1 ខ្ញុំឃើញទេវតា*ខ្លាំងពូកែមួយរូបទៀតចុះពីលើមេឃមក មានពពក*ព័ទ្ធជុំវិញខ្លួន មានឆព្វណ្ណរង្សីនៅលើក្បាល មុខលោកដូចព្រះអាទិត្យ ហើយជើងលោកដូចសសរភ្លើង។
2 ដៃលោកកាន់ក្រាំងតូចមួយដែលបើកស្រាប់ លោកដាក់ជើងស្ដាំលើសមុទ្រ ជើងឆ្វេងលើដីគោក។
3 លោកបន្លឺសំឡេងឡើងយ៉ាងខ្លាំងដូចសិង្ហគ្រហឹម ហើយពេលទេវតានោះបន្លឺសំឡេង ផ្គរទាំងប្រាំពីរក៏លាន់ឮឡើងដែរ។
4 ពេលផ្គរលាន់ឮរួចហើយ ខ្ញុំហៀបនឹងសរសេរទុក ស្រាប់តែឮសំឡេងមួយពោលពីលើមេឃមកថា៖ «ចូរលាក់សេចក្ដីដែលផ្គរលាន់ទាំងប្រាំពីរបានថ្លែងនោះឲ្យជិត កុំសរសេរទុកឡើយ»។
5 រីឯទេវតាដែលខ្ញុំបានឃើញឈរលើសមុទ្រ និងលើដីគោកនោះ ក៏លើកដៃស្ដាំឡើងទៅលើមេឃ
6 ហើយស្បថក្នុងព្រះនាមព្រះអង្គដែលមានព្រះជន្មគង់នៅអស់កល្បជាអង្វែងតរៀងទៅ គឺព្រះអង្គដែលបានបង្កើតផ្ទៃមេឃ និងអ្វីៗដែលមាននៅលើមេឃ ផែនដី និងអ្វីៗដែលមាននៅលើផែនដី សមុទ្រ និងអ្វីៗដែលមាននៅក្នុងសមុទ្រ។ ទេវតានោះបានពោលយ៉ាងឱឡារិកថា «គ្មានពន្យារពេលទៀតឡើយ
7 នៅគ្រាណាទេវតាទីប្រាំពីរបន្លឺសំឡេងឡើង គឺនៅពេលលោកចាប់ផ្ដើមផ្លុំត្រែ ព្រះជាម្ចាស់នឹងសម្រេចតាមគម្រោងការដ៏លាក់កំបាំងរបស់ព្រះអង្គ ដូចទ្រង់បានប្រទានដំណឹងល្អទុកជាមុន តាមរយៈពួកព្យាការី* ជាអ្នកបម្រើរបស់ព្រះអង្គ»។