5 តាមរយៈព្រះបុត្រា គឺព្រះអម្ចាស់យេស៊ូគ្រិស្ដ យើងខ្ញុំបានទទួលព្រះគុណ និងមុខងារជាសាវ័ក ដើម្បីនាំជាតិសាសន៍ទាំងអស់ប្រតិបត្តិតាមជំនឿ សម្រាប់លើកតម្កើងព្រះនាមព្រះអង្គ។
6 បងប្អូនដែលព្រះយេស៊ូគ្រិស្ដបានត្រាស់ហៅ ក៏នៅក្នុងចំណោមជាតិសាសន៍ទាំងនោះដែរ។
7 សូមជម្រាបមកបងប្អូនទាំងអស់នៅក្រុងរ៉ូម ជាអ្នកដែលព្រះជាម្ចាស់ស្រឡាញ់ និងត្រាស់ហៅឲ្យធ្វើជាប្រជាជនដ៏វិសុទ្ធ។សូមព្រះជាម្ចាស់ ជាព្រះបិតារបស់យើង និងព្រះយេស៊ូគ្រិស្ដជាអម្ចាស់ ប្រទានព្រះគុណ និងសេចក្ដីសុខសាន្តដល់បងប្អូន!។
8 ជាបឋម ខ្ញុំ សូមអរព្រះគុណព្រះជាម្ចាស់របស់ខ្ញុំ តាមរយៈព្រះយេស៊ូគ្រិស្ដ* ព្រោះតែបងប្អូនទាំងអស់គ្នា ដ្បិតគេតំណាលអំពីជំនឿរបស់បងប្អូនក្នុងសកលលោកទាំងមូល។
9 ព្រះជាម្ចាស់ដែលខ្ញុំគោរពបម្រើយ៉ាងស្មោះដោយប្រកាសដំណឹងល្អ*អំពីព្រះបុត្រារបស់ព្រះអង្គ ព្រះអង្គធ្វើជាសាក្សីស្រាប់ហើយថា ខ្ញុំតែងតែនឹកគិតដល់បងប្អូនជានិច្ច
10 គ្រប់ពេលខ្ញុំអធិស្ឋាន* សូមព្រះអង្គប្រទានឲ្យខ្ញុំមានឱកាសមកសួរសុខទុក្ខបងប្អូន បើព្រះអង្គសព្វព្រះហឫទ័យ។
11 ខ្ញុំមានបំណងចង់ជួបមុខបងប្អូនយ៉ាងខ្លាំង ដើម្បីចែកព្រះអំណោយទានណាមួយរបស់ព្រះវិញ្ញាណជូនបងប្អូន ឲ្យបងប្អូនបានមាំមួនឡើង