វិវរណៈ 1:6-12 KHSV

6 ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​យើង​ទៅ​ជា​រាជា‌ណាចក្រ និង​ជា​ក្រុម​បូជា‌ចារ្យ*​បម្រើ​ព្រះ‌ជា‌ម្ចាស់ ជា​ព្រះ‌បិតា​របស់​ព្រះ‌អង្គ។ សូម​លើក​តម្កើង​សិរី‌រុងរឿង និង​ព្រះ‌ចេស្ដា​របស់​ព្រះ‌អង្គ​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ! អាម៉ែន!។

7 មើល៍! ព្រះ‌អង្គ​យាង​មក នៅ​កណ្ដាល​ពពក*។ មនុស្ស​ទាំង​អស់​នឹង​ឃើញ​ព្រះ‌អង្គ សូម្បី​តែ​អស់​អ្នក​ដែល​បាន​ចាក់​ទម្លុះ​ព្រះ‌អង្គ ក៏​នឹង​ឃើញ​ព្រះ‌អង្គ​ដែរ។ កុល‌សម្ព័ន្ធ​ទាំង​ប៉ុន្មាន​នៅ​លើ​ផែន‌ដី​នឹង​ត្រូវ​សោក​សៅ ព្រោះ​តែ​ព្រះ‌អង្គ។ មែន! ពិត​ជា​កើត​មាន​ដូច្នេះ​មែន! អាម៉ែន!។

8 ព្រះ‌ជា‌អម្ចាស់​ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ​សព្វ​ថ្ងៃ គង់​នៅ​ពី​ដើម ហើយ​កំពុង​តែ​យាង​មក គឺ​ព្រះ​ដ៏​មាន​ព្រះ‌ចេស្ដា​លើ​អ្វីៗ​ទាំង​អស់ ទ្រង់​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​ជា​អាល់ផា និង​ជា​អូមេ‌កា»​។

9 ខ្ញុំ យ៉ូហាន ជា​បង‌ប្អូន​របស់​អ្នក​រាល់​គ្នា។ ខ្ញុំ​រង‌ទុក្ខ​លំបាក ទទួល​ព្រះ‌រាជ្យ* និង​ព្យាយាម​រួម​ជា​មួយ​បង‌ប្អូន ក្នុង​អង្គ​ព្រះ‌យេស៊ូ​ដែរ។ គេ​បាន​និរទេស​ខ្ញុំ​ទៅ​កោះ​មួយ​ឈ្មោះ​ប៉ាត‌ម៉ូស ព្រោះ​តែ​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌ម្ចាស់ និង​សក្ខីភាព​របស់​ព្រះ‌យេស៊ូ។

10 នៅ​ថ្ងៃ​របស់​ព្រះ‌អម្ចាស់​ ព្រះ‌វិញ្ញាណ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​លង់​ស្មារតី ហើយ​ខ្ញុំ​ក៏​ឮ​សំឡេង​មួយ​នៅ​ខាង​ក្រោយ​ខ្ញុំ លាន់​រំពង​ឡើង​យ៉ាង​ខ្លាំង​ដូច​សំឡេង​ត្រែ

11 សំឡេង​នោះ​ប្រាប់​ថា «អ្វីៗ​ដែល​អ្នក​បាន​ឃើញ ត្រូវ​សរសេរ​ទុក​ក្នុង​សៀវភៅ​មួយ រួច​ផ្ញើ​ទៅ​ជូន​ក្រុម‌ជំនុំ​ទាំង​ប្រាំ‌ពីរ នៅ​ក្រុង​អេភេសូ ក្រុង​ស្មៀរ‌ណា ក្រុង​ពើកា‌ម៉ុស ក្រុង​ធាទេ‌រ៉ា ក្រុង​សើដេស ក្រុង​ភីឡា‌ដិលភា និង​ក្រុង​ឡៅឌី‌សេ»។

12 ខ្ញុំ​ក៏​ងាក​ទៅ​រក​សំឡេង​ដែល​ពោល​មក​កាន់​ខ្ញុំ ពេល​នោះ ខ្ញុំ​ឃើញ​ជើង​ចង្កៀង​មាស​ប្រាំ‌ពីរ។