រ៉ូម 2:4-10 KHSV

4 ឬ​មួយ​អ្នក​មើល‌ងាយ​ព្រះ‌ហឫទ័យ​សប្បុរស ព្រះ‌ហឫទ័យ​យោគ‌យល់ និង​ព្រះ‌ហឫទ័យ​អត់‌ធ្មត់​ដ៏​ទូលំ‌ទូលាយ​របស់​ព្រះ‌អង្គ! តើ​អ្នក​មិន​ទទួល​ស្គាល់​ថា ព្រះ‌ជា‌ម្ចាស់​មាន​ព្រះ‌ហឫទ័យ​សប្បុរស​ដូច្នេះ ដើម្បី​ជំរុញ​អ្នក​ឲ្យ​កែ​ប្រែ​ចិត្ត​គំនិត​ទេ​ឬ?

5 ក៏​ប៉ុន្តែ ដោយ​អ្នក​មាន​ចិត្ត​រឹង‌រូស មិន​ព្រម​កែ​ប្រែ​ចិត្ត​គំនិត​ទេ​នោះ អ្នក​កំពុង​តែ​សន្សំ​ទោស ទុក​សម្រាប់​ថ្ងៃ​ព្រះ‌ជា‌ម្ចាស់​ទ្រង់​ព្រះ‌ពិរោធ​ ជា​ថ្ងៃ​ដែល​ព្រះ‌អង្គ​នឹង​សម្តែង​ការ​វិនិច្ឆ័យ​ទោស​ដោយ​យុត្តិធម៌

6 គឺ​ព្រះ‌ជា‌ម្ចាស់​នឹង​ប្រទាន​ផល​ឲ្យ​ម្នាក់ៗ តាម​អំពើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។

7 ព្រះ‌អង្គ​ប្រទាន​ជីវិត​អស់‌កល្ប​ជា‌និច្ច​ដល់​អស់​អ្នក ដែល​ព្យាយាម​ប្រព្រឹត្ត​អំពើ​ល្អ ហើយ​ស្វែង​រក​សិរី‌រុងរឿង កិត្តិយស និង​អ្វីៗ​ដែល​មិន​ចេះ​សាប‌សូន្យ

8 តែ​ព្រះ‌អង្គ​ព្រះ‌ពិរោធ និង​ដាក់​ទោស​យ៉ាង​ធ្ងន់​ចំពោះ​អស់​អ្នក ដែល​គិត​តែ​ឈ្លោះ​ប្រកែក មិន​ព្រម​ស្ដាប់​តាម​សេចក្ដី​ពិត គឺ​បែរ​ទៅ​ស្ដាប់​តាម​សេចក្ដី​ទុច្ចរិត​វិញ។

9 ទុក្ខ​លំបាក ការ​តប់‌ប្រមល់ អន្ទះ‌អន្ទែង នឹង​កើត​មាន​ដល់​អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់​ជា​មិន​ខាន គឺ​មុន​ដំបូង​ដល់​សាសន៍​យូដា បន្ទាប់​មក សាសន៍​ក្រិក!

10 រីឯ​សិរី‌រុងរឿង កិត្តិយស និង​សេចក្ដី​សុខ‌សាន្ត នឹង​កើត​មាន​ដល់​អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ល្អ​វិញ មុន​ដំបូង​ដល់​សាសន៍​យូដា បន្ទាប់​មក សាសន៍​ក្រិក!