17 ពេលខ្ញុំឃើញលោក ខ្ញុំដួលសន្លប់បាត់ស្មារតី នៅទៀបជើងលោក។ លោកដាក់ដៃស្ដាំលើខ្ញុំ ទាំងពោលថា: «កុំខ្លាចអី! គឺយើងនេះហើយដែលនៅមុនគេ និងនៅក្រោយគេបំផុត
18 យើងបានស្លាប់ តែឥឡូវនេះ យើងមានជីវិតរស់អស់កល្បជាអង្វែងតរៀងទៅ។ យើងមានអំណាចលើសេចក្ដីស្លាប់ និងលើស្ថានមច្ចុរាជ។
19 ដូច្នេះ ចូរកត់ត្រាទុកនូវហេតុការណ៍ទាំងប៉ុន្មានដែលអ្នកបានឃើញ គឺហេតុការណ៍ដែលកំពុងតែកើតមាននៅពេលនេះ និងពេលខាងមុខ។
20 ចំពោះអត្ថន័យលាក់កំបាំងអំពីផ្កាយទាំងប្រាំពីរ ដែលអ្នកឃើញយើងកាន់នៅដៃ និងជើងចង្កៀងមាសទាំងប្រាំពីរនេះ មានដូចតទៅ: ផ្កាយទាំងប្រាំពីរ គឺជាទេវតារបស់ក្រុមជំនុំ*ទាំងប្រាំពីរ ហើយជើងចង្កៀងទាំងប្រាំពីរ គឺជាក្រុមជំនុំទាំងប្រាំពីរនោះឯង»។