វិវរណៈ 1:13-19 KHSV

13 នៅ​កណ្ដាល​ជើង​ចង្កៀង​ទាំង​នោះ មាន​ម្នាក់​រាង​ដូច​បុត្រ​មនុស្ស* ពាក់​អាវ​បំពង់​យ៉ាង​វែង ហើយ​មាន​ខ្សែ​ក្រវាត់​មាស​នៅ​ដើម​ទ្រូង​ផង។

14 សក់​លោក​ស‌ក្បុស​ដូច​កប្បាស និង​ដូច​សំឡី​ ភ្នែក​លោក​ភ្លឺ​ដូច​អណ្ដាត​ភ្លើង

15 ជើង​លោក​រលើប​ដូច​លង្ហិន​ដែល​គេ​ដុត​ក្នុង​ភ្លើង ហើយ​សំឡេង​លោក​ឮ​សូរ​សន្ធឹក​ដូច​មហា​សាគរ។

16 លោក​កាន់​ផ្កាយ​ប្រាំ‌ពីរ​នៅ​ដៃ​ស្ដាំ មាន​ដាវ​ដ៏​ស្រួច​មុខ​ពីរ​ចេញ​ពី​មាត់​របស់​លោក ហើយ​មុខ​លោក​ប្រៀប​បី​ដូច​ជា​ថ្ងៃ​ពេញ​កម្ដៅ។

17 ពេល​ខ្ញុំ​ឃើញ​លោក ខ្ញុំ​ដួល​សន្លប់​បាត់​ស្មារតី នៅ​ទៀប​ជើង​លោក។ លោក​ដាក់​ដៃ​ស្ដាំ​លើ​ខ្ញុំ ទាំង​ពោល​ថា: «កុំ​ខ្លាច​អី! គឺ​យើង​នេះ​ហើយ​ដែល​នៅ​មុន​គេ និង​នៅ​ក្រោយ​គេ​បំផុត

18 យើង​បាន​ស្លាប់ តែ​ឥឡូវ​នេះ យើង​មាន​ជីវិត​រស់​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។ យើង​មាន​អំណាច​លើ​សេចក្ដី​ស្លាប់ និង​លើ​ស្ថាន​មច្ចុរាជ​។

19 ដូច្នេះ ចូរ​កត់‌ត្រា​ទុក​នូវ​ហេតុ‌ការណ៍​ទាំង​ប៉ុន្មាន​ដែល​អ្នក​បាន​ឃើញ គឺ​ហេតុ‌ការណ៍​ដែល​កំពុង​តែ​កើត​មាន​នៅ​ពេល​នេះ និង​ពេល​ខាង​មុខ។