្នាក់នៅក្រុងយេរូសាឡឹមដែរ។
6 ពេលស្នូរសន្ធឹកលាន់ឮយ៉ាងខ្លាំងដូច្នោះ មហាជននាំគ្នារត់មកមើល ហើយភ្ញាក់ផ្អើលក្រៃលែង ព្រោះម្នាក់ៗបានឮពួកសិស្សនិយាយភាសារបស់ខ្លួន។
7 អ្នកទាំងនោះងឿងឆ្ងល់ខ្លាំងណាស់ គេស្ងើចសរសើរ ទាំងពោលថា៖ «អ្នកដែលកំពុងនិយាយនេះសុទ្ធតែជាអ្នកស្រុកកាលីឡេទេតើ។
8 ចុះហេតុដូចម្ដេចបានជាយើងឮគេនិយាយភាសារបស់យើងរៀងៗខ្លួនទៅវិញដូច្នេះ?
9 គឺទាំងអ្នកស្រុកផាថុស ស្រុកមេឌី ស្រុកអេឡាំ ទាំងអ្នកស្រុកមេសូប៉ូតាមា ស្រុកយូដា ស្រុកកាប៉ាដូគា ស្រុកប៉ុនតុស ស្រុកអាស៊ី
10 ស្រុកព្រីគា ស្រុកប៉ាមភីលា ស្រុកអេស៊ីប ស្រុកលីប៊ីដែលនៅក្បែរស្រុកគីរេន និងអស់អ្នកមកពីក្រុងរ៉ូម
11 ទាំងជនជាតិយូដា ទាំងអ្នកចូលសាសនាយូដា ទាំងអ្នកមកពីកោះក្រែត ទាំងជនជាតិអារ៉ាប់ យើងបានឮគេថ្លែងអំពីស្នាព្រះហស្ដដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ ជាភាសាយើងទាំងអស់គ្នាផ្ទាល់!»។
12 អ្នកទាំងនោះងឿងឆ្ងល់ខ្លាំងណាស់ មិនដឹងគិតយ៉ាងណា គេសួរគ្នាទៅវិញទៅមកថា៖ «តើហេតុការណ៍នេះមានន័យដូចម្ដេច?»។
13 ប៉ុន្តែ មានអ្នកខ្លះទៀតបែរជានិយាយចំអកថា៖ «ពួកអស់ហ្នឹងសុទ្ធតែស្រវឹងស្រាទេតើ!»។
14 លោកពេត្រុសក៏ក្រោកឈរឡើងជាមួយសាវ័កដប់មួយរូបទៀត ហើយមានប្រសាសន៍ទៅកាន់បណ្ដាជនថា៖ «បងប្អូនយូដា និងបងប្អូនទាំងអស់ដែលស្នាក់នៅក្រុងយេរូសាឡឹមអើយ! សូមបងប្អូនជ្រាប ហើយផ្ទៀងត្រចៀកស្ដាប់ពាក្យរបស់ខ្ញុំ។
15 អ្នកទាំងនេះមិនមែនស្រវឹងស្រាដូចបងប្អូនស្មាននោះទេ ព្រោះទើបតែម៉ោងប្រាំបួនព្រឹកប៉ុណ្ណោះ!។
16 ហេតុការណ៍នេះកើតមាន ស្របតាមសេចក្ដីដែលព្យាការី*យ៉ូអែលបានថ្លែងទុកមកថា៖
17 “ព្រះជាម្ចាស់មានព្រះបន្ទូលថា នៅគ្រាចុងក្រោយបង្អស់ យើងនឹងយកវិញ្ញាណយើងមកចាក់បង្ហូរ លើមនុស្សលោកផងទាំងពួង។ កូនប្រុសកូនស្រីរបស់អ្នករាល់គ្នា នឹងថ្លែងព្រះបន្ទូល ពួកយុវជននឹងនិមិត្តឃើញការអស្ចារ្យ ហើយពួកចាស់ទុំរបស់អ្នករាល់គ្នា នឹងយល់សុបិននិមិត្ត។
