2 លោកយ៉ូហានបានធ្វើជាបន្ទាល់អំពីហេតុការណ៍ទាំងប៉ុន្មាន ដែលលោកបានឃើញ គឺជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងជាសក្ខីភាពរបស់ព្រះយេស៊ូគ្រិស្ដ។
3 អ្នកណាអានសៀវភៅនេះ អ្នកនោះមានសុភមង្គល*ហើយ! អស់អ្នកដែលស្ដាប់ពាក្យលោកថ្លែងក្នុងនាមព្រះជាម្ចាស់ ហើយប្រតិបត្តិតាមសេចក្ដីទាំងប៉ុន្មានដែលមានចែងទុកមកនេះ ក៏មានសុភមង្គលដែរ! ដ្បិតពេលកំណត់ជិតមកដល់ហើយ។
4 ខ្ញុំ យ៉ូហាន សូមជម្រាបមកក្រុមជំនុំ*ទាំងប្រាំពីរ នៅស្រុកអាស៊ី។ សូមព្រះអង្គដែលមានព្រះជន្មគង់នៅសព្វថ្ងៃ គង់នៅពីអតីតកាល ហើយកំពុងតែយាងមក ប្រទានព្រះគុណ និងសេចក្ដីសុខសាន្តដល់បងប្អូន។ សូមព្រះវិញ្ញាណទាំងប្រាំពីរ ដែលស្ថិតនៅមុខបល្ល័ង្ករបស់ព្រះជាម្ចាស់
5 និងព្រះយេស៊ូគ្រិស្ដប្រណីសន្ដោស ព្រមទាំងប្រទានសេចក្ដីសុខសាន្តដល់បងប្អូនដែរ! ព្រះយេស៊ូជាបន្ទាល់ដ៏ស្មោះត្រង់ ព្រះអង្គមានព្រះជន្មរស់ឡើងវិញមុនគេបង្អស់ ហើយព្រះអង្គជាអធិបតីលើស្ដេចទាំងអស់នៅផែនដី។ព្រះអង្គមានព្រះហឫទ័យស្រឡាញ់យើង និងបានរំដោះយើងឲ្យរួចពីបាប ដោយសារព្រះលោហិតរបស់ព្រះអង្គផ្ទាល់។
6 ព្រះអង្គបានធ្វើឲ្យយើងទៅជារាជាណាចក្រ និងជាក្រុមបូជាចារ្យ*បម្រើព្រះជាម្ចាស់ ជាព្រះបិតារបស់ព្រះអង្គ។ សូមលើកតម្កើងសិរីរុងរឿង និងព្រះចេស្ដារបស់ព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ! អាម៉ែន!។
7 មើល៍! ព្រះអង្គយាងមក នៅកណ្ដាលពពក*។ មនុស្សទាំងអស់នឹងឃើញព្រះអង្គ សូម្បីតែអស់អ្នកដែលបានចាក់ទម្លុះព្រះអង្គ ក៏នឹងឃើញព្រះអង្គដែរ។ កុលសម្ព័ន្ធទាំងប៉ុន្មាននៅលើផែនដីនឹងត្រូវសោកសៅ ព្រោះតែព្រះអង្គ។ មែន! ពិតជាកើតមានដូច្នេះមែន! អាម៉ែន!។
8 ព្រះជាអម្ចាស់ដែលមានព្រះជន្មគង់នៅសព្វថ្ងៃ គង់នៅពីដើម ហើយកំពុងតែយាងមក គឺព្រះដ៏មានព្រះចេស្ដាលើអ្វីៗទាំងអស់ ទ្រង់មានព្រះបន្ទូលថា៖ «យើងជាអាល់ផា និងជាអូមេកា»។