5 រីឯទេវតាដែលខ្ញុំបានឃើញឈរលើសមុទ្រ និងលើដីគោកនោះ ក៏លើកដៃស្ដាំឡើងទៅលើមេឃ
6 ហើយស្បថក្នុងព្រះនាមព្រះអង្គដែលមានព្រះជន្មគង់នៅអស់កល្បជាអង្វែងតរៀងទៅ គឺព្រះអង្គដែលបានបង្កើតផ្ទៃមេឃ និងអ្វីៗដែលមាននៅលើមេឃ ផែនដី និងអ្វីៗដែលមាននៅលើផែនដី សមុទ្រ និងអ្វីៗដែលមាននៅក្នុងសមុទ្រ។ ទេវតានោះបានពោលយ៉ាងឱឡារិកថា «គ្មានពន្យារពេលទៀតឡើយ
7 នៅគ្រាណាទេវតាទីប្រាំពីរបន្លឺសំឡេងឡើង គឺនៅពេលលោកចាប់ផ្ដើមផ្លុំត្រែ ព្រះជាម្ចាស់នឹងសម្រេចតាមគម្រោងការដ៏លាក់កំបាំងរបស់ព្រះអង្គ ដូចទ្រង់បានប្រទានដំណឹងល្អទុកជាមុន តាមរយៈពួកព្យាការី* ជាអ្នកបម្រើរបស់ព្រះអង្គ»។
8 បន្ទាប់មក សំឡេងដែលខ្ញុំបានឮពីលើមេឃនោះ ក៏ពោលមកកាន់ខ្ញុំម្ដងទៀតថា៖ «សូមអញ្ជើញទៅយកក្រាំងតូចបើកស្រាប់ ក្នុងដៃទេវតាដែលឈរលើសមុទ្រ និងលើដីគោកនោះមក»។
9 ខ្ញុំក៏ដើរទៅរកទេវតានោះ ទាំងសុំឲ្យលោកប្រគល់ក្រាំងតូចមកខ្ញុំ។ លោកពោលមកកាន់ខ្ញុំថា៖ «ចូរយកក្រាំងនេះ ហើយបរិភោគវាទៅ។ ក្រាំងនេះនឹងធ្វើឲ្យអ្នកឈឺពោះ តែកាលនៅក្នុងមាត់ វាផ្អែមដូចទឹកឃ្មុំ»។
10 ខ្ញុំក៏ទទួលយកក្រាំងតូចពីដៃទេវតាមកបរិភោគ នៅក្នុងមាត់ខ្ញុំ វាផ្អែមដូចទឹកឃ្មុំ លុះបរិភោគរួចហើយ ខ្ញុំក៏ឈឺពោះ។
11 បន្ទាប់មក មានគេប្រាប់ខ្ញុំថា៖ «អ្នកត្រូវថ្លែងព្រះបន្ទូលសាជាថ្មីទៀត អំពីប្រជាជន អំពីជាតិសាសន៍ អំពីភាសានានា និងអំពីស្ដេចជាច្រើនផង»។