18 នៅគ្រានោះ យើងពិតជាយកវិញ្ញាណយើង មកចាក់បង្ហូរលើអ្នកបម្រើទាំងប្រុសទាំងស្រី របស់យើង ហើយគេនឹងថ្លែងព្រះបន្ទូល។
19 យើងនឹងសម្តែងឫទ្ធិបាដិហារិយ៍នៅលើមេឃ សម្តែងទីសម្គាល់ផ្សេងៗនៅលើផែនដី គឺមានឈាម មានភ្លើង និងមានកំសួលផ្សែង។
20 ព្រះអាទិត្យនឹងប្រែទៅជាងងឹតបាត់រស្មី ព្រះច័ន្ទនឹងប្រែទៅជាឈាម នៅមុនថ្ងៃព្រះអម្ចាស់យាងមក គឺជាថ្ងៃដ៏រុងរឿងឧត្ដុង្គឧត្ដម
21 ពេលនោះ អ្នកណាអង្វររកព្រះនាមព្រះអម្ចាស់ អ្នកនោះនឹងទទួលការសង្គ្រោះ” »។
22 បងប្អូនអ៊ីស្រាអែលអើយ សូមស្ដាប់ពាក្យនេះចុះ! ព្រះជាម្ចាស់បានរ៉ាប់រងទទួលលោកយេស៊ូ ជាអ្នកភូមិណាសារ៉ែត នៅមុខបងប្អូនទាំងអស់គ្នា ដោយព្រះអង្គបានសម្តែងការអស្ចារ្យ ឫទ្ធិបាដិហារិយ៍ និងទីសម្គាល់ផ្សេងៗ នៅកណ្ដាលចំណោមបងប្អូន តាមរយៈលោកដូចបងប្អូនជ្រាបស្រាប់ហើយ។
23 បងប្អូនបានចាប់បញ្ជូនលោកយេស៊ូនេះទៅឲ្យពួកជនពាល ឥតសាសនា ឆ្កាងលោក ដូចព្រះជាម្ចាស់បានកំណត់ទុក ដោយព្រះអង្គទ្រង់ញាណជាមុន។
24 ព្រះជាម្ចាស់បានប្រោសលោកឲ្យរស់ឡើងវិញ ទ្រង់ដោះលែងលោកឲ្យរួចពីទុក្ខលំបាកនៃសេចក្ដីស្លាប់ ព្រោះសេចក្ដីស្លាប់មិនអាចឃុំលោកទុកបានឡើយ។
25 ព្រះបាទដាវីឌមានរាជឱង្ការអំពីលោកយេស៊ូនេះថា៖ «ទូលបង្គំបានឃើញព្រះអម្ចាស់ នៅមុខទូលបង្គំជានិច្ច ព្រោះព្រះអង្គគង់នៅខាងស្ដាំទូលបង្គំ មិនឲ្យទូលបង្គំត្រូវញាប់ញ័រឡើយ។
26 ហេតុនេះហើយបានជាចិត្តទូលបង្គំរីករាយ ទូលបង្គំពោលពាក្យដោយអំណរដ៏លើសលប់ ហើយសូម្បីតែរូបកាយរបស់ទូលបង្គំ ក៏នឹងសម្រាកដោយសេចក្ដីសង្ឃឹមដែរ
27 ដ្បិតព្រះអង្គនឹងមិនបោះបង់ព្រលឹងទូលបង្គំ ចោលនៅក្នុងស្ថានមនុស្សស្លាប់ឡើយ ហើយព្រះអង្គក៏មិនបណ្ដោយឲ្យ សពអ្នកបម្រើរបស់ព្រះអង្គត្រូវរលួយដែរ។
28 ព្រះអង្គបានបង្ហាញឲ្យទូលបង្គំស្គាល់ផ្លូវ ឆ្ពោះទៅកាន់ជីវិត ព្រះអង្គនឹងប្រទានឲ្យទូលបង្គំ មានសុភមង្គលដ៏ពេញលេញ ដោយព្រះអង្គគង់ជាមួយទូលបង្គំ» ។
29 «បងប្អូនអើយ! ខ្ញុំសូមជម្រាបបងប្អូនឲ្យបានច្បាស់អំពីព្រះបាទដាវីឌ ជាបុព្វបុរស*របស់យើងនោះថា ព្រះអង្គបានសោយទិវង្គតផុតទៅហើយ គេបានបញ្ចុះព្រះសពរបស់ព្រះអង្គ រីឯផ្នូររបស់ព្រះអង្គក៏ស្ថិតនៅជាមួយយើងរហូតដល់សព្វថ្ងៃដែរ។
30 ដោយព្រះបាទដាវីឌជាព្យាការីមួយរូប ទ្រង់ជ្រាបថា ព្រះជាម្ចាស់បានសន្យាយ៉ាងម៉ឺងម៉ាត់ជាមួយព្រះអង្គថា នឹងប្រទានឲ្យព្រះរាជវង្សរបស់ទ្រង់មួយអង្គឡើងស្នងរាជ្យ។
31 ព្រះបាទដាវីឌបានឈ្វេងយល់ជាមុនថា ព្រះគ្រិស្ដ*មានព្រះជន្មរស់ឡើងវិញ គឺទ្រង់មានរាជឱង្ការថា ព្រះជាម្ចាស់ពុំទុកព្រះគ្រិស្ដចោលនៅក្នុងស្ថានមនុស្សស្លាប់ទេ ហើយក៏មិនទុកឲ្យសពព្រះអង្គត្រូវរលួយដែរ។
32 ព្រះជាម្ចាស់បានប្រោសលោកយេស៊ូនេះឲ្យរស់ឡើងវិញ យើងខ្ញុំទាំងអស់គ្នាជាសាក្សី។
33 ព្រះជាម្ចាស់បានលើកលោកយេស៊ូឡើង ដោយឫទ្ធិបារមីរបស់ព្រះអង្គ។ លោកយេស៊ូបានទទួលព្រះវិញ្ញាណដ៏វិសុទ្ធពីព្រះបិតាតាមព្រះបន្ទូលសន្យា ហើយចាក់បង្ហូរព្រះវិញ្ញាណនេះមកលើយើងខ្ញុំ ដូចបងប្អូនបានឃើញបានឮស្រាប់។
34 ព្រះបាទដាវីឌមិនបានយាងឡើងទៅស្ថានបរមសុខ*ទេ តែព្រះអង្គមានរាជឱង្ការថា: “ព្រះអម្ចាស់មានព្រះបន្ទូលទៅកាន់ ព្រះអម្ចាស់របស់ខ្ញុំថា សូមគង់ខាងស្ដាំយើង
35 ទំរាំដល់យើងបង្ក្រាបខ្មាំងសត្រូវរបស់ព្រះអង្គ មកដាក់ក្រោមព្រះបាទារបស់ព្រះអង្គ”។
36 ហេតុនេះ សូមឲ្យជនជាតិអ៊ីស្រាអែលទាំងមូលដឹងជាក់ច្បាស់ថា លោកយេស៊ូនេះ ដែលបងប្អូនបានឆ្កាង ព្រះជាម្ចាស់បានតែងតាំងលោកឡើងជាព្រះអម្ចាស់ និងជាព្រះគ្រិស្ដ*ហើយ»។
37 កាលបណ្ដាជនបានឮសេចក្ដីទាំងនេះ ពួកគេរំជួលចិត្តជាខ្លាំង ហើយសួរលោកពេត្រុស និងសាវ័កឯទៀតៗថា៖ «បងប្អូនអើយ! តើឲ្យយើងខ្ញុំធ្វើដូចម្ដេច?»។
38 លោកពេត្រុសមានប្រសាសន៍ទៅគេថា៖ «សូមបងប្អូនកែប្រែចិត្តគំនិត ហើយម្នាក់ៗត្រូវទទួលពិធីជ្រមុជទឹក* ក្នុងព្រះនាមព្រះយេស៊ូគ្រិស្ដ*ទៅ ដើម្បីព្រះជាម្ចាស់លើកលែងទោសបងប្អូនឲ្យរួចពីបាប* ហើយបងប្អូននឹងទទួលព្រះវិញ្ញាណដ៏វិសុទ្ធ ដែលជាអំណោយទានរបស់ព្រះជាម្ចាស់
39 ដ្បិតព្រះអង្គមានព្រះបន្ទូលសន្យានេះចំពោះបងប្អូនទាំងអស់គ្នា ចំពោះកូនចៅរបស់បងប្អូន និងចំពោះអស់អ្នកដែលនៅឆ្ងាយៗទាំងប៉ុន្មានដែរ តាមតែព្រះអម្ចាស់ជាព្រះរបស់យើងត្រាស់ហៅ»។
40 លោកពេត្រុសបានពន្យល់បញ្ជាក់ និងដាស់តឿនពួកគេ ដោយពាក្យពេចន៍ជាច្រើនទៀត គឺលោកមានប្រសាសន៍ថា៖ «សូមបងប្អូនទទួលការសង្គ្រោះ ឲ្យរួចផុតពីមនុស្សអាក្រក់សម័យនេះ»។
41 អស់អ្នកដែលយល់ព្រមទទួលពាក្យរបស់លោក ក៏ទទួលពិធីជ្រមុជទឹក* ហើយនៅថ្ងៃនោះ មានមនុស្សប្រមាណបីពាន់នាក់ ចូលមករួមក្នុងក្រុមសិស្ស*។
42 សិស្សទាំងនោះព្យាយាមស្ដាប់សេចក្ដីបង្រៀនរបស់ក្រុមសាវ័ក* រួមរស់ជាមួយគ្នាជាបងប្អូន ធ្វើពិធីកាច់នំប៉័ង* និងព្យាយាមអធិស្ឋាន។
43 មនុស្សម្នាកោតស្ញប់ស្ញែងគ្រប់ៗគ្នា ដ្បិតក្រុមសាវ័កបានសម្តែងឫទ្ធិបាដិហារិយ៍ និងធ្វើទីសម្គាល់ផ្សេងៗជាច្រើន។
44 អស់អ្នកដែលបានជឿលើព្រះអម្ចាស់ មានចិត្តគំនិតតែមួយ ហើយយករបស់របរដែលខ្លួនមាន មកដាក់រួមគ្នាទាំងអស់។
45 គេលក់ទ្រព្យសម្បត្តិ និងអ្វីៗជារបស់ខ្លួន យកប្រាក់មកចែកគ្នាតាមសេចក្ដីត្រូវការរបស់ពួកគេម្នាក់ៗ។
46 ជារៀងរាល់ថ្ងៃ គេរួមចិត្តគំនិតគ្នាព្យាយាមចូលព្រះវិហារ* ធ្វើពិធីកាច់នំប៉័ងនៅតាមផ្ទះ ព្រមទាំងបរិភោគអាហារជាមួយគ្នាយ៉ាងសប្បាយរីករាយ និងដោយចិត្តស្មោះសរផង។
47 គេនាំគ្នាសរសើរតម្កើងព្រះជាម្ចាស់ ហើយប្រជាជនទាំងមូលគោរពរាប់អានពួកគេទាំងអស់គ្នា។ ព្រះអម្ចាស់បន្ថែមចំនួនអ្នកដែលព្រះអង្គបានសង្គ្រោះ មកក្នុងក្រុមរបស់គេជារៀងរាល់ថ្ងៃ